en     km
en     km

មន្ត្រីនាំពាក្យកងទ័ព៖ កម្ពុជាបើកចិត្តចំពោះប្រទេសនានាដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាតែត្រូវគោរពលក្ខខណ្ឌ

Share

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើសមយុទ្ធនាគមាសលើកទី៥ រួមគ្នាចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជាបន្ថែមទៀត។ យ៉ាងណាលោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បញ្ជាក់ថាសមយុទ្ធនាគមាសនេះ  ពុំមែនធ្វើឡើងក្នុងគោលបំណងគំរាមកំហែងដល់នរណា ឬប្រទេសណាឡើយ។ មួយវិញទៀតកម្ពុជាបើកចិត្តចំពោះប្រទេសនានាដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជា តែត្រូវគោរពនូវលក្ខខណ្ឌ។

លោក គីម ចាន់ចាវ

 

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ ថ្លែងពន្យល់បែបនេះក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ដោយបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នានេះគឺជាការគ្រោងទុកជាយូរណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ចិន ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។ លោកបានឲ្យដឹងទៀតថា សមយុទ្ធរួមគ្នានេះ មានកងទ័ពកម្ពុជាចំនួន ៥៨៣នាក់ រួមជាមួយកងទ័ពចិនមានចំនួន ២៥៧នាក់ ដែលសមយុទ្ធនេះមានឈ្មោះថានាគមាស២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន»។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ភាគីកម្ពុជាដែលជាម្ចាស់ផ្ទះ បានសម្រេចធ្វើសមយុទ្ធនេះនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកចាត់ទុកសមយុទ្ធនេះគឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា។ ពិសេសជាងនេះ សមយុទ្ធនេះស្តែងឱ្យឃើញពីកិច្ចសហការរវាងជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។ សមយុទ្ធ កម្ពុជា-ចិន ក៏មានអ្នកសង្កេតការណ៍បរទេសផងដែរ ដែលមកពី១០ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN)។

អ្នកនាំពាក្យរូបនេះបានបើកចិត្តចំពោះប្រទេសនានាដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាដោយបញ្ជាក់ថា ការធ្វើសមយុទ្ធរបស់កម្ពុជាមិនសំដៅតែលើប្រទេសណាមួយទេ គឺកម្ពុជាស្វាគមន៍គ្រប់បណ្ដាប្រទេសទាំងអស់  ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌ និងសំណូមពររបស់កម្ពុជា។

«ទី១សាម៉ីប្រទេសដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាត្រូវតែធ្វើសំណើរមករាជរដ្ឋាភិបាលកម្ពុជា ហើយរាល់ប្រធានបទដែលលើកយកមកនោះគឺត្រូវឱ្យសមស្របគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងច្បាប់អន្តរជាតិ ហើយនឹងមិនមានការគំរាមកំហែង ឬក៏ប្រឆាំងនឹងប្រទេសទី៣ឡើយ។ ទី២ការធ្វើសមយុទ្ធនេះគឺត្រូវតែផ្ដល់និងឆ្លើយតបចំពោះផលប្រយោជន៍កម្ពុជា។ ទី៣ ពេលវេលា និងទីកន្លែងគឺអាស្រ័យទៅលើភាគីកម្ពុជា ជាអ្នកជ្រើសរើស។ និងទី៤ រាល់ការចំណាយលើសមយុទ្ធទាំងមូលគឺសាម៉ីប្រទេសដែលបានដាក់ពាក្យសុំនោះ ត្រូវតែជួយចំណាយទៅលើការធ្វើសមយុទ្ធនេះ»។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមានបានចំនួន៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ ២០២១ និងឆ្នាំ២០២២ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

Share

Image
Image
Image