លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២៣នេះ បានតសម្ដីខ្លាំងៗទៅកាន់អ្នកនយោបាយជំនាន់ឪពុកខ្លួន គឺលោក សម រង្ស៊ី ថាចូលចិត្តមើលងាយក្មេង គ្មានសមត្ថភាពយល់ពីខ្លឹមសារសំបុត្រដែលលោកសរសេរកាលពី៣០ឆ្នាំមុន ក្រោយពេលលោកសម រង្ស៊ី បន្ដវាយប្រហារលើរូបលោកពីសំបុត្រនោះ ពេលសុំចូលរៀននៅសាលាយោធាអាមេរិក។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍
លោក ហ៊ុន ម៉ាណែត កំពុងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្ដ្រី បន្ដវេនពីឳពុកជានាយករដ្ឋមន្ដ្រីសព្វថ្ងៃ បានប្រតិកម្មខ្លាំងៗលើរឿងដដែលៗ ដែលលោក សម រង្ស៊ី អ្នកនយោបាយចាស់វស្សាបានបន្ដយកមកវាយប្រហារលើរូបលោកសារជាថ្មី។
តាមរយៈវីដេអូវាយបកក្ដែងៗ ចេញនៅថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២៣នេះ លោកថាការលើកយកករណីសំបុត្រដែលលោកសរសេរទៅឪពុកកាលពី ៣០ឆ្នាំមុន ដើម្បីសុំការអនុញ្ញាតិពីឪពុកដាក់ពាក្យចូលរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point មកធ្វើជាកម្មវត្ថុ ដើម្បីមើលងាយលោក ទាំងខ្លួនគាត់អត់យល់ពីអត្ថន័យនៃសំបុត្រនោះផង គឺជាការគួរអោយអស់សំណើចមួយ។
លោកបន្ថែមថា លោក សម រង្សី ប្រធានស្ដីទីអតីតគណៈបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ ចូលចិត្តមើលងាយក្មេង ប៉ុន្តែគាត់អត់មានសមត្ថភាពក្នុងការយល់នូវខ្លឹមសារនៃសំបុត្រដ៏សាមញ្ញនោះទេ។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ លោក សម រង្ស៊ី ដែលកំពុងរស់នៅលើទឹកដីបរទេសតាមរយៈសញ្ជាតិទី២របស់ខ្លួន បានសរសេរសារវាយប្រហារកូនប្រុសនាយករដ្ឋមន្រី្ដ ហ៊ុន សែន ថា គ្មានចេះអ្វី ក្រៅពីតោងជើងខោឳ។ លោកថាលោក ហ៊ុន ម៉ាណែត បានសរសេរផ្ទាល់ដៃ ប្រាប់ទៅឪពុកគាត់ ប្រមាណ ២០ ឆ្នាំមុន គាត់បានចូលរៀនសាលាទាហាន នៅសហរដ្ឋអាមេរិក ដោយសារតែការយោគយល់ និងការជម្រុញ ពីឪពុកគាត់ ហ៊ុន សែន ដែលមានឋានៈជានាយករដ្ឋមន្ត្រី និងជាមេទ័ព។
អ្នកនយោបាយចាស់វស្សារូបនេះ បានបញ្ជាក់ថានៅស្រុកគេ លោកហ៊ុន ម៉ាណែត ពេលចេញពីសាលានេះ ហើយបើគាត់មានសញ្ជាតិអាមេរិកកាំង គាត់អាចធ្វើត្រឹមតែកូនទាហានពាក់សក្តិ ១ ប៉ុណ្ណោះ។ តែនៅស្រុកខ្មែរ ដោយសារតែឡើងតាមជើងខោឪពុកគាត់ ស្រាប់តែគាត់បានឡើងជាឧត្តមសេនីយ៍ ផ្កាយ ៣ ភ្លាមមួយរំពេច។ទោះបីបែបនេះក្ដី លោកហ៊ុន ម៉ាណែត ថាថ្ងៃនេះជាការឆ្លៀតពេលបន្តិចដើម្បីពន្យល់លោក សម រង្សី ក៏ដូចជាជូនមហាជនបានឃើញអំពីការលើកឡើងរបស់លោក សម រង្ស៊ីថា តើការលើកឡើងរបស់លោក ត្រឹមត្រូវឬទេ ឬមួយជាការវាយប្រហារដោយគ្មានការទទួលខុសត្រូវមកលើក្មេងដូចគាត់ធ្វើរាល់ដង?
គួរម្លឹកថា កាលពីពេលកន្លងទៅ លោក សម រង្ស៊ីក៏ធ្លាប់បានវាយប្រហារលើសញ្ញាប័ត្ររបស់លោក ហ៊ុន ម៉ាណែត ពីសាលាយោធាអាមេរិក west point ដែរ ថាជាសញ្ញាប័ត្រកម្រិតទាប។ លោក ហ៊ុន ម៉ាណែត ក៏បានធ្វើការវាយបកច្រើនលើកច្រើនសារដូចគ្នា៕