en     km
en     km

ស្វែងយល់ពីមូលហេតុនៃការលំបាក ឬពុំអាចមានលទ្ធភាពមានគភ៌

Share

ការលំបាក ឬពុំអាចមានលទ្ធភាពមានគភ៌ បច្ចុប្បន្នមានអត្រាកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ប្រេវ៉ាឡង់ដៃគូស្វាមីភរិយាដែលអសម្ថភាពក្នុងការមានគភ៌នៅប្រទេសបារាំង គឺស្ថិតនៅអត្រា ១៤,១% ស្របតាមការសិក្សានាឆ្នាំ១៩៨៨ ហើយកើនឡើង ២២,៧%នៅឆ្នាំ២០១៤។ នេះបើតាមទិន្នន័យលើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត្រ។

នៅប្រទេសកម្ពុជាឯនេះវិញ នាពេលបច្ចុប្បន្ននេះ អត្រានៃគូស្វាមីភរិយាដែលមកពិគ្រោះនូវបញ្ហាពាក់ព័ន្ធទៅនឹងករណី លំបាកមានគភ៌នៅក្នុងវ័យបន្តពូជ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

 

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

បើតាមមន្ទីរពេទ្យកាល់ម៉ែត្របានឱ្យបង្ហាញថា អ្នកជំងឺបានមកពិគ្រោះជំងឺនៅផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត្រមានចំនួន ៩១២៥ករណី នៃដៃគូដែលអសមត្ថភាពមានគភ៌នៅក្នុងវ័យបន្តពូជ។ នេះបើយោងតាមការសិក្សារយៈពេល ៣០ខែ នៅចន្លោះឆ្នាំ២០១១ ដល់ ឆ្នាំ២០១៤។

ក្នុងនោះដែរ មន្ទីរពេទ្យកាល់ម៉ែត្របានបង្ហាញពីមូលហេតុនៃការអសមត្ថភាពមានគភ៌ ដោយមូលហេតុទាំងនោះគឺបណ្តាលមកពី បញ្ហាសុខភាពបន្តពូជស្ត្រី ២៤% ហើយក្នុងចំណោមបញ្ហាទាំងនេះមានដូចជា វិបត្តិនៃការបញ្ចេញមេជីវិតញី ៣៣% , ការស្ទះរន្ធដៃស្បូន ២៦% , អង់ដូមេទ្រីយ៉ូល ៣៧% , រំអិលនៃមាត់ស្បូន និងរូបសណ្ឋានខុសប្រក្រតី ២% ,និង ការកើនឡើងអរម៉ូន ប្រូឡាក់ទីនក្នុងឈាម ១% ហើយក្រៅពីនេះមានដូចជា ការបង្ករោគលើប្រដាប់បន្តពូជ។

 

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

បើតាម គេហទំព័រសុខភាព Healthtime វិញបានឱ្យដឹងថា កត្តាផ្សេងៗទៀតដែលជះឥទ្ធិពលដល់ស្រ្តីលំបាកមានផ្ទៃពោះ ព្រោះតែស្រ្តីតែងស្រូបផ្សែងបារី និង ជក់បារី  ទទួលទានស្រា។ ក្នុងនោះដែរ ការឡើងឬស្រកគីឡូខ្លាំងពេក ការបរិភោគមិនបានគ្រប់គ្រាន់ ពិសេសកង្វះសារជាតិមួយចំនួនដូចជា ហ្វូលិកអាស៊ីត ជាតិដែក ស័ង្កសី និងវីតាមីនបេ១២ កង្វះខាតការហាត់ប្រាណ ឬហាត់លើសកម្រិតពេក ការឆ្លងជំងឺកាមរោគ ការប៉ះពាល់ជាមួយសារជាតិគីមីមួយចំនួនដូចជា ថ្នាំសម្លាប់សត្វល្អិត និងជំងឺផ្លូវចិត្តជាដើម ក៏ជាដើមចមធ្វើឱ្យស្រ្តីពិបាកមានផ្ទៃពោះផងដែរ ។

ចំណែកឯបញ្ហាសុខភាពបន្តពូជបុរសវិញ ក៏ជាមូលហេតុនាំឱ្យគ្មានលទ្ធភាពមានកូនដែរ ហើយត្រូវបានរកឃើញមានចំនួនរហូតដល់ទៅ ១៦%។  មូលហេតុដែលគេប្រទះឃើញជាញឹកញាប់មានដូចជា ការផលិតមេជីវិតឈ្មោលក្នុងក្រពេញពងស្វាសមិនបានល្អ មានចំនួនតិច មានចលនាខ្សោយ ឬរូបរាងមិនល្អដែលមិនអាចមកបង្កកំណើតបាន និងមកពីការស្ទះបំពង់បង្ហូរមេជីវិត ដែលមិនមានការបញ្ចេញមេជីវិត ។ នេះបើតាមការលើកឡើងរបស់គេហទំព័រសុខភាព Healthtime។

ម្យ៉ាងទៀត បញ្ហារួមទាំងបុរស និងស្ត្រីត្រូវបានរកឃើញមានចំនួន ៣០%។ បន្ថែមពីនេះ បញ្ហាដែលនៅសល់ គឺពុំទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយមានចំនួន ៣០%។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

នាង កញ្ញា លោក លោកស្រី តទៅនេះយើងនឹងលើកយកនៅការព្យាបាល នូវការដែលពុំអាចមានលទ្ធភាពមានគភ៌ដូចតទៅ!

តាមមន្ទីរពទ្យកាល់ម៉ែត្រ Infertility គឺជាការលំបាក ឬពុំអាចមានលទ្ធភាពនឹងមានគភ៌។ ដូច្នេះមធ្យោបាយមួយដែលដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យមានគភ៌ គឺជំនួយការវេជ្ជសាស្រ្ត ឬការបង្កកំណើតក្នុងមន្ទីរពិសោធន៍វេជ្ជសាស្រ្តបន្តពូជ (Procreation Medicale Assistee) ។  ដោយឡែក ក្រៅពីជំនួយការវេជ្ជសាស្រ្ត ដំណោះស្រាយលើបញ្ហាពាក់ព័ន្ធករណីវិបាកមានគភ៌នេះ ក៏មានការចូលរួមពីគូស្វាមីភរិយាទាំងសងខាង ដោយការព្យាបាលដោយប្រើថ្នាំ ។

បន្ថែមពីនេះក៏មានការព្យាបាលដោយវះកាត់ ស្របតាមមូលហេតុផ្សេងៗ ដែលការវះកាត់មានការដាក់កាមេរ៉ាតាមលើពោះ ឬមាត់ទ្វារស្បូនផងដែរ។

មួយទៀតដែរ ដំណោះស្រាយជាចម្បងនោះគឹ ស្រ្តីត្រូវស្វែងរកមូលហេតុ និងកត្តាប្រឈមទាំងឡាយណា ដែលផ្តល់ផលប៉ះពាល់ដល់បញ្ហាពាក់ព័ន្ធនឹងវិបត្តិគ្មានគភ៌នេះ។

ជាចុងបញ្ចប់នៃអត្ថបទនេះ មន្ទីរពេទ្យកាល់ម៉ែត្របានផ្តល់ដំបូន្មានថា ត្រូវទៅពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុ និងដំណោះស្រាយ ព្រមទាំងឈានទៅរកការព្យាបាលដែលត្រឹមត្រូវ និងសមស្របនៅលើបញ្ហាពាក់ព័ន្ធនឹងវិបត្តិគ្មានគភ៌នេះ៕

 

Share

ព័ត៌មានទាក់ទង

Image