សម្ដេច ស ខេង ខណៈចូលរួមអបអរទិវាអន្តរជាតិនារី ៨ មីនា បានថ្លែងថា ក្រសួងមហាផ្ទៃបានធ្វើឱ្យប្រសើរឡើងនូវសមធ៌មយែនឌ័រ នៅគ្រប់លំដាប់ថ្នាក់ តែរាជរដ្ឋាភិបាលនៅតែស្នើឱ្យយកចិត្តទុកដាក់លើស្ដ្រីក្នុងការបំពេញមុខងារ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ព្រោះស្ដ្រីមានចំនួនតិចតួចណាស់។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយករណ៍៖
គេសង្កេតឃើញនៅតាមក្រសួង និងអង្គការសង្គមស៊ីវិល មួយចំនួនបានរៀបចំអបអរទិវាអន្ដរជាតិនារី៨ មីនា មុនថ្ងៃទី៨មីនាមកដល់ តែនៅថ្ងៃទី១២ ខែមីនា ម្សិលមិញ ក្រសួងមហាផ្ទៃទើបរៀបចំកម្មវិធីអបអរទិវានេះ ទោះថ្ងៃ៨ មីនាបានកន្លងផុតហើយក៏ដោយ។
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងឱកាសជួបជុំមន្ដ្រីក្រោមឱវាទថា ក្រសួងមហាផ្ទៃបានធ្វើឱ្យប្រសើរឡើងនូវសមធ៌មយេនឌ័រ និងបរិយាប័ន្ន ដោយដាក់បញ្ចូល និងតាមដានត្រួតពិនិត្យ វាយតម្លៃរាល់សកម្មភាព ដែលឆ្លើយតបទៅនឹងការផ្ដល់ឱកាស និងផលប្រយោជន៍ដល់ស្រ្តី និងបុរស។ សម្ដេចថា ការផ្ដល់នេះគឺ ប្រកបដោយសមធ៌ម ទាំងនៅក្នុងជួរមន្ត្រីរាជការស៊ីវិល និងកងកម្លាំងក្រោមឱវាទនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជានៅក្នុងចំណោមប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលប្រយោជន៍ពីសេវាសាធារណៈ ដែលបានផ្តល់ជូនដោយក្រសួងមហាផ្ទៃ។
ផ្អែកតាមហ្វេសប៊ុកផ្លូវការរបស់សម្ដេច បានលើកឡើងបន្ថែមថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មិនា មិនមែនមានន័យថា ជាការប្រគល់សិទ្ធិដល់នារីតែមួយថ្ងៃនោះទេ តែដើម្បីឲ្យចងចាំថាសិទ្ធិនារី គឺជាសិទ្ធិមនុស្ស ដែលមិនអាចខ្វះបាន និងមានលក្ខណៈពិសេសបន្ថែមមួយចំនួន ដែលនារីត្រូវតែទទួលបានការគោរព និងធានាសិទ្ធិ គឺសិទ្ធិក្នុងការចូលរួមបង្កើត ការពារ អភិវឌ្ឍន៍គ្រប់វិស័យ និងជាអ្នកអប់រំ ថែទាំ និងទ្រទ្រង់បរិស្ថានក្នុងការរស់នៅរបស់មនុស្សគ្រប់ជំនាន់។
ទោះបីសម្ដេច ស ខេង អះអាងថា ក្រសួងមហាផ្ទៃបានធ្វើឱ្យប្រសើរឡើងនូវសមធម៌យែនឌ័រនៅគ្រប់លំដាប់ថ្នាក់ តែរាជរដ្ឋាភិបាលនៅតែស្នើឱ្យគិតគូរដល់ ស្ដ្រីបំពេញតួនាទីចម្បងណាមួយទាំងនៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ព្រោះស្ដ្រីនៅមានចំនួនតិចតួចណាស់។
នៅថ្នាក់ជាតិ គេសង្កេតឃើញមានស្ដ្រីតែ២-៣នាក់ប៉ុណ្ណោះ ដូចជា លោកស្រី ម៉ែន សំអន មានឋានៈជាឧបនាយករដ្ឋមន្ដ្រី លោកស្រី ភឿង សកុណា ជារដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងលោកស្រី អ៊ឹង កន្ថាផាវី ជារដ្ឋមន្ដ្រីក្រសួងកិច្ចការនារី។ យ៉ាងណារដ្ឋមន្ដ្រីទាំងពីររូបនេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសថានឹងកាន់តំណែងសម្រាប់អាណត្តិថ្មីបន្ដទៀត កាលពីពេលថ្មីៗទៅនេះ។
ដោយឡែកថ្នាក់ក្រោមជាតិ គេមើលឃើញមានតែស្ដ្រី២នាក់ដែរ មានលោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។ ដោយស្ដ្រីបំពេញតួនាទីជាអ្នកសម្រេចចិត្តក្នុងជួររដ្ឋាភិបាលមានចំនួនតិចបែបនេះ រាជរដ្ឋាភិបាលស្នើឱ្យអ្នកបញ្ជូនឈ្មោះបេក្ខភាពដែលត្រូវឡើងតំណែង ត្រូវដាក់ស្ដ្រីចូលឱ្យបានច្រើន។
សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ថាទាំងរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ គឺផ្ដល់សិទ្ធិអំណាចដល់មូលដ្ឋានជាអ្នកជ្រើសរើសបេក្ខភាពកាន់មុខដំណែង តែសំណើរស្នើពីមូលដ្ឋានមិនបានឆ្លុះបញ្ជាំងពីបញ្ហាយែនឌ័រនោះទេ។ សម្ដេច ហ៊ុន សែន ចាត់ទុកទង្វើនេះថា គ្រាន់តែជាការនិយាយ តែគ្មានការអនុវត្តលើបញ្ហាយែនឌ័រ។
យ៉ាងណា ទិវាអន្តរជាតិនារី ៨មីនា ជាការដាស់តឿនក្រើនរំលឹកឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់យល់ដឹងពីយែនឌ័រ និងចាំថានារីមានសិទ្ធិស្មើគ្នាដូចនឹងបុរស និងជាសិទ្ធិបានមកដោយការតស៊ូពុះពារជម្នះឧបសគ្គយ៉ាងលំបាកតាំងពីជាង១០០ឆ្នាំមុន ទម្រាំនឹងមានការទទួលស្គាល់អំពីគុណតម្លៃរបស់នារី ក្នុងការចូលរួមកសាង ការពារ និងអភិវឌ្ឍន៍ប្រទេស៕