ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិដែលបានដឹកនាំសមាជិកមួយចំនួនចូលរួមកិច្ចប្រជុំពេញអង្គនៃសភាអឺរ៉ុបពីទីក្រុងស្កាស្បួរ(Strasbourg) ប្រទេសបារាំងបានឱ្យដឹងថា កាលពីថ្ងៃ ១៦ មីនាម្សិលមិញ សមាជិកសភាអឺរ៉ុបច្រើនលើសលប់បានបោះឆ្នោតគាំទ្រឱ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ ជាមួយនោះក៏តម្រូវឱ្យដោះលែងមន្ត្រី និងសកម្មជនគណបក្សប្រឆាំងទាំងអស់ដែលត្រូវបានកាត់ទោស ឬឃុំខ្លួន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនយោបាយផងដែរ។
សំឡេងឆ្នោតគាំទ្រពីសមាជិកសភាអឺរ៉ុបស្តីពីប្រទេសកម្ពុជា បានបោះគាំទ្រឱ្យដោះលែងលោក កឹម សុខា ៤៩៦ សំឡេង តែមាន ១១ សំឡេងផងដែរដែលមិនយល់ស្របឱ្យដោះលែងលោក កឹម សុខា និងមាន៣៦ សំឡេងទៀតបោះអនុបវាទ។
មេបក្សប្រឆាំងរត់នៅនិរទេសខ្លួនទៅក្រៅប្រទេសរូបនេះ បានបង្ហោះវីដេអូលើនៃការថ្លែងរបស់ខ្លួននិងក្រុមការងារលើហ្វេសប៊ុក ដោយចាត់ទុកការគាំទ្ររបស់សមាជិកសភាអឺរ៉ុបថា ជាចលករនាំផ្លូវឱ្យគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញ។ លោកសង្កត់ធ្ងរថា សំឡេងគាំទ្រនេះឆ្លុះបញ្ចាំងពីការគាំទ្រកម្លាំងប្រជាធិបតេយ្យនៅកម្ពុជា ហើយប្រជាពលរដ្ឋខ្មែរនឹងបានជួបពន្លឺនៃសិទ្ធិសេរីភាពពិតប្រាដក។
ប្រសាសន៍លោក សម រង្ស៊ី៖
ក្រៅពីនេះ សភាអឺរ៉ុបព្រមានរដ្ឋាភិបាលកម្ពុជា ពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបន្តទៀត នៅក្រោយការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ បើសិនណាការបោះឆ្នោតប្រព្រឹត្តទៅមិនស្របតាមស្តង់ដារអន្តរជាតិ ឬនៅតែមានការបន្តរំលោភសិទ្ធិមនុស្ស។
វិទ្យុស្រ្តីពុំទាន់អាចសុំការឆ្លើយតបពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបាននៅឡើយទេនៅព្រឹកនេះដោយលោកជាប់រវល់ប្រជុំ។
លទ្ធផលនៃកិច្ចប្រជុំពេញអង្គការរបស់សភាអឺរ៉ុបស្តីពីកម្ពុជាក៏បានទាមទារឱ្យអាជ្ញាធរកម្ពុជា បញ្ឈប់រាល់ទម្រង់នៃការយាយីលើសមាជិកនៃគណបក្សប្រឆាំង សហជីព អ្នកការពារសិទ្ធិមនុស្ស សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ការទាមទារនេះ ខណៈដែលស្ថាប័នសារព័ត៌មាន VOD ត្រូវបានរដ្ឋាភិបាលបិទចោល កាលពីខែកុម្ភៈ ហើយសកម្មជននយោបាយនិងសិទ្ធិមនុស្សនានាកំពុងជាប់ឃុំក្នុងពន្ធនាគារនៅឡើយ។
សូមរំលឹកថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឱ្យមានទោស២៧ឆ្នាំនិងដកសិទ្ធិធ្វើនយោបាយនានាដោយអនុវត្តទោសនៅក្នុងផ្ទះ។
ភ្លាមៗនោះទូតប្រទេសលោកសេរីមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពនេះថា បានធ្វើឱ្យនាវាកម្ពុជាឃ្លាតចាកឆ្ងាយចេញពីគន្លងប្រជាធិបតេយ្យ៕