en     km
en     km

អង្គការលីកាដូចាត់ទុកឃាតកម្មលើស្ត្រី២៦នាក់ដោយដៃគូស្និទ្ធស្នាលបង្ហាញពីកម្សោយរបស់អាជ្ញាធរក្នុងការទប់ស្កាត់ឃាតកម្ម

Share

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនានេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ ចេញផ្សាយនូវរបាយការណ៍មួយដែលមានចំណងជើងថា “គ្មានច្រកសុវត្ថិភាព៖បរាជ័យក្នុងការទប់ស្កាត់ឃាតកម្មដោយដៃគូស្និទ្ធស្នាល” ស្ដីពីករណីឃាតកម្មទៅលើស្ត្រី២៦នាក់ និងកុមារ៥នាក់ ដែលប្រព្រឹត្តឡើងដោយដៃគូស្និទ្ធស្នាលបច្ចុប្បន្ន ឬអតីតដៃគូរបស់ពួកគេ នៅចន្លោះ ខែមករា ឆ្នាំ២០២0 ដល់ខែមិថុនា ឆ្នាំ២០២២ នេះ ។ របាយការណ៍នេះ បានដាក់ការចោទប្រកាន់ពីភាពខ្វះខាតរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយសំណូមពរឱ្យមានកំណែទម្រង់ចំពោះបញ្ហានេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

របាយការណ៍របស់អង្គការ លីកាដូនេះ បញ្ជាក់ថា អំពើហិង្សាលើស្ត្រីជាការរំលោភសិទ្ធិមនុស្សដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ហើយភាពចន្លោះប្រហោង និងការខកខានជារឿយៗនៃការអនុវត្តក្របខណ្ឌច្បាប់ជាញឹកញាប់បានអនុញ្ញាតឱ្យអំពើហិង្សានេះបន្តកើតមានឡើង និងកើនឡើងជាលំដាប់។ ជារឿយៗ ករណីនេះក្លាយទៅជាអំពើឃាតកម្ម។

លីកាដូបន្តក្នុងរបាយការណ៍ថា ប្រព័ន្ធការពារ និងឆ្លើយតបរបស់ប្រទេសកម្ពុជា ចាំបាច់ត្រូវតែរៀបចំកែតម្រូវឱ្យប្រសើរឡើង ដើម្បីការពារស្ត្រី និងកុមារនៅទូទាំងប្រទេស ដែលកំពុងប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ ឬកំពុងជួបនូវហានិភ័យនៃបញ្ហានេះ ។ ពួកគេ គួរតែទទួលបានច្រកសុវត្ថិភាពដ៍ពិតប្រាកដមួយ ដើម្បីការរស់នៅដោយគ្មានអំពើហិង្សា ។

 

អ្នកនាង ពីឡូក ណាលី នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានមានប្រសាសន៍ថា “កិច្ចគាំពារ និងសេវាចាំបាច់មួយចំនួន ផ្ដល់អំណាចដល់ស្ត្រី ដើម្បីមានសុវត្ថិភាពក្នុងការចាកចេញពីទំនាក់ទំនងស្និទ្ធស្នាលដែលប្រឈមនឹងការរំលោភបំពាន” ។ អ្នកនាងបន្ថែមថា៖ “វាពិតជាចាំបាច់ណាស់ដែលស្ត្រីអាចស្វែករក និងដឹងពីសិទិ្ធស្របច្បាប់ និងជម្រើសរបស់ពួកគេ ក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងកាលៈទេសៈសំខាន់បែបនេះ” ។

ពាក់ព័ន្ធបញ្ហានេះ លោក ខៀវ សុភក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុករបាយការណ៍របស់លីកាដូនេះ ដែលប្រើពាក្យបរាជ័យគឺជាការមើលស្រាលការខិតខំបំពេញការងាររបស់អាជ្ញាធរមានសមត្ថកិច្ច។

