អង្គព្រះមហាក្សត្រកម្ពុជាបានព្រះរាជប្រទានភ្លើងជ័យកីឡា សម្រាប់ព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅមុខប្រាសាទអង្គរវត្ត ចំពេលដែលទឹកដីអង្គនៃខេត្តសៀមរាបមានសមរាត្រីថ្ងៃដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ជាថ្ងៃដែលព្រះមហាក្សត្រនៃកម្ពុជា ព្រះបាទនរោត្តម សីហមុនី ព្រះប្រទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងឈានមកដល់នៅខែ ឧសភា ២០២៣ខាងមុខនេះ។
ពិធីសុំភ្លើងជ័យកីឡាពីព្រះអាទិទេពនេះ ត្រូវគ្នានិងថ្ងៃព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត ដែលគេហៅថា សមរាត្រីរដូវប្រាំង ហើយក៏ជាកន្លែងតែមួយដែលកំណត់យករវាងបាតុភូតដ៏អស្ចារ្យនេះ និងការរៀបចំសុំភ្លើងជ័យ។
ពេលវេលាមានព្រឹត្តិការណ៍សមរាត្រី ក្រសួងទេសចរណ៍ឱ្យដឹងថា ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់បានចូលរួមទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ តែសម្រាប់ព្រឹត្តិការណ៍នៅថ្ងៃនេះ ក្រសួងមិនទាន់ចេញរបាយការណ៍ចំនួនភ្ញៀវនៅឡើយទេ។
យ៉ាងណាសម្រាប់ពិធីសុំភ្លើងជ័យកីឡាវិញ ព្រះមហាក្សត្របានដុតភ្លើងជ័យរួចរាល់ហើយ កាលពីព្រឹកមិញនេះ ខាងមុខប្រាសាងអង្គរ នៃទឹកដីខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល។
បន្ទាប់ពីព្រះរាជពិធីសុំព្រះអគ្គីអាទិទេពកីឡា ភ្លើងជ័យនឹងត្រូវរក្សាក្នុងចង្កៀងពិសេសមួយក្នុងវត្តរាជបូណ៌ ដើម្បីរង់ចាំពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ បើតាមការរៀបចំ របស់គណៈកម្មការអូឡាំពិកបញ្ជាក់ថា ភ្លើងជ័យនេះនឹងត្រូវចេញពីខេត្តសៀមរាប នាល្ងាចថ្ងៃទី២២ ខែមីនា ស្អែកនេះ ឆ្ពោះទីក្រុងហាណូយ ប្រទេសវៀតណាម មុនគេ ហើយដង្ហែឆ្លងកាត់ប្រទេសជាបន្ដបន្ទាប់ រហូតដល់ប្រទេសឡាវក្រោយគេ មុនត្រឡប់ចូលមកកម្ពុជាវិញ។
ពេលមកកម្ពុជា តំណាង CAMSOC និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងត្រូវទទួលព្រះអគ្គីកីឡា ហើយដង្ហែ មកទុកនៅខេត្តស្ទឹងត្រែងមួយយប់ មុនបន្ដដំណើរមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមេសា ។ រាល់ការឈប់សម្រាកនៅប្រទេស ឬរាធានី-ខេត្តនីមួយៗ ចង្កៀងព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សានៅស្ថានទូត ឬទីវត្តអារាម យ៉ាងត្រឹមត្រូវបំផុត ។
ពេលមកដល់ភ្នំពេញ ព្រះអគ្គីកីឡា ត្រូវហែរតាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាផ្លូវការតែម្ដង។
សូមជម្រាបថា ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡា មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា។
លើសពីនេះ ព្រះអគ្គីកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សហគមន៍សន្ដិភាព និងវាសនាតែមួយ” ។
គួរជម្រាបដែរថា នៅសល់តែ៤៥ ថ្ងៃទៀតតែប៉ុណ្ណោះ ព្រឹត្តិការណ៍ជាលើកដំបូងលើទឹកដីកម្ពុជានេះ និងឈានមកដល់ហើយ ក្រោយរងចាំអស់៦០ឆ្នាំ៕