en     km
en     km

សមត្ថកិច្ចខេត្តកំពង់ធំនិងតាកែវបន្តចាប់បានក្មេងទំនើងគប់កញ្ចក់រថយន្ត ខណៈខេត្តព្រៃវែងប្រកាសបញ្ចូនក្មេងទំនើងទៅតុលាការលែងប្រើវិធានអប់រំទៀតហើយ

Share

ភ្នំពេញ៖ ថ្មីនេះៗសមត្ថកិច្ចស្នងការនគរបាលខេត្តកំពង់ធំនិងខេត្តតាកែវបានបន្តចាប់ឃាត់ខ្លួនបានក្មេងទំនើងករណីគប់កញ្ចក់រថយន្តប្រមាណ ៨នាក់ ក្នុងនោះខេត្តកំពង់ធំចំនួន៧នាក់ និងខេត្តតាកែវម្នាក់ បញ្ចូនទៅតុលាការ។

កាលពីថ្ងៃទី២១ខែមីនាម្សិលមិញស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបង្ហាញមុខក្មេងទំនើងចំនួន០៧នាក់ ដែលធ្វើសកម្មភាពគប់កញ្ចក់រថយន្តរបស់ក្រុមប្រគុំតន្ត្រីតាមកម្មវិធីមង្គលការ បណ្តាលឱ្យរថយន្តបើករេធ្លាក់ផ្លូវធ្វើឱ្យអ្នកបើកបររងរបួសធ្ងន់លើផ្ទៃមុខ ចំណែកអ្នកដំណើរលើរថយន្តរងរបួសស្រាលចំនួន១៧នាក់។

ករណីនេះ ​កើតឡើងនៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ចំណុចវាលគុក ភូមិសំរិត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់​។

រូបភាពពីអគ្គស្នងការនគរបាលជាតិ។

 

ចំណែកករណីនៅខេត្តតាកែវវិញ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងប្រើប្រាស់គ្រឿងញៀនម្នាក់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តពីរករណី កើតឡើងនៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។ ជនសង្ស័យជាក្មេងទំនើងបច្ចុប្បន្នត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។

ដោយឡែកនៅថ្ងៃទី២២ខែមីនានេះតែម្តង ស្នងការនគរបាលខេត្តព្រៃវែងបានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលទាំងអស់ ពេលឃាត់ខ្លួនក្មេងទំនើងបង្កហិង្សាបាន មិនត្រូវអប់រំទៀតនោះទេ គឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។

ការអនុវត្តបទបញ្ជាតឹងរឹងបែបនេះ បើតាមស្នងការនគរបាលខេត្តព្រៃវែង គឺដើម្បីឱ្យយុវជនទាំងអស់បានដឹង ភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ និងដើម្បីបញ្ឈប់អំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ឬ ប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗបន្តទៅទៀត ។

ជាកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ មានករណីក្មេងទំនើងបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តយ៉ាងច្រើន ពិសេសខេត្តតាកែវមានករណីនេះច្រើនជាងគេ។តាមរបាយការណ៍របស់សមត្ថកិច្ចក្មេងទំនើងដែលធ្វើសកម្មភាពគប់កញ្ចក់រថយន្តភាគច្រើនពិនិត្យឃើញមានការប្រើប្រាស់គ្រឿងញៀន៕

 

 

Share

Image
Image
Image