កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ដែលនឹងធ្វើឲ្យអាកាសធាតុត្រជាក់ជាងពេលធម្មតា។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ស្ដីពី “ស្ថានភាពអាកាសធាតុ” បានឲ្យដឹងថា ក្រសួងធនធានទឹកបានព្យាករថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលខ្យល់មូសុងឦសាន និងជ្រលង សម្ពាធខ្ពស់ ពីប្រទេសចិន។
សេចក្ដីជូនដំណឹងដដែលបានឲ្យដឹងបន្ថែមថា ការទទួលរងពីជ្រលងសម្ពាធខ្ពស់នេះ នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យនៃប្រទេស។ កត្តានេះនឹធ្វើឱ្យសីតុណ្ហភាពចុះត្រជាក់ នៅបណ្ដាខេត្ដមួយចំនួនដូចជា៖
-ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្ដរមានជ័យ សៀមរាប ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាព អប្បបរមា មានពី១៨ ទៅ២០អង្សាសេ និងអតិបរមាមានពី២៥ ទៅ២៧ អង្សាសេ។
-ខេត្តមណ្ឌលគិរី សីតុណ្ហភាព អប្បបរមាមានពី១៧ទៅ១៨អង្សាសេ និងអតិបរមាន មានពី២៣ ទៅ២៤ អង្សាសេ។
យោងសេចក្ដីជូនដំណឹងខាងលើនេះ ក្រសួងធនធានទឹកបានប្រកាសឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ជ្រាបជាព័ត៌មាន និងសំណូមពរឱ្យមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាព អាកាសធាតុត្រជាក់នេះ៕