«បើមានព័ត៌មានពិតប្រាកដមានសាក្សីពិតប្រាកដ យើងអាចស្វែងរកមុខសញ្ញាបាន សុំដីការឃាត់ខ្លួនអីចឹងទៅ។ ប៉ុន្តែខ្ញុំគិតថាជាបរាជ័យមិនទាន់ត្រូវទេ ព្រោះថាក្រសួងមហាផ្ទៃមិនទាន់បោះបង់ចោល នូវការស៊ើបអង្កេតហ្នឹងឯណា (មិន)មានទាន់បិទសំណុំរឿងមួយឯណា។ បើយើងបិទសំណុំរឿងមួយយើងបរាជ័យ។ ព្រោះអាហ្នឹងមិនមែនកើតភ្លាមរក(ឃើញ)ភ្លាម ប្រទេសណាក៏ដោយ។ ហើយបើយើងមើលក្នុងលទ្ធផលស៊ើបអង្កេតរបស់យើងប្រចាំឆ្នាំ ដែលបានបូកន្លងមក ដូចជាជាង៩០%នៃបទល្មើសដែលយើងរកឃើញ»។

របាយការណ៍ “គ្មានច្រកសុវត្ថិភាព” បានចាត់ទុកការបរាជ័យជាលក្ខណៈប្រព័ន្ធ ដែលបានរួមចំណែកធ្វើឱ្យស្ត្រី ២៦ នាក់ និងកុមារ ៥ នាក់ បានស្លាប់ ។ ករណីទាំងនេះ មិនបានតំណាងឱ្យចំនួនអំពើហិង្សាគ្រួសារទាំងអស់ដែលកើតឡើងនៅទូទាំងប្រទេសនោះទេ ប៉ុន្តែការរកឃើញនៅក្នុងរបាយការណ៍ បង្ហាញថា បទដ្ឋានយេនឌ័រមិនត្រឹមតែគាំទ្រ និងធ្វើឱ្យមានអំពើហិង្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យស្ថាប័នពាក់ព័ន្ធ បរាជ័យក្នុងការឆ្លើយតប និងដោះស្រាយលើបញ្ហានេះផងដែរ ។

 

ចំនួនជាងពាក់កណ្តាលនៃស្ត្រីដែលត្រូវបានសម្លាប់ ភាគច្រើនគឹបានជួបប្រឈមនឹងអំពើហិង្សាគ្រួសារ មុនពេលពួកគេត្រូវបានសម្លាប់ ។ ពួកគេជាច្រើនបានប្រឈមនឹងឧបសគ្គសង្គម វប្បធម៌ និងសេដ្ឋកិច្ច ក្នុងការរាយការណ៍ពីអំពើហិង្សា ។ ទោះបីជាពួកគេបានរាយការណ៍ពីអំពើហិង្សាគ្រួសារ ប៉ុន្តែការអន្តរាគមន៍របស់អាជ្ញាធរ គឺតែងតែមានភាពយឺតយ៉ាវ និងគ្មានប្រសិទ្ធភាព ។

របាយការណ៍រកឃើញទៀត យ៉ាងតិចណាស់ ១១ ករណី ដែលអាជ្ញាធរបានដឹងពីអាកប្បកិរិយាបែបហិង្សា ឬការសម្រេចចិត្តរបស់ស្ត្រីដើម្បីបញ្ចប់ទំនាក់ទំនងនោះ ប៉ុន្តែគ្មានស្ត្រីណាម្នាក់ទទួលបានការការពារ និងគាំទ្រប្រកបដោយប្រសិទ្ធភាពឡើយ ។ ផ្ទុយទៅវិញ នីតិវិធីលែងលះដែលមិនសមស្រប តែងរារាំងស្ត្រីជាច្រើននាក់ ពីការគេចចេញពីអំពើហិង្សា ខណៈដែលជនល្មើសយ៉ាងតិច ៦ នាក់ ធ្លាប់ចូលរួមដំណើរការផ្សះផ្សា ឬទទួលការអប់រំ ដែលគ្មានប្រសិទ្ធភាពទាំងនោះ ។

