en     km
en     km

កូរ៉េ​ខាង​ជើងបានបាញ់​មីស៊ីលគំរាម​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ជុំវិញការធ្វើសមយុទ្ធរបស់ប្រទេសទាំងពីរ​

Share

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបង្ហោះគ្រាប់មីស៊ីលនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងគំរាមកំហែង និងថ្កោលទោសដល់ប្រទេសកូរ៉េខាងត្បូង​ និងអាមេរិក ចំពោះការធ្វើសមយុទ្ធយោធារវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែមីនា​ ឆ្នាំ២០២៣។

ប្រទេសកូរ៉េខាងជើងបានបង្ហោះគ្រាប់មីស៊ីលអន្តរទ្វីបបាលេស្ទីក Hwasong-17 ចូលទៅក្នុងសមុទ្រចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន ខណៈដែលយោធារបស់អាមេរិក និងយោធាកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធទប់ទល់នឹងភាពចលាចលដែលបង្កឡើងដោយប្រទេសកូរ៉េខាងជើង។

ដោយឡែក នៅក្នុងថ្ងៃដដែល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានធ្វើទស្សនកិច្ទទៅកាន់ប្រទេសជប៉ុន ដែលជាការចាប់ដៃគ្នាសារជាថ្មី ដើម្បីលុបចោលជម្លោះពាណិជ្ជកម្ម និងងាកមកធ្វើទំនាក់ទំនងការទូត​ ជាពិសេសពិភាក្សារកដំណោះស្រាយទប់ទល់នឹងប្រទេសកូរ៉េខាងជើង។

យ៉ាងណាមិញ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយថា សមយុទ្ធបាញ់បង្ហោះមីស៊ីល​នេះ ជាយុទ្ធសាស្ត្រមួយរបស់ប្រទេសកូរ៉េខាងជើងក្នុងការព្រមាន ដាក់សម្ពាធ និងបង្កើនភាពតានតឹងក្នុងឧបទ្វីបកូរ៉េដោយចេតនា។

លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ប្រើប្រាស់សមយុទ្ធយោធាដើម្បីបង្កើនភាពតានតឹងមកលើប្រទេសខ្លួន។ ក្នុងនោះដែរ ប្រទេសចិនក៏បានស្តីបន្ទោសសហរដ្ឋអាមេរិកថា រឿងរ៉ាវទាំងនេះបណ្តាលមកពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើនសម្ពាធលើទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា កងកម្លាំងកូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្តើមសមយុទ្ធរួមគ្នាកាលពីថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ ដោយដាក់ឈ្មោះថា “Freedom Shield 23” ធ្វើឡើងក្នុងកម្រិតមួយដែលមិនធ្លាប់មានតាំងពីឆ្នាំ២០១៧ ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់ប្រទេសកូរ៉េខាងជើង៕

ប្រភព៖ Reuters ចុះថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image