ការសម្រាលកូនដោយវះកាត់ គឺជាវិធីសាស្រ្តដែលគ្រូពេទ្យណែនាំដល់ស្រ្តីមានផ្ទៃពោះ ខណៈស្រ្តីស្ថិតក្នុងស្ថានភាពអាចបង្កគ្រោះថ្នាក់មួយចំនួនបើសិនសម្រាលកូនតាមធម្មជាតិ។ ស្ថានភាពអាចប្រឈមគ្រោះថ្នាក់ដោយសារតែ ស្រ្តីមានប្រវត្តិជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ មានមេរោគអេដស៍ ឬស្ថិតក្នុងស្ថានភាពមួយចំនួនផ្សេងទៀតដែលអាចរារាំងដល់ការសម្រាលតាមធម្មជាតិ។
យ៉ាងណាមិញ ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យសម្រាលកូនតាមធម្មជាតិ ត្បិតថាការសម្រាលតាមធម្មជាតិមានផលវិបាកតិចតួចជាងការសម្រាលកូនដោយវះកាត់។ ករណីក្រុមគ្រូពេទ្យសម្រេចឈានដល់ការវះកាត់ លុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្តាយ និងកូន។ នេះបើតាមការណែនាំលើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត។
បើតាមមន្ទីរពេទ្យកាល់ម៉ែត បច្ចុប្បន្ននេះអត្រានៃការសម្រាលកូនដោយការវះកាត់មានការកើនឡើងជាលំដាប់ គួរឲ្យព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវ។ ស្រ្តីមួយចំនួនយល់ថា ការសម្រាលកូនដោយវះកាត់ មានភាពងាយស្រួល ហើយម្តាយមិនឈឺពោះពេលសម្រាល ដោយពួកគេមើលរំលងពីផលវិបាកនានាដែលកើតមាននៅថ្ងៃអនាគត ដែលបណ្តាលមកពីការវះកាត់នេះ។
ដូច្នេះ តើមានផលវិបាកអ្វីខ្លះចំពោះម្តាយអំឡុង និងក្រោយពេលការវះកាត់?
មន្ទីរពេទ្យកាល់ម៉ែត បានលើកបង្ហាញពីផលវិបាកអំឡុងពេលវះកាត់ ដែលក្នុងនោះមានដូចជា ផលវិបាកកកើតចេញពីការប្រើថ្នាំសណ្តំ (Syndrome de Mendelson) ការបាត់បង់ឈាមច្រើនពេលវះកាត់ ការដាច់រហែកកស្បូនខ្លាំង និងរបួសប្លោកនោម ឬពោះវៀន ដែលទាមទារការសម្រាកពេទ្យរយៈពេលយូរ ។
ចំណែកឯ ផលវិបាកក្រោយពេលវះកាត់វិញ មន្ទីរពេទ្យកាល់ម៉ែត្របានឱ្យដឹងថា ផលវិបាកក្រោយពេលវះកាត់ភ្លាមៗពី១០% ទៅ ៤២% ស្រ្តីអាចប្រឈមបញ្ហា រលាកប្លោកនោម រលាកភ្នាសក្នុងរបស់ស្បូន រលាកស្រោមពោះ ឬអាចបង្ករោគក្នុងសរសៃឈាមផងដែរ។
បន្ថែមពីនេះ ការសម្រាលកូនដោយការវះកាត់ ស្រ្តីក៏ប្រឈមការហូរឈាមក្រោយពេលវះកាត់ផងដែរ ហើយករណីខ្លះស្រ្តីមានកកឈាមលើស្នាមរបួសស្បូន ឬក្រោមរបួសស្បែក និងមានភាពស្លេកស្លាំង។ ម្យ៉ាងទៀតស្រ្តីអាចជួបផលវិបាកស្ទះសរសៃឈាមតូចៗ ជាពិសេស សរសៃឈាមក្នុងសួត ដែលធ្វើឲ្យមានវិបត្តិផ្លូវដង្ហើមថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ស្រ្តីដែលទទួលការសម្រាលដោយការវះកាត់ អាចប្រឈមនឹងផលវិបាកមួយចំនួនទៀតផងដែរ មានដូចជា ធ្លាយស្បូន សុកពាំងមាត់ស្បូន សុកចាក់ឬសក្នុងសាច់ស្បូន ឬចាក់ដល់ប្លោកនោមក៏មាន។
ជុំវិញការសម្រាលកូនតាមការវះកាត់នេះ គេហទំព័ររបស់គ្លីនិក Cleveland នៃសហរដ្ធអាមេរិក បានបង្ហាញពីគុណវិបត្តិផ្សេងទៀតនៃការសម្រាលដោយការវះកាត់នេះផងដែរ។ ក្នុងនោះ ស្រ្តីអាចលំបាកជាសះស្បើយជាងការវះកាត់ដោយធម្មជាតិ ។ បន្ថែមពីនេះ ការសម្រាលដោយការវះកាត់ អាចបង្កឱ្យស្រ្តីមានរលាកសន្លាក់រាំរ៉ៃផងដែរ ។
លើសពីនេះទៀត ទារកដែលសម្រាលដោយវះកាត់នេះ អាចប្រឈមគ្រោះថ្នាក់ចំពោះបញ្ហាផ្លូវដង្ហើមខ្លាំងក៏មាន។
ជាចុងបញ្ចប់នៃអត្ថបទនេះ វេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត បានផ្តល់ដំបូន្មានដល់សារណជនទូទៅ ពិសេសស្រ្តីជាម្តាយ ត្រូវស្វែងយល់ឱ្យបានច្បាស់នូវផលវិបាកទាំងអស់ខាងលើ ដើម្បីបញ្ចៀសបាននូវហានិភ័យនានាដែលអាចគំរាមគំហែងដល់អាយុជីវិតស្រ្តី។
ដូច្នេះរាល់ការសម្រាលដោយការវះកាត់ក្តី ឬតាមធម្មជាតិក្តី ស្រ្តីគួរពិគ្រោះប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាមុន ដើម្បីជ្រើសរើសការសម្រាលមួយដ៏សមស្រប និងមានសុវត្ថិភាពទាំងម្តាយ និងកូន៕