en     km
en     km

ជំងឺឬសដូងបាត នៅក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ!

Share

ជំងឺឬសដូងបាត កើតនៅលើស្ត្រីមានផ្ទៃពោះប្រមាណពី ៨% ទៅ ៣៨%។ បន្ទាប់ពីសម្រាលហើយមានប្រមាណ ២០% នៃស្ត្រីដែលនឹងអាចមានរោគសញ្ញានៃជំងឺនេះ។

តាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ជំងឺឬសដូងបាត ជាបណ្តុះសរសៃរឈាមដែលស្ថិតនៅរន្ធបាត ដែលជាធម្មតាមានសរសៃឈាមក្រហម៣ ដែលបង្កើតបានជាដុំចំនួន៣ដែរ។ នៅពេលដែលឬសដូងបាតខាងក្នុងរីក វានឹងរមួលនៅម្តុំសាច់ដុំខ្ចឹបគូថ ដែលវានឹងឡើងហើម និងងាយហូរឈាម។

 

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

តើកត្តាអ្វីខ្លះ ដែលបណ្តាលឲ្យមានជំងឺឬសដូងបាត ក្នុងពេលមានផ្ទៃពោះ?

តាមមន្ទីរកាល់ម៉ែតដដែល បានបង្ហាញថា កត្តាប្រឈម ដែលត្រូវបានបញ្ជាក់ឲ្យមានជំងឺឬសដូងបាតក្រោយសម្រាលមានដូចជា ស្រ្តីភាពលំបាកក្នុងការបត់ជើងទល់លាមក ការសម្រាលយឺតពេល ទារកធំពេក និងពិបាកសម្រាល សុទ្ធតែជាកត្តាប្រឈមដែលនាំឲ្យមានជំងឺឬសដូងបាតផ្នែកខាងក្រៅ។  ស្រ្តីមានជំងឺឬសដូងបាតផ្នែកខាងក្រៅត្រឹមតែ៤%ប៉ុណ្ណោះ កើតមានលើស្រ្តីដែលសម្រាលដោយការវះកាត់ ធៀបនឹង ក្រោយការសម្រាលដោយធម្មជាតិមានរហូតដល់២០%។ ទោះបីយ៉ាងណា ការមានជំងឺឬសដូងបាតមិនតម្រូវឲ្យមានការសម្រាលដោយវះកាត់នោះទេ។

យ៉ាងណាមិញ រោគសញ្ញានៃជំងឺឬសដូងបាតផ្នែកខាងក្រៅនេះ ជាជំងឺដែលជួបប្រទះច្រើនជាងគេក្រោយសម្រាលនៃស្រ្តីមានផ្ទៃពោះ ដែលស្តែងឡើងនូវការប៉ោងហើមឈឺនៅផ្នែករន្ធទ្វារបាត។

ករណីស្រ្តីមានការឈឺចាប់នៃរន្ធបាតក្នុងពេលមានគក៌ និងក្រោយពេលសម្រាល ចាំបាច់ត្រូវមានការពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

 

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

តាមការរៀបរាប់ខាងលើ យើងបានបង្ហាញពីមូលហេតុនិងរោគសញ្ញានៃជំងឺឬសដូងបាត នៅក្នុងអំឡុងពេលមានផ្ទៃពោះ ។ តទៅនេះយើងនឹងលើកយកនៅវិធីសាស្ត្រព្យាបាលនៃជំងឺនេះវិញម្តង។

បើតាមការបង្ហាញពីមន្ទីរពេទ្យកាល់ម៉ែត ការព្យាបាលជំងឺឬសដូងបាតនេះ មាន៥យ៉ាងដូចជា។

ទី១គឺ ការព្យាលបាលទៅលើការបន្ទោរបង់៖ គឺជាវិធីសាស្ត្រលើរបបអាហារ ដែលត្រូវឲ្យស្រ្តីបរិភោគអាហារដែលមានជាតិសរសៃដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិជាដើម។ បន្ទាប់មកថ្នាំជំនួយឲ្យបន្ទោរបង់ក៏អាចត្រូវប្រើប្រាស់ផងដែរ។ ដូចគ្នានេះថ្នាំជំនួយពោះវៀនដើម្បីឲ្យលាមកមានសភាពទន់ និងជាតិអាស៊ីតមកតិច ពេលដែលស្រ្តីមានបញ្ហារាគរូស។

