មកដល់ពេលនេះ មានរយៈពេលជិត១២ ឆ្នាំហើយ ដែលអតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់ ខណៈលោកកំពុងអានកាសែតនៅតូបលក់កាសែតខាងលិចវត្តលង្ការ។
ដើម្បីរំឭកវិញ្ញាណក្ខន្ធ និងចងចាំនូវគុណូបការៈរបស់លោក ដែលបានដឹកនាំកម្មករទាមទារសិទ្ធិសេរីភាព ក្រុមកម្មករនឹងបំពាក់កម្រងផ្កានៅស្ដូបអនុស្សាវរីយរបស់លោក នៅថ្ងៃ២២ ខែមករា ឆ្នាំ២០១៦ ខាងមុខ។
ប្រធានសហជីពសេរីកម្មករ បានជូនដំណឹងទៅអភិបាលរាជធានីភ្នំពេញ ដើម្បីរៀបចំខួបមរណភាពគម្រប់១២ឆ្នាំរបស់ លោកជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ។
ថ្លែងប្រាប់វិទ្យុស្ដ្រី FM 102 នៃមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះ លោក ជា មុនី ឱ្យដឹងថា ដើម្បីរំឭកវិញ្ញាណក្ខន្ធ និងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់ លោក ជា វិជ្ជា ជាវីរជនឆ្នើមនោះ ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារសាច់ញាតិ មិត្តភក្តិ ចំនួន ១៥០ នាក់ នឹងរៀបចំជួបជុំគ្នាដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨ និង៣០ នាទីព្រឹក នៅទីកន្លែងតម្កល់រូបសំណាករបស់លោក ជា វិជ្ជា ក្បែរវត្តលង្ការ។
លោក ជា មុនី បានឱ្យដឹងបន្ថែមថា កាលពីថ្ងៃទី១៤ ធ្នូ ២០១៥ លោកបានសរសេរលិខិតជូន ដំណឹងមួយទៅសាលារាជធានីភ្នំពេញ ដើម្បីសុំការជួបជុំ និងគោរពវិញ្ញាណក្ខន្ធនោះ។
«ដូចជាឆ្នាំ២០១៤ក្ដី ឆ្នាំ២០១៥ក្ដី ហើយនៅក្នុងឆ្នាំ២០១៦ខាងមុខនេះ គឺយើងសរសេរលិខិត ជូនដំណឹង ជូនដំណឹងទៅសាលារាជធានីភ្នំពេញ អំពីការគោរពវិញ្ញាណក្ខន្ធ នៅកន្លែងស្ដូប ឬ ក៏សំណាកដែលគេបានបាញ់សម្លាប់លោក ជា វិជ្ជា។ អញ្ចឹងកាលពីថ្ងៃទី១៤ ខ្ញុំបានបញ្ជូនលិខិតហ្នឹង ទៅសាលារាជធានីភ្នំពេញហើយ»។
ឆ្លើយតបជុំវិញរឿងនេះដែរ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃនេះ ថា លោកមិនទាន់ទទួលបានលិខិតស្នើសុំរបស់លោក ជា មុនី នៅឡើយទេ។
«អត់ទាន់បានទទួល អត់ទាន់បានទទួលទៀតបាទ»។
គួររំឭកផងដែរថា អតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបលក់កាសែតក្បែរវត្តលង្ការ ខណៈលោកកំពុងអានកាសែត ដូចសព្វដង៕