ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ស្ថាប័នពាក់ព័ន្ធមួយចំនួនរួមមានក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី រួមជាមួយអង្គការដៃគូផ្សេងទៀតបានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៃតាមដានការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំក្នុងឆ្នាំ២០២២ ក្រុមការងារបានពិនិត្យឃើញថា ការរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ដើម្បីបង្ហាញពីវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈម នៃការតាមដានការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តីរយៈពេល១ឆ្នាំ (ឆ្នាំ២០២២)។
ជាងនេះកិច្ចប្រជុំនេះ រៀបចំឡើងក៏ដើម្បីកំណត់វិធានការ ឬសកម្មភាពរួមគ្នាសម្រាប់ឆ្នាំ២០២៣ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានឱ្យបានកាន់តែទូលំទូលាយ និងផ្លាស់ប្តូរឥរិយាបថរបស់ពួកគាត់ឆ្លើយតបនឹងក្រមប្រតិបត្តិ ជាពិសេសចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
សូមជម្រាប់ជូនថា ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសរួមស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី កាលពីក្នុងខែកក្កដា ឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការយកករណីហិង្សាលើស្រ្តីធ្វើជាព័ត៌មានសម្រាប់កំសាន្តសប្បាយ ឬកំប្លុកកំប្លែង និងកែប្រែឥរិយាបថសង្គមក្នុងការលុបបំបាត់អំពើហិង្សាលើស្រ្តី។
តាមសេចក្តីព្រាងខ្លឹមសារគន្លឹះដែលវិទ្យុស្រ្តីទទួលបាន បានឱ្យដឹងថា កន្លងមក និងជាបន្តបន្ទាប់ ស្ថាប័នពាក់ព័ន្ធតែងជំរុញ និងលើកទឹកចិត្តឱ្យមានការអនុវត្តតាមសេចក្តីប្រកាសរួមនេះ។ ជាងនេះក្រសួងកិច្ចការនារីនិងដៃគូពាក់ព័ន្ធ បានរៀបចំកម្មវិធីនិងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី ដល់បណ្តាញសារព័ត៌មាន ពិធីករ ពិធីការនី អ្នកនិពន្ធ និស្សិតសារព័ត៌មាន និងមន្ទីរកិច្ចការនារីខេត្ត បានចំនួន ៦លើក និងមានអ្នកចូលរួមសរុប ៥៧៥នាក់ (ស្រ្តី ៤៤៥នាក់)។
បន្ថែមលើនេះ ក្រសួងកិច្ចការនារី ក៏បានបង្កើតជាផ្លូវការនូវក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី កាលពីឆ្នាំ២០២០ និងចាប់ផ្តើមដំណើរការរបស់ខ្លួន តាមរយៈការរៀបចំកិច្ចប្រជុំនិងពិភាក្សាការងារផ្សេងៗ។
ក្នុងនោះទី១៖ មានការរាយការណ៍អំពីលទ្ធផលការងារពាក់ព័ន្ធសំខាន់ៗ ទី២.ការឯកភាពប្រើប្រាស់ឧបករណ៍តាមដានការអនុវត្តឆ្លើយតបនឹងក្រមប្រតិបត្តិ ទី៣.ការរៀបចំគំនិតផ្តួចផ្តើមថ្មីៗក្នុងការជំរុញញការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍អំពើហិង្សាលើស្រ្តី។ ទន្ទឹមនឹងនេះនៅក្នុងឆ្នាំ២០២២ ក្រុមការងារបានរៀបចំកិច្ចប្រជុំ ចំនួន៤ដង និងបានរៀបចំ ផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានពីលទ្ធផលដែលបានរកឃើញ និងវិធានការជាវិជ្ជមានចំនួន៤ដង ហើយបានសហការជាមួយវិទ្យុស្រ្តីនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជារៀបចំកិច្ចពិភាក្សា ចំនួន ៤ដងផងដែរ៕