ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបានរិះគន់ចំៗលើប្រធានាធិបតីអាមេរិក លោក Joseph Biden ដែលអនុម័តឱ្យអនុវត្តគម្រោងខួងយកប្រេងនៅរដ្ឋអាឡាស្កា កាលពីថ្ងៃចន្ទសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។
បាតុករមួយក្រុមបានបង្កភាពវឹកវរនៅមុខសេតមានសហរដ្ឋអាមេរិក អំឡុងពេលដែលរដ្ឋមន្រ្តីអាកាសធាតុ លោក Ali Zaidi កំពុងថ្លែងសុន្ទរកថាក្នុងកម្មវិធីស្តីពី «អនាគតនៃអាកាសធាតុ និងថាមពលរបស់សហរដ្ឋអាមេរិក»។ ក្នុងនោះ បាតុករបាននាំគ្នាលើកបដាដែលសរសេរថា «បញ្ឈប់ការខួងយកប្រេង» រួចស្រែកខ្លាំងៗ ក្នុងគោលបំណងឱ្យលោក Joe Biden រក្សាសន្យារបស់ខ្លួនថា មិនមានការខួងយកប្រេងធម្មជាតិណាមួយបន្ថែមទៀត។
តួយ៉ាង ពួកគេបានរិះគន់ លោក Joe Biden ចំពោះការរំលោភលើការសន្យានៃយុទ្ធនាការមួយដើម្បីបញ្ចប់ការខួងយកប្រេងធម្មជាតិថ្មីបន្ថែមនៅលើដីសហព័ន្ធ រួមទាំងការសម្រេចចិត្តនាពេលថ្មីៗនេះ ដើម្បីអនុម័តកំណែទម្រង់នៃការខួងយកប្រេង និងឧស្ម័ន ConocoPhillips ក្នុងគម្រោង Willow ដែលស្ថិតក្នុងរដ្ឋអាឡាស្កា។
លោក Reilly Haught ជាបាតុករមួយរូប វ័យ ២៣ ឆ្នាំ បានប្រាប់សារព័ត៌មានរ៉យទ័រថា គម្រោងនេះនឹងប៉ះពាល់ដល់អាកាសធាតុយ៉ាងខ្លាំង ដោយសារតែវានឹងបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន។
លើសពីនេះ បើតាមកាសែត The Guardian បានឱ្យដឹងថា អ្នកបរិស្ថាន និងសហគមន៍ដើមនៅរដ្ឋអាឡាស្កាមួយចំនួន បានជំទាស់នឹងផែនការនេះ ពីព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់សត្វព្រៃ ពន្លឿនការបំផ្លិចបំផ្លាញអាកាសធាតុ និងបំផ្លាញសន្តិសុខស្បៀងអាហារជាដើម៕
ប្រភព៖ Reuters ចុះថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