en     km
en     km

រដ្ឋមន្រ្តីហិរញ្ញវត្ថុ​ថៃ​និយាយ​ថាការដួលរលំ​ធនាគារ​អាមេរិក​មិនទាន់មាន​​ផល​ប៉ះ​ពាល់​ដល់​ប្រទេស​ថៃ​ទេ​

Share

 

បាងកក៖ យោងតតាមការចុះផ្សាយរបស់ C N A រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃបាននិយាយនៅពីថ្ងៃពុធទី១៥ មីនា ២០២៣ថា បញ្ហាធនាគារមួយចំនួននៅសហរដ្ឋអាមេរិក មិនមានផលប៉ះពាល់ដល់ប្រទេសថៃទេរហូតមកដល់ពេលនេះ។

 

លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃបានប្រាប់អ្នកយកព័ត៌មានថា ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការ ប្រសិនបើការប្រែប្រួលជាសកលប៉ះពាល់ដល់សេដ្ឋកិច្ច ឬប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសថៃ។លោកបាននិយាយថា “ការវាយតម្លៃចុងក្រោយរបស់យើង មិនទាន់មានផលប៉ះពាល់អ្វីនោះទេ។ទីផ្សារមូលបត្រនៅOK។វិបត្តិធនាគារនៅសហរដ្ឋអាមេរិកមិនទាន់មានផលប៉ះពាល់ណាមួយមកលើយើងនៅឡើយទេ”។

លោករដ្ឋមន្រ្តី Arkhom បាននិយាយថា ទោះជាយ៉ាងណាក៏ដោយវាបានធ្វើឱ្យអ្នកវិនិយោគភាគហ៊ុនមាន អារម្មណ៍មិនល្អ ប៉ុន្តែទីផ្សារភាគហ៊ុនថៃកំពុងងើបឡើងវិញនៅថ្ងៃពុធទី១៥ មីនា ២០២៣។សន្ទស្សន៍ហ៊ុនថៃសំខាន់ៗមានការកើនឡើង ២.៥ %នៅពេលថ្ងៃត្រង់ ថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ចុះជាង ៣%កាលពីថ្ងៃអង្គារ ដែលជាការធ្លាក់ចុះខ្លាំងបំផុតតែមួយថ្ងៃក្នុងរយៈបីឆ្នាំ ខណៈដែលទីផ្សារភាគហ៊ុនពិភពលោកបានធ្លាក់ចុះ។

លោកArkhomបាននិយាយថាស្ថាប័នហិរញ្ញវត្ថុថៃមិនមានប្រតិបត្តិការដោយផ្ទាល់ជាមួយធនាគារអាមេរិកដែលមានបញ្ហានោះទេ។លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ចេញនូវវិធានការចាំបាច់ប្រសិនបើមានផលប៉ះពាល់ណាមួយមកលើប្រទេសថៃពីការប្រែប្រួលជាសកល ទោះបីស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចាំផ្ទះក៏ដោយ។

នាយករដ្ឋមន្ត្រីថៃ Prayuth Cha-ocha ត្រូវគេរំពឹងថានឹងរំលាយសភានៅសប្តាហ៍ក្រោយ មុនពេលអាណត្តិរបស់រដ្ឋាភិបាលត្រូវបញ្ចប់។ ការ​បោះ​ឆ្នោត​ទូទៅនៅប្រទេសថៃ​ត្រូវ​បាន​គ្រោង​ទុក​នៅ​ខែ​ឧសភា។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា លោក Prayuth មានទំនុកចិត្តលើហិរញ្ញវត្ថុថៃថាមានភាពរឹងមាំនឹងអាចទប់ទល់នឹងការប្រែប្រួលសេដ្ឋកិច្ចជាសកល។លោកបានណែនាំភ្នាក់ងារពាក់ព័ន្ធឱ្យតាមដានស្ថានការណ៍នេះឱ្យបានដិតដល់ និងធានាស្ថិរភាពសេដ្ឋកិច្ចថៃ៕

ប្រភព៖ C N A ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image