en     km
en     km

ការបោះឆ្នោតឃុំសង្កាត់២០២២៖ ស្រ្តីទៅបោះឆ្នោតច្រើនជាងបុរសតែបុរសជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាងស្រ្តី

Share

ភ្នំពេញ៖ របាយការណ៍នៃការផ្តល់អំណាចនយោបាយដល់ស្រ្តីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅបង្ហាញថា អ្នកចេញទៅបោះឆ្នោតជាស្រ្តីនៅ ៧៥ ការិយាល័យក្នុងខេត្តគោលដៅចំនួន ៧ គឺមានចំនួនច្រើនជាងបុរស។ ប៉ុន្តែលទ្ធផលទូទាំងប្រទេសវិញរកឃើញថា អ្នកជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ជាបុរសមានចំនួនច្រើនជាងស្រ្តី។ នេះបើតាមស្រាវជ្រាវរបស់អង្គការចំនួន ៥ ដាក់បង្ហាញកាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០២៣ម្សិលមិញ។

កញ្ញា គុជ ស៊ីកុល ជូនសេចក្តីរាយការណ៍ពិស្តារ

 

អង្គការ ខុមហ្វ្រែល(COMFREL) អង្គការសីលការ អង្គការ GADC អង្គការបន្ទាយស្រី និងអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ បានដាក់បង្ហាញនូវរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនទាក់ទងការផ្តល់អំណាចនយោបាយដល់ស្រ្តី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២៣។

របាយការណ៍រកឃើញថា ស្រ្តីមានគម្លាតដាច់គ្នាឆ្ងាយបើធៀបនឹងបុរសក្នុងការជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យទី៥ខែមិថុនាឆ្នាំ២០២២កន្លងទៅ។

ក្នុងនោះស្រ្តីជាប់ឆ្នោតមានតែ២២%តែប៉ុណ្ណោះ ចំណែកបុរសវិញមានរហូតដល់ទៅ៧៨%។ តែគម្លាតគ្នាឆ្ងាយបែបនេះ មើលរបាយការណ៍ដោយសារតែមានបុព្វហេតុមួយចំនួនក្នុងនោះ សិទ្ធិអំណាចផ្លូវការពេញលេញរបស់ស្រ្តីក្នុងការបំពេញតួនាទីរបស់ខ្លួននៅមានបញ្ហាប្រឈមនិងការរើសអើង។ មួយទៀតដែរ ស្រ្តីនៅតែប្រឈមក្នុងការទទួលបានឳកាសក្នុងការឈរឈ្មោះជាបេក្ខជន ការចូលរួមការបោះឆ្នោត និងឳកាសឈានទៅមុខក្នុងជីវិតនយោបាយរបស់ស្រ្តីជាប់ឆ្នោត។ ពិសេសស្រ្តីមានឳកាសតិចតួចដែលមានឈ្មោះឈរនៅលេខរៀងទី១ នៃបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្ស។

ផ្អែកតាមរបាយការណ៍ខាងលើ ឫសគល់នៃបញ្ហាគឺបណ្តាលមកពី ប្រទេសកម្ពុជាពុំទាន់មានគោលនយោបាយសមភាពយេនឌ័រជាក់លាក់។មួយទៀត ស្រ្តីជាសកម្មជនគណបក្សនយោបាយ និងអ្នកនយោបាយស្រ្តីនៅតែប្រឈមនឹងការរើសអើង និងហិង្សាគ្រប់ទម្រង់ដែលបញ្ហាបានរារាំងពួកគេក្នុងការធ្វើសកម្មភាពនយោបាយ។

របាយការណ៍ដដែលបានលើកបង្ហាញនូវតួលេខបេក្ខជនដែលគណបក្សនយោបាយនីមួយៗបានដាក់ជាបេក្ខភាពក្នុងបញ្ជីឈរឈ្មោះរបស់គណបក្ស។ ក្នុងនោះគណបក្សដែលមានប្រជាប្រិយភាពធំៗចំនួន២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន មិនសូវមានបេក្ខជនស្រ្តីឈរឈ្មោះច្រើនឡើយ ហើយបេក្ខជនស្រ្តីភាគច្រើននៅលេខរៀងក្រោយគេក្នុងបញ្ជីឈ្មោះរបស់បក្ស។ ពោលគឺបេក្ខជនស្រ្តីមានត្រឹមល្បាក់តែ២០%បើធៀបនឹងបុរសមានរហូតជាង៧០%។

តែយ៉ាងណាអង្គការទាំង៥ខាងលើ បានរកឃើញនិងកោតសរសើរគណបក្សតូចទៅវិញព្រោះថា គណបក្សតូចៗទាំងនោះបានដាក់បេក្ខជនស្រ្តីច្រើនជាងបុរសនិងដាក់លេខរៀងខ្ពស់ៗក្នុងនោះមានបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សឆន្ទៈខ្មែរ គណបក្សយុវជនកម្ពុជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បក្សខ្មែររួបរួមជាតិ បក្សខ្មែរស្រលាញ់ជាតិ បក្សហ្វ៊ុនស៊ិនប៉ិច បក្សរស្មីខេមរា បក្សតែទម្រង់កម្ពុជា បក្សកម្ពុជានិយម បក្សឯកភាពជាតិខ្មែរនិងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។គណបក្សតូចៗទាំងនោះបានដាក់បេក្ខជនជាស្រ្តីចន្លោះពី៣០%ឡើងដល់ជាង៥០%។

តែអ្វីជាការកត់សម្គាល់ដាច់ដោយឡែកនោះ គឺរបាយការណ៍បានរកឃើញថា ចំនួនអ្នកចេញទៅបោះឆ្នោតជាស្រ្តីមានច្រើនជាងបរុសនៅការិយាល័យចំនួន៧៥ទីតាំង ក្នុងខេត្តគោលដៅចំនួន ៧ ក្នុងនោះមានខេត្ត កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ខេត្តព្រះវិហារ ព្រៃវែង និងខេត្តពោធិ៍សាត់។

អនុសាសន៍ចុងក្រោយនៃរបាយការណ៍នេះបានជំរុញដល់ស្ថាប័នជាតិធំៗក្នុងនោះមានស្ថាប័នរដ្ឋសភានិងព្រឹទ្ធសភា ស្ថាប័នរដ្ឋ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ត្រូវធានាបង្កើតច្បាប់បោះឆ្នោតឆ្លើយតបនិងយេនឌ័រ។ចំណែកបក្សនយោបាយវិញត្រូវធានាបង្កើតគោលនយោបាយសមភាពយេនឌ័រក្នុងគណបក្សនីមួយៗ។រីឯក្រសួងពាក់ព័ន្ធត្រូវបង្កើនគាំទ្រជាថវិកា ធនធាននានាដើម្បីបង្កើនសមត្ថភាពស្រ្តីកាន់តែមានប្រសិទ្ធភាពការងារ។ ដោយឡែក ស្ថាប័ន គ ជ ប វិញត្រូវធានាបង្កើតបទបញ្ជា និងនីតិវិធីដែលឆ្លើយតបនឹងយេនឌ័ររបស់ គ ជ ប សម្រាប់ការបោះឆ្នោត៕

 

Share

ព័ត៌មានទាក់ទង

Image