ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបើកបង្ហាញដោយចំហនូវដំណើរការសាងសង់កំពង់ផែសម្រាប់កងទ័ពជើងទឹក និងកំពង់ផែសម្រាប់ចូលចតនាវាដឹកទំនិញធំៗក្នុងផែនសមុទ្រកម្ពុជា។
ការថ្លែងលើកឡើងរបស់សម្តេច ហ៊ុន សែន នៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣ ពីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ(BBU)សរុបប្រមាណ ៤៥០០នាក់នេះ ជាការឆ្លើយតបនឹងការចោទប្រកាន់ពីមជ្ឈដ្ឋានមួយចំនួនដែលតែងចោទកម្ពុជាថា ផ្តល់មូលដ្ឋានកងទ័ពបរទេសនៅទឹកដីកម្ពុជា។
នាយករដ្ឋមន្រ្តីកម្ពុជាអះអាងថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ដើម្បីពង្រឹងសមត្ថភាពកងទ័ពខ្លួន សំដៅដល់ការរក្សាសន្តិសុខនៅដែនសមុទ្រកម្ពុជា។ ប៉ុន្តែសម្តេចអះអាងថា កម្ពុជាមិនអនុញ្ញាតផ្តល់សិទ្ធិដល់បរទេសដាក់មូលដ្ឋានកងទ័ពនៅកម្ពុជាឡើយ។
សម្តេចចាត់ទុកការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់មកលើកម្ពុជាដែលថា កម្ពុជាព្រមព្រៀងជាសម្ងាត់ជាមួយចិន ដើម្បីបើកឱ្យមានការសង់មូលដ្ឋានទ័ពចិននៅឆ្នេរសមុទ្ររាម គឺជាការជ្រៀតជ្រែកបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។
ប្រសាសន៍របស់សម្តេច ហ៊ុន សែន ៖
ការបញ្ជាក់ដោយបើកចំហរជាថ្មីទៀតនេះ បន្ទាប់ពីសម្តេចបានទទួលព័ត៌មានបន្ថែមទៀតពីការបង្ហាញពីសកម្មភាពសាងសង់កំពង់ផែរាម ដែលកាសែតអាមេរិកធ្លាប់បានផ្សាយពីកិច្ចព្រមព្រៀងសម្ងាត់រវាងកម្ពុជានិងចិនដើម្បីបើកឱ្យមានការសង់មូលដ្ឋានទ័ពចិននៅឆ្នេរសមុទ្ររាមរបស់កម្ពុជា។
កាលពីខែកក្ដដាឆ្នាំ២០១៩ កាសែតអាមេរិក The Wall Street Journal បានរាយការណ៍មុនគេបង្អស់ អំពីកិច្ចព្រមព្រៀងសម្ងាត់រវាងកម្ពុជានិងចិន ដោយស្រង់សម្តីមន្ត្រីយោធាដោយមិនបញ្ចេញឈ្មោះ។ កាសែតកាមេរិកឱ្យដឹងថាកិច្ចព្រមព្រៀងនេះ នឹងបើកដៃឱ្យចិនប្រើប្រាស់មូលដ្ឋានយោធារបស់កម្ពុជារហូតដល់៣០ឆ្នាំ ហើយផ្ដល់សិទ្ធិឱ្យចិនក្នុងការសាងសង់សំណង់អគារនានាក្នុងមូលដ្ឋានទ័ពជើងទឹករាមដែលមានផៃ្ទដីប្រមាណជាង១០០ហិតា។
គ្រានោះ ប្រទេសចិននិងកម្ពុជាបានច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ហើយរដ្ឋាភិបាលកម្ពុជាបានហៅសេចក្តីរាយការណ៍នោះថា ជា«ព័ត៌មានក្លែងក្លាយ» និងជា«ព័ត៌មានដែលមានបំណងអាក្រក់» ប្រឆំាងនឹងរដ្ឋាភិបាលកម្ពុជា។
កាសែត The Wall Street Journal ដែលបានស្រង់សម្តីមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា កិច្ចព្រមព្រៀងជាសេចក្តីព្រាងនោះនឹងអនុញ្ញតឲ្យប្រទេសចិនប្រើកំពង់ផែកម្ពុជាជាមូលដ្ឋាន ដើម្បីដាក់កងទ័ព ផ្ទុកសព្វាវុធ និងកន្លែងចតនាវាជាដើម៕