ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើរសារជាសំឡេងទាំងយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ចែករំលែក និងបញ្ចេញនូវល្បិចបោកប្រាស់របស់ជនឆបោកនៅក្រៅប្រទេសមួយករណី ដើម្បីឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះល្បិចបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។ អ្នកធ្វើការសង្គម និងអ្នកជំនាញបង្ក្រាបបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ត្បិតអី ទោះបីជាធ្លាប់ត្រូវបានបង្ក្រាប ប៉ុន្តែការបោកប្រាស់តាមបច្ចេកវិទ្យាសុទ្ធសឹងជាករណីដែលមានភាពស្មុគស្មាញ។ លោក គីម ចាន់ចាវ រាយការណ៍
សម្តេច ហ៊ុន សែន ផ្ញើសារអំពាវនាវបែបនេះ ដោយសារមានជនឈរបោកនោះ បានផ្ញើសារមកសម្តេច ដែលជាម្ចាស់គណនី ដើម្បីបាញ់លុយឱ្យពួកគេ តាមរយៈការបន្លំប្រើប្រាស់រូបលោក ឃុន សៀ ដែលជាឧញ៉ាល្បីឈ្មោះម្នាក់ នៅលើ Profile Telegram ប៉ុន្តែការពិតជនឆបោកនេះឈរជើងនៅតៃវ៉ាន់ ហើយលេខដែលពួកគេប្រើនោះជាលេខរបស់ប្រទេសឡាវ ដែលប្រើលេខមានក្បាលដំបូង៨៥៦។
«ដូច្នេះ សុំឱ្យមានការប្រុងយ័ត្ន ជាមួយនឹងករណីនេះ ក៏សូមឱ្យអំពាវនាវឱ្យបងប្អូនមានការប្រុងប្រយ័ត្នមែនទែនលើបញ្ហា ពួកក្រុមបោកប្រាស់ ដើម្បីឱ្យមានការផ្ទេរប្រាក់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់»។
ឆ្លើយតបនឹងករណីឈរបោកនេះ លោកឧត្តមសេនីយ៍ ជា ពៅ អគ្គរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាអតីតប្រធាននាយកដ្ឋាប្រឆាំងបទល្មើបច្ចេកវិទ្យា បានស្រាវជ្រាវលោកករណីនេះចាប់តាំងពីពេលដំបូង និងកំពុងបន្តស្រាវជ្រាវ។ លោកចាត់ទុកករណីឆបោកនេះមិនមែនជារឿងថ្មីឡើយសម្រាប់កម្ពុជា។ លោកពន្យល់ថា បទល្មើសបច្ចេកវិទ្យាមានភាពប្រទាក់ក្រឡាគ្នា ហើយត្រូវស្វែងយល់ពីគោលដៅនៃអ្នកបោកប្រាស់។
«វាមិនមែន ថ្មីអី! ការឈរបោកនឹងវាឈរបោកអញ្ចឹង បន្លំលេខអ្នកនេះ បន្លំលេខអ្នកនោះ ដូចខ្ញុំនិយាយខាងដើមចឹងហា៎។ ហើយនាយកដ្ឋាន(នាយកដ្ឋាប្រឆាំងបទល្មើបច្ចេកវិទ្យា) បានស្រាវជ្រាវនឹងសហការជាមួយនឹង ស្ថាប័នដែលពាក់ព័ន្ធមួយចំនួនយើងបង្ក្រាបបានជាច្រើនករណីដែរ ក៏ប៉ុន្តែយើងដឹងហើយគេមិនមែនធ្វើនៅស្រុកខ្មែរ»
នៅក្នុងសង្គមជាក់ស្តែងយើងសង្កេតឃើញថា ដើម្បីប្រាស្រ័យទាក់ទងគ្នាបានពីប្រទេសមួយទៅប្រទេសមួយ ឬពីទ្វីបមួយទៅទ្វីបមួយទៀតបាន គឺដោយការទាក់ទងគ្នាតាមប្រព័ន្ធអ៉ីនធឺណិត (Internet) យ៉ាងងាយស្រួលដោយគ្រាន់តែបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់តាមប្រព័ន្ធទំនាក់ទំនងសង្គម (ហ្វេសបុក, តេឡេក្រាម, វីឆាត,ឡាញ…ជាដើម) ឬតាមរយៈប្រព័ន្ធទូរស័ព្ទ ។ ជារឿងមិនអាចប្រកែកបាន បច្ចេកវិទ្យាពិតជាបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលា ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាទាំងនោះ។ ក៏ប៉ុន្តែមានមនុស្សមួយចំនួន បានយកភាពជឿនលឿននៃបច្ចេកវិទ្យាទាំងនោះប្រើប្រាស់ក្នុងផ្លូវមិនល្អ ប្រព្រឹត្តអំពើជាបទល្មើសផ្សេងៗតាមរយៈបច្ចេកវិទ្យាទាំងនោះ ដែលជាហេតុនាំឱ្យមានបញ្ហាដល់សង្គម ក៏ដូចជាអ្នកប្រើប្រាស់ផ្សេងទៀត ។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ គួរពង្រឹងសកម្មក្នុងការងារនេះ ហើយពលរដ្ឋត្រូវរាយការណ៍ពីសកម្មភាពបោកប្រាស់ទាំងនោះ។
«ប៉ូលីសហ្នឹងធ្វើសកម្មភាពបង្ក្រាបជនទុច្ចរិតទាំងអស់ហ្នឹងផង កុំឱ្យមានឱកាសមួយឈរបោកប្រជាពលរដ្ឋតទោទៀត។ យើងធ្វើការបង្ក្រាបឱ្យបានច្រើនករណីទៅប្រហែលជាលែងហ៊ានហើយ»។
លោកឧត្តមសេនីយ៍ ជា ពៅ បានចែករំលែងពីល្បិចបោកប្រាស់សាមញ្ញមួយចំនួន ដែលនាយកដ្ឋានប្រឆំាងបទល្មើសបច្ចេកវិទ្យាបង្ក្រាបបាន ហើយបានអប់រំណែនាំ ប៉ុន្តែសម្រាប់ករណីបោកប្រាស់ធ្ងន់ធ្ងរ ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
«ដូចជាទិញទំនិញអី! ស្រួលអ្នកនិយាយហ្នឹងក៏ធ្លាប់ចាញ់បោកគេ ដូចជាទិញស្បែកជើងមួយគូអីគេអត់ផ្ញើរឱ្យហ៍! អញ្ចឹងមានតាស ហើយយើងបង្ក្រាបបាន ហើយយកមក អប់រំទៅ។ ដោយសារយើងមិនទាន់មានច្បាប់ណាមួយ ដែលពាក់ព័ន្ធនឹងករណីឈរបោកតាមប្រព័ន្ធបច្ចេកវិទ្យា យកទៅផ្តន្ទាទោសឱ្យធ្ងន់ធ្ងរទេ មានតែអប់រំ យើងធ្វើកិច្ចសន្យា ហើយបើករណីធ្ងន់ធ្ងរបានយើងបញ្ជូនទៅតុលាការ! យើងធ្វើបានតាស»។
បច្ចេកវិទ្យាត្រូវបានគេចាត់ទុកថា ជាមុខព្រួញពីរសំខាន់ វាអាចនាំយើងឱ្យមានភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ការបំពេញការងារ និងក្នុងការទំនាក់ទំនង ហើយក៏អាចបង្កជាហានិភ័យដល់មនុស្សក្នុងសង្គមបានផងដែរ ប្រសិនបើមនុស្សយកភាពជឿនលឿននៃបច្ចេកវិទ្យានោះទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ ៕