សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជាឱ្យចាប់ខ្លួនយុវជន ២នាក់ ដែលជាអ្នកគាំទ្របក្សប្រឆាំង និងជាមនុស្សស្និទនឹងលោក កឹម សុខា ដោយសម្តេចអះអាងថា នឹងមិនលើកលែងឱ្យពួកគេទាំងពីរឡើយ បើទោះបីជាមានការសុំទោសក្ដី។ ការមិនអធ្យាស្រ័យដោយសម្តេចចាត់ទុកការរិះគន់របស់ពួកគេមានចេតនាដ៏អាក្រក់ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះចេស្តាព្រះមហាក្សត្រ។ លោក គីម ចាន់ចាវ រាយការណ៍
យុវជនទាំងពីរ ដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី២១ ខែមីនានោះ គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាអ្នកគាំទ្រ ដ៏សកម្មរបស់ក្រុមប្រឆាំង។ ពួកបានរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញសកម្មភាពមួយចំនួននៃព្រះរាជពិធីប្រោសប្រទានព្រះអគ្គីជ័យកីឡា នៅខេត្តសៀមរាប។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ានដា នៅព្រឹកថ្ងៃទី២២ ខែមីនានេះសម្តេច ហ៊ុន សែន បានរៀបរាប់ពិស្ដារពីសាររិះគន់របស់អ្នកទាំងពីរតាមហ្វេសប៊ុករៀងខ្លួន។
ក្នុងនោះលោក យឹម ស៊ីណន បានលើកឡើងដោយយោងទៅលើអ្នកអង្គុយផឹកកាហ្វេក្បែរលោកដែលថា «ថ្ងៃនេះយើងអាចឃើញថាអ្នកណាជាស្ដេចផែនដីពិតប្រកដ»។ ចំណែកលោក ហ៊ុន កុសល បានសរសេរថា «ឃើញពួកគេធ្វើបាបព្រះទ័យ និងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្តាក្សត្រ និងព្រះរាជបល្ល័ង្គដែលប្រជារាស្រ្តខ្មែរមិនអាចខ្វះបាន»។
ដោយឡែកសាររបស់លោក ហ៊ុន កុសល ត្រូវបានរក្សាទុកនៅឡើយគិតត្រឹមថ្ងៃទី២២ ខែមីនានេះ ប៉ុន្តែសាររបស់លោក យឹម ស៊ីណនត្រូវបានលុបវិញ ដោយលោកបានជំនួសនូវសារថ្មីមួយភ្លាមៗថា«គ្រាន់តែខ្ញុំបង្ហោះសារដែលជាសំលេងរបស់អ្នកអង្គុយផឹកការហ្វេសោះ បែរជាមានបងប្អូនជាច្រើនគិតប្រៀបធៀបទៅរឿងផ្សេងទៅវិញ។ ដូច្នេះដើម្បីកុំឲ្យមានការយល់ច្រឡំខ្លឹមសារដែលខ្ញុំបានបង្ហោះមុននេះ ខ្ញុំសូមលុបចេញវិញ»។ ការបង្ហោះសារនេះត្រូវបានសម្តេច ហ៊ុន សែន បានចូលទៅតបសារនេះចំនួន៣Comment ថា មិនបាច់លុបទេក្មួយ មានតែព្រះមហាក្សត្រទេដែលព្រះអង្គដឹងច្បាស់។ ភស្តុតាងនៅគ្រប់ទូរទស្សន៍ទាំងអស់មិនអាចបំភ្លៃបានឡើយ។
ទាក់ទងករណីដែលលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល យល់ថានាយករដ្ឋមន្រ្តីវាយស្មើនិងអង្គព្រះមហាក្សត្រនេះ គឺនៅព្រឹកថ្ងៃទី២២ ខែមីនានេះតែម្តងសម្តេច ហ៊ុន សែន បានឆ្លៀតយកវេទិកាប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ានដា ដោយរៀបរាប់បកស្រាយសាច់រឿងនេះដោយបញ្ជាក់ថា គ្រានោះព្រះមហាក្សត្រទ្រង់យាងទៅមុខយឺតៗ ហើយសម្តេច ហ៊ុន សែន ដើរពីក្រោយ ដោយមិនហ៊ានដើរទន្ទឹមព្រះមហាក្សត្រនោះទេ ប៉ុន្តែព្រះអង្គបានមានព្រះបន្ទូលមកកាន់សម្តេច ហ៊ុន សែន ក៏ដើរមកទន្ទឹមអង្គព្រះមហាក្សត្រដើម្បីស្តាប់ព្រះរាជបន្ទូល
សម្តេច ហ៊ុន សែន បញ្ជាក់ច្បាស់ៗថានឹងមិនមានការលើកលែង និងអធ្យាស្រ័យ នោះឡើយ ចំពោះការចេញសារពាក់ព័ន្ធព្រះចេស្តាព្រះមហាក្សត្រតាមទំព័រហ្វេសប៊ុកនេះ។
សម្តេច ហ៊ុន សែន បានថ្លែងថា ការលើកឡើងរឿងនេះមិនមែនជាសម្ពាធទៅកាន់តុលាការនោះឡើយ ហើយការជំនុំជម្រះលើករណីរបស់លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលត្រូវកាត់ក្ដី តែមិនមែនជាការបញ្ចេញមតិនោះទេ។
ជាការកត់សម្គាល់អ្នកទាំងពីរ គឺជាអ្នកគាំទ្របក្សប្រឆាំងយ៉ាងសកម្មហើយស្និតខាងលោក កឹម សុខា។ លោក យឹម ស៊ីណន ធ្លាប់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្ដងរួចមកហើយ ជុំវិញការដឹកនាំចលនាពលករធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅកូរ៉េខាងត្បូង និងធ្លាប់ពាក់ព័ន្ធចលនាវិលចូលស្រុកមិនបានជោគជ័យ(៩ វិច្ឆិកា) របស់លោក សម រង្ស៊ីកាលពីឆ្នាំ២០១៩។ ក៏ប៉ុន្តែលោក យឹម ស៊ីណន ត្រូវបានរួចខ្លួនវិញ ក្រោយការសម្របសម្រួលជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយលោកអាចធ្វើការជាមួយលោក កឹម សុខា បានមួយរយៈមកទល់នឹងពេលតុលាការចេញសាលក្រមកាត់ទោសលោក កឹម សុខា ជាផ្លូវការ៕