នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាទម្លាក់ចោលនូវជម្លោះពាណិជ្ជកម្មបែបបច្ចេកវិទ្យាទំនើប ដែលកើតមានឡើងអស់រយៈពេលជិតបួនឆ្នាំកន្លងមកនេះ។ នេះជាសញ្ញាមួយបង្ហាញថា ប្រទេសទាំងពីរមានគោលបំណងផ្សះផ្សាទំនាក់ទំនង ដែលធ្លាប់ល្អក់កករតាំងពីសម័យជប៉ុនឈ្លានពានទឹកដីកូរ៉េខាងត្បូង។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសប្រាប់មហាជនអំពីការបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។ ការប្រកាសនេះធ្វើឡើងក្នុងអំឡុងពេលលោកប្រធានាធិបតីកូរ៉េខាងត្បូងចុះទស្សនកិច្ចនៅប្រទេសជប៉ុននាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ។
តាមប្រភពសារព័ត៌មានដដែលបានបញ្ជាក់ថា នេះជាលើកទីមួយក្នុងរយៈពេល១២ឆ្នាំចុងក្រោយ ដែលប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ខណៈប្រទេសទាំងពីរកំពុងស្វែងរកចំណុចរួមមួយក្នុងការសហការគ្នាទប់ទល់ និងប្រឆាំងនឹងភាពតានតឹងនៅក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon បានរំពឹងយ៉ាងមុតមាំថា លោកនឹងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ជាពិសេសមេដឹកនាំទាំងពីរកំពុងរៀបចំយន្តការ ដើម្បីចាប់ផ្តើមកិច្ចសន្ទនាសន្តិសុខទ្វេភាគីសារឡើងវិញ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK ។
ដោយឡែក ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបាននិយាយថា ប្រទេសជប៉ុននឹងបើកនាំចេញនូវផលិតផលក្នុងស្រុកជាច្រើនយកមកលក់ឱ្យប្រទេសកូរ៉េខាងត្បូងដែលមាននូវសម្ភារៈសំខាន់ៗដូចជា អេក្រង់ស្មាត
ហ្វូន និងបន្ទះឈីប ខណៈទីក្រុងសេអ៊ូលនឹងទម្លាក់ពាក្យបណ្តឹងរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងទីក្រុងតូក្យូ។
គួរបញ្ជាក់ថា មុនពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អញ្ជើញមកដល់ទឹកដីជប៉ុន ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលបានធ្លាក់ក្នុងសមុទ្ររវាងឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។
សូមរំលឹកថា ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងនេះ បានញាំញីអស់ជាច្រើនទស្សវត្សមកហើយ ដោយសារប្រវត្តិសាស្រ្តដ៏ព្រៃផ្សៃ។ ប្រទេសកូរ៉េខាងត្បូងត្រូវបានជប៉ុនដាក់អាណានិគមពីឆ្នាំ១៩១០រហូតដល់ចប់សង្គ្រាមលោកលើកទី២។ ក្នុងនោះ ទាហានជប៉ុនបានបង្ខំប្រជាជនកូរ៉េរាប់សែននាក់ឱ្យធ្វើការក្នុងអណ្តូងរ៉ែ និងរោងចក្ររបស់ខ្លួន ជាពិសេសពួកគេបានចាប់ស្ត្រីកូរ៉េឱ្យធ្វើជាទាសករផ្លូវភេទ៕
ប្រភព៖ Reuters ចុះថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