ទី២គឺ ការព្យាបាលនៅរន្ធបាត៖ ការព្យាបាលនេះមានដូចជាប្រភេទថ្នាំសុល និងក្រែមលាប ដែលមានសមាសភាពជា ពពួកបន្ថយរលាក ឬក័រទីកូអ៊ីត ពពួកថ្នាំស្ពឹក ពពួកវិតាមីនP និងពពួកបន្ថយសម្ពាធឈាមវ៉ែនflavonoides ។

ទី៣ ជាការព្យាបាលដោយប្រើថ្នាំ៖ មានដូចជាពពួកថ្នាំបន្ថយការឈឺចាប់ ប្រភេទប៉ារ៉ាសេតាមុល ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ។ ស្រ្តីមានផ្ទៃមានផ្ទៃពោះ អាចប្រើថ្នាំបំបាត់ការឈឺចាប់ និងថ្នាំមានឥទ្ធិពលលើសរសៃឈាមឬសដូងបាត ដែលថ្នាំទាំងនោះមិនមានការប៉ះពាល់ដល់ទារកក្នុងផ្ទៃទេ។ ម្យ៉ាងវិញទៀត ក្រុមពពួកថ្នាំមានឥទ្ធិពលលើសរសៃវ៉ែន អាចប្រើព្យាបាលជំងឺឬសដូងបាតផ្នែកខាងក្រៅអំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន។

ទី៤គឺ ការព្យាបាលដោយឧបករណ៍៖ ជាទូទៅ វាកម្រណាស់ក្នុងការព្យាបាលដោយប្រើឧបករណ៍ ពេលស្រ្តីមានទម្ងន់។ ការព្យាបាលទាំងនេះមានដូចជាការប្រើកាំរស្មីក្រហមអាំងហ្វ្រា(infrarouge)ការចាក់ថ្នាំឲ្យស្វិត និងការចងចំនងឲ្យស្វិត។

 ចំណែកចុងក្រោយរបៀបព្យាបាលទី៥ គឺការវះកាត់៖ វិធីវះកាត់ព្យាបាលជំងឺឬសដូងបាតនេះនេះ គេធ្វើឡើងនៅពេលដែលការព្យាបាលដោយថ្នាំតាមវិធីខាងលើបរាជ័យ។ ប្រសិនបើនោះពេលខ្លះការព្យាបាលជំងឺឬសដូងបាតតាមវិធីទាំង៤ខាងលើបានធូរស្រាល ប៉ុន្តែ៦ខែក្រោយអាចកើតឡើងវិញ នោះវិធីចុងក្រោយគឺមានតែការព្យាបាលដោយវះកាត់ តែប៉ុណ្ណោះ។

 

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

ជាចុងបញ្ចប់នៃអត្ថបទនេះ មន្ទីរពេទ្យកាល់ម៉ែត បានផ្តល់ដំបូន្មានដល់ស្រ្តីមានផ្ទៃពោះគ្រប់រូប ដើម្បីកាត់បន្ថយហានិភ័យកុំឲ្យមានជំងឺឬសដូងបាតនៅពេលមានផ្ទៃពោះ គឺស្រ្តីត្រូវការពារកុំឲ្យមានជំងឺទល់លាមក ដោយត្រូវពិសាទឹកយ៉ាងតិច១លីត្រកន្លះក្នុងមួយថ្ងៃ ហើយត្រូវបរិភោគបន្លែដែលបានលាងសម្អាតស្អាតជាប្រចាំ ដើម្បីសម្រួលដល់ការបន្ទោរ   បង់។​ មួយវិញទៀត វាមានសារៈសំខាន់ណាស់សម្រាប់ស្ត្រីក្នុងការធ្វើលំហាត់ប្រាណដូចជា ការដើរ ការហែលទឹក និងធ្វើយូហ្កាជាដើម។

ករណីស្រ្តីមានរោគសញ្ញា ឬបញ្ហាណាមួយនៅរន្ធបាត​ ស្រ្តីត្រូវពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលបានត្រឹមត្រូវ៕

Share

ព័ត៌មានទាក់ទង

Image