ករណីឃាតកម្មដែលបានចងក្រងនៅក្នុងរបាយការណ៍នេះ បានបង្ហាញពីលទ្ធផល និងនីតិវិធីផ្លូវច្បាប់ដែលមិនស៊ីចង្វាក់គ្នា ដោយសារគ្រួសារជាច្រើនទៀតកំពុងរង់ចាំយុត្តិធម៌ ។ របាយការណ៍រកឃើញថា ៦៥%នៃករណី បានឈានដល់ការកាត់ទោសជនល្មើស ដោយតុលាការ (សាលាដំបូង) គិតត្រឹមខែមករា ឆ្នាំ២០២៣ ហើយជនសង្ស័យផ្សេងទៀតនៅបន្តរួចខ្លួន ឬស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន និងខ្លះបានស្លាប់ទៅហើយ ។ ម្តាយរបស់ស្ត្រីដែលត្រូវបានអតីតស្វាមីសម្លាប់ បានមានប្រសាសន៍ថា “គ្មានការអន្តរាគមន៍អីទេ គេ [អាជ្ញាធរ] មិនមក” ។ “កូនស្រីខ្ញុំ បានស្លាប់ទៅហើយ ជនល្មើសនៅតែរួចខ្លួន ។”

 

ភាពខ្វះចន្លោះជាច្រើននៃច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចគាំពារជនរងគ្រោះ ឆ្នាំ ២០០៥ ត្រូវបានលើកឡើងមកជជែកម្តងហើយម្តងទៀតដោយសង្គមស៊ីវិល ។ ប៉ុន្តែគ្មានកិច្ចខិតខំប្រឹងប្រឹងណាមួយ ធ្វើឡើងដើម្បីដោះស្រាយលើបញ្ហាទាំងនេះទេ ចាប់តាំងពីច្បាប់នេះត្រូវអនុម័តជិត ២០ឆ្នាំមកហើយនោះ ។

លោក ខៀវ សុភក្រ ពន្យល់ថា អំពើហិង្សាក្នុងគ្រួសារដែលលោកបញ្ជាក់ថា មានការថយចុះច្រើនកាលពីពេលកន្លងទៅ ។

«អំពើហិង្សាក្នុងគ្រួសារ វាមានពាក្យគ្រួសារ តែគ្រួសារហ្នឹងមានសមត្ថកិច្ចនៅជាមួយទេ? វាទប់ស្កាត់ម៉េច គ្រួសារហ្នឹងសមត្ថកិច្ចតែឯង? វាមិនសំខាន់សមត្ថកិច្ចទប់ស្កាត់ទេ សំខាន់គ្រួសារនីមួយៗ។ ឧទាហរណ៍ប្ដីវ៉ៃប្រពន្ធៗវ៉ៃប្ដី ចឹងហា៎។ ប្ដីវ៉ៃប្រពន្ធៗវ៉ៃប្ដី សុទ្ធតែមកពីសមត្ថកិច្ចមិនទប់ស្កាត់ម៉េច? ប៉ុន្តែពាក្យថាគ្រួសារនេះ គឺជាពាក្យរួមណាស់ រួមសម្រាប់គ្រួសារមួយៗ។ វាដោយឡែកពីសមត្ថកិច្ច។ យើងបានធ្វើសមត្ថកិច្ចក្នុងសហគមន៍ ចង់បញ្ចូលប៉ូលីសក្នុងសហគមន៍ ចង់បញ្ចូលប៉ូលីសក្នុងគ្រួសារ ចង់បញ្ចូលណាស់»។

 

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានមានប្រសាសន៍ថា “អាជ្ញាធរ គួរតែចាត់វិធានការជាបន្ទាន់ និងផ្តល់ច្រកសុវត្ថិភាព ដល់ស្ត្រីទាំងអស់ ដើម្បីឱ្យជីវិតពួកគេ ជៀសផុតពីអំពើហិង្សា” ។ លោកបន្តថា “ការសម្របសម្រួលដែលតែងត្រូវបានប្រើប្រាស់នេះ គឺគ្រាន់តែជាលេស ដើម្បីធ្វើឱ្យមានការផ្សះផ្សាតែប៉ុណ្ណោះ ហើយវិធានការនេះគ្មានប្រសិទ្ធភាពក្នុងការបញ្ចប់អំពើហិង្សានោះទេ ។ ច្បាប់ស្តីពី អំពើហិង្សាក្នុងគ្រួសារ គួរតែត្រូវបានធ្វើវិសោធនកម្មឡើងវិញ ហើយអាជ្ញាធរគួរតែមានទំនួលខុសត្រូវ ចំពោះការណ៍ដែលបដិសេធ និងបរាជ័យក្នុងការអន្តរាគមន៍លើបញ្ហានេះ”៕

Share

ព័ត៌មានទាក់ទង

Image