វ៉ាស៊ីនតោន៖ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទទី២០ មីនា បានរាយបញ្ជី “បញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ” នៅក្នុងប្រទេសឥណ្ឌា ដែលបានធ្វើទៅលើជនជាតិភាគតិច ការរើសអើងសាសនា ក្រុមអ្នកប្រឆាំង និងអ្នកកាសែត។
ការរកឃើញនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកកំពុងតាមដានករណីរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសឥណ្ឌាដោយរដ្ឋាភិបាល ប៉ូលីស និងមន្ត្រីពន្ធនាគារ ។ ការរិះគន់ប្រទេសឥណ្ឌាពីសំណាក់សហរដ្ឋអាមេរិកគឺជាករណីកម្រណាស់ ដោយសារទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងការទប់ទល់នឹងប្រទេសចិននៅក្នុងតំបន់។
បញ្ហាសិទ្ធិមនុស្សសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា មានការធ្វើទារុណកម្ម ឬប្រព្រឹត្តិអំពើឃោរឃៅ អមនុស្សធម៌ដោយប៉ូលីស និងមន្ត្រីពន្ធនាគារ និងការសម្លាប់ក្រៅប្រព័ន្ធតុលាការផងដែរ។ ក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិកបានបន្ថែមថា មានការចាប់ខ្លួន ឬការកាត់ទោសដោយអយុត្តិធម៌ចំពោះអ្នកកាសែត។
ក្រុមអ្នកតស៊ូមតិបង្ហាញក្ដីព្រួយបារម្ភនូវអ្វីដែលពួកគេមើលឃើញថាស្ថានភាពសិទ្ធិមនុស្សកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata របស់នាយករដ្ឋមន្ត្រី Narendra Modi ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា គោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាលឥណ្ឌាផ្តោតលើជនមូស្លីម ខណៈអ្នករិះគន់លោក ម៉ូឌី និយាយថា គណបក្សកាន់អំណាចជាតិនិយមហិណ្ឌូរបស់គាត់ បានជំរុញឱ្យមានការរើសអើងសាសនា តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១៤។
រដ្ឋាភិបាលឥណ្ឌាបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា គោលនយោបាយរបស់ខ្លួនគឺសំដៅលើការអភិវឌ្ឍសហគមន៍ទាំងអស់។នៅឆ្នាំ ២០២២ អាជ្ញាធរក៏បានវាយកម្ទេចចោលនូវអ្វីដែលពួកគេពិពណ៌នាថាជាហាងលក់ទំនិញ និងទ្រព្យសម្បត្តិខុសច្បាប់ ដែលភាគច្រើនជាកម្មសិទ្ធិរបស់ជនមូស្លីម នៅក្នុងប្រទេសឥណ្ឌា។ ក្រុមអ្នករិះគន់និយាយថាការវាយកម្ទេចនេះ គឺជាការប៉ុនប៉ងបំភិតបំភ័យដល់ជនមូស្លីមចំនួន ២០០ លាននាក់រស់នៅប្រទេសឥណ្ឌា។ រដ្ឋាភិបាលបានថ្លែងការពារការសកម្មភាពទាំងនេះដោយនិយាយថាពួកគេកំពុងអនុវត្តច្បាប់។ របាយការណ៍របស់សហរដ្ឋអាមេរិកបានចេញផ្សាយកាលពីថ្ងៃចន្ទទី២០ មីនា បានបន្ថែមថា “សកម្មជនសិទ្ធិមនុស្សបានរាយការណ៍ថារដ្ឋាភិបាលបានកំណត់គោលដៅលើអ្នករិះគន់ចេញពីសហគមន៍មូស្លីម និងប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគេ” ដោយគ្មានការជូនដំណឹងនឹងផ្ដល់សំណងត្រឹមត្រូវ។ ចាប់តាំងពីលោកនាយករដ្ឋមន្រ្តី Modi ចូលកាន់តំណែងនៅឆ្នាំ ២០១៤ ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសឥណ្ឌាបានធ្លាក់ចុះពីចំណាត់ថ្នាក់ទី ១៤០ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ដែលជាចំណាត់ថ្នាក់ប្រចាំឆ្នាំធ្វើដោយអង្គការអ្នករាយការណ៍គ្មានព្រំដែនដែលមិនរកប្រាក់ចំណេញមកនៅចំណាត់ថ្នាក់ទី ១៥០ កាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន។ ក្រុមឃ្លាំមើលការតស៊ូមតិតាមអ៊ីនធឺណិត Access Now បាននិយាយថា ប្រទេសឥណ្ឌាក៏ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមប្រទេសនានានៅលើពិភពលោកដែលបានបិទអ៊ីនធឺណិត ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា រួមទាំងនៅឆ្នាំ២០២២ផងដែរ។ របាយការណ៍របស់សហរដ្ឋអាមេរិកបាននិយាយថា “អង្គការសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភថាជួនកាលរដ្ឋាភិបាលកណ្តាលឥណ្ឌាបានប្រើច្បាប់ការពារសកម្មភាពខុសច្បាប់ ដើម្បីឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងអ្នកកាសែត” ។
ប្រភព៖ Reuters ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