en     km
en     km

សម្តេច ហ៊ុន សែន៖ អ្នកខ្លះចូលចិត្តណាស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ក៏ប៉ុន្តែសិទ្ធិរស់រានមានជីវិតហាក់ធ្វើរំលង

Share

សម្តេច ហ៊ុន សែន មេបក្សកាន់អំណាច ដែលទទួលស្គាល់ថាខ្លួនជាអ្នកនយោបាយដែលកាន់តំណែងនាយករដ្ឋមន្ត្រីយូរជាងគេនៅលើលោក បានរិះគន់អ្នកនយោបាយ និងបុគ្គលមួយចំនួនទៀត ដែលចូលចិត្តលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ប៉ុន្តែបែរជាមើលរំលងសិទ្ធិរស់រានមានជីវិត។ មេបក្សកាន់អំណាចបានយក ឱកាសពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ នៅថ្ងៃទី១៤ ខែមីនា នេះ លើកពីគុណសម្បត្តិថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ មិនមែននៅទីក្រុងទេ គឺពង្រាយដល់ជនបទ ដោយសារតែរាជរដ្ឋាភិបាលតែងយកអាទិភាពជាងគេ គឺសិទ្ធិរស់រានមានជីវិត។ លោក គីម ចាន់ចាវ រាយការណ៍ 

 

ក្នុងពេលជួបជាមួយពលរដ្ឋក្នុងខេត្តពោធ៍សាត់នៅព្រឹកថ្ងៃអង្គារនេះ សម្តេច ហ៊ុន សែនបានព្រលយសារទៅកានក់អ្នករិះគន់ពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យថា  អ្នកខ្លះចូលចិត្តណាស់និយាយពីរឿង “សិទ្ធិមនុស្ស ប្រជាធិបតេយ្យ” ក៏ប៉ុន្តែសិទ្ធិរស់រានមានជីវិតហាក់ដូចជាធ្វើរំលង។ ដូចជា បញ្ហាសន្តិភាព ឬសង្គ្រាមគឺពួកគេចង់តែបំផ្លាញ ប៉ុន្តែអត់ដឹងថា សង្គ្រាមហ្នឹងសម្លាប់មនុស្សទេ។

 

«បើយើងងាប់ទៅហើយតើអាណាទៅសរសេរកាសែតអី? សិទ្ធិបញ្ចេញមតិអី? វានៅក្នុង ខ្លះនៅសល់ធាតុមួយកូនចានហ្នឹង ខ្មោចវាចេះបញ្ចេញមតិអី? អញ្ចឹងត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតមុន»។

 

អ្នកនយោបាយការពារសិទ្ធិរស់រានមានជីវិតរូបនេះបន្តថា ប្រសិនបើមិនបានគិតដល់សិទ្ធិរស់រានមានជីវិតនោះសិទ្ធិអ្វីផ្សេងទៀត ក៏ត្រូវបាត់បង់ដែរ រាប់ទាំងសិទ្ធិធ្វើសកម្មភាពនយោបាយ និងសកម្មភាពអង្គការសង្គមស៊ីវិលផងដែរ។ សម្តេចបានបន្ទោស​ក្រុមអ្នករិះគន់ទាំងនោះថា មិនយល់អំពីឫសគល់នៃសិទ្ធិ ដែលចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត។

 

«រាជរដ្ឋាភិបាល ធ្វើអ្វីក៏ធ្វើដែរឱ្យតែជីវិតប្រជាជនគង់វង្ស បន្ទាប់ពីនោះចាំនិយាយទៅដល់សិទ្ធិផ្សេង ប៉ុន្តែអ្នកដទៃគិតស្មានថា នៅពេលដែលយើងយកចិត្តទុកដាក់ទៅលើសិទ្ធិរស់រានមានជីវិត បែរជារអ៊ូរទាំជាមួយយើងថា “មិនបានគិតអំពីសិទ្ធិបញ្ចេញមតិ មិនបានគិតអំពីសិទ្ធិម​នុស្ស”»។

 

ដោយមិនទាន់គិតបញ្ចូលការបិទវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី និងករណីកាត់ទោសលោក កឹម សុខា ជាប់ពន្ធនាគារ២៧ឆ្នាំ និងហាមប្រាមសិទ្ធិធ្វើនយោបាយ របាយការណ៍ អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) នៅខែមករា ដើមឆ្នាំ២០២៣ បង្ហាញថា រដ្ឋាភិបាលកម្ពុជា បានបង្ក្រាបទៅលើសកម្មជនសិទ្ធិមនុស្សកាន់តែខ្លាំងតាមរយៈការបង្កើតបទចោទប្រកាន់ក្លែងក្លាយទៅ លើថ្នាក់ដឹកនាំ សហជីព សកម្មជននយោបាយ អ្នកកាសែត និង សកម្មជនសិទ្ធិមនុស្ស ផ្សេងៗ ទៀត។

មន្ត្រី អង្គការ សង្គម ស៊ីវិល លើក ឡើង ថា របាយការណ៍នេះ បានឆ្លុះបញ្ចាំងពីការពិត នៃស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា និងស្នើឱ្យរដ្ឋាភិបាលទទួលយក និងលើកកម្ពស់ស្តង់ដារ គោរព សិទ្ធិមនុស្ស ដើម្បីទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច ពីបណ្ដាប្រទេសប្រជាធិបតេយ្យ។ ក៏ប៉ុន្តែទន្ទឹមគ្នានោះ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចក៏បានច្រានចោលដោយបដិសេដលើរបាយការណ៍ សិទ្ធិមនុស្ស អន្តរជាតិ ឆ្នាំ២០២៣នេះ។ លោក សុខ ឥសាន មន្ត្រីនាំពាក្យបក្សកាន់អំណាច អះអាងថា វាមិនបានឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើយ។ ការអនុវត្តវិធានការផ្លូវច្បាប់ទៅលើសកម្មជន នយោបាយ និង សកម្មជន សង្គមនានា របស់រដ្ឋាភិបាល គឺគ្រាន់តែ ជាការ អនុវត្តច្បាប់តែប៉ុណ្ណោះ៕

 

Share

Image
Image
Image