en     km
en     km

អ្នកជំនាញអប់រំស្នើឱ្យរដ្ឋាភិបាលពង្រឹងការអប់រំពីថ្នាក់បឋមសិក្សាជំរុញគុណភាពអប់រំនៅឧត្តមសិក្សា

Share

ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន និងអ្នកជំនាញអប់រំនៅរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ដើម្បីឱ្យវិស័យអប់រំថ្នាក់ឧត្តមសិក្សាមានភាពល្អប្រសើរ គួរតែផ្ដល់ការអប់រំឱ្យល្អចាប់តាំងពីថ្នាក់ក្រោម។ បន្ថែមពីនេះពួកគេក៏បានចែករំលែកនូវចំណុចគន្លឺះមួយចំនួន ដើម្បីឱ្យការអប់រំបានល្អប្រសើរពីថ្នាក់ក្រោមផងដែរ។ លោក គីម ចាន់ចាវ រាយការណ៍

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង ៧ពាន់នាក់ កាលពីពេលថ្មីៗនេះ បានបង្ហាញមោទកភាពលើវិស័យអប់រំនៅកម្ពុជា ពិសេសការអប់រំថ្នាក់ឧត្តមសិក្សា ដែលមាននិស្សិតជាច្រើន បានចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា ឬសាកលវិទ្យាល័យរបស់រដ្ឋ។ ទន្ទឹមនឹងមោទកភាពបែបនេះ ប្រមុខរដ្ឋាភិបាល បានថ្លែងអំពាវនាវឱ្យមានការពង្រឹងគុណភាពអប់រំ។ មិនអាចឱ្យមានតែការបណ្តុះបណ្តាល មានសញ្ញាបត្រ ហើយគ្មានគុណភាពនោះទេ។ ការអំពាវនាវនេះ ដោយសម្តេចមើលឃើញថា មានការរិះគន់មួយចំនួនពីក្រុមប្រឆាំង ដែលចាត់ទុកថាប្រព័ន្ធអប់រំកម្ពុជា នៅមានកម្រិតនៅឡើយ។

 

ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន ដែលបានបង្ហាញទស្សនៈគាំទ្រការជំរុញដើម្បីវឌ្ឍនភាពវិស័យអប់រំនេះ អះអាងថា ដើម្បីឱ្យវិស័យអប់រំថ្នាក់ឧត្តមសិក្សាមានភាពល្អប្រសើរ គួរតែផ្ដល់ការអប់រំឱ្យល្អចាប់តាំងពីថ្នាក់ក្រោម។

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថាន ទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា ដែលជាសាស្ត្រាចារ្យបង្រៀននៅថ្នាក់ឧត្តមសិក្សាផងនោះ បានយល់ស្របចំពោះការលើកឡើងនេះ ប៉ុន្តែលោកបន្ថែមថា នៅពេលដែលពង្រឹងពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យបានល្អហើយ ការអប់រំនៅថ្នាក់ឧត្តមសិក្សាក៏ជាការដែលត្រូវយកចិត្តទុកដាក់ចាំបាច់ផងដែរ។

ពាក់ព័ន្ធវិស័យអប់រំនេះលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវអាទិភាពលើកកម្ពស់គុណភាពអបរំចំនួន ៨ ចំណុច ដើម្បីឆ្លើយតបនឹងបរិវត្តកម្មការអប់រំរួមមាន៖ ១)ការបើកដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញ និងការបន្តការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស។២)កំណែទម្រង់សាលារៀន។ ៣) ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនប្រកបដោយគុណភាពកម្រិតខ្ពស់។ ៤)ការអប់រំឌីជីថល។ ៥)ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ៦)ការអភិវឌ្ឍបំណិនសតវត្សទី២១ សម្រាប់យុវជន។ ៧)ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅឧត្តមសិក្សា និង៨)ការពង្រឹងប្រព័ន្ធអប់រំ និងកសាងសមត្ថភាពស្ថាប័ន។

 លោក រ៉ុង ឈុន បានបន្តការកត់សម្គាល់របស់ខ្លួនថា ដើម្បីការអប់រំល្អគឺមិនត្រូវឱ្យមានឥទ្ធិពលគណបក្សនយោបាយ ជ្រាបចូលក្នុងគ្រឹះស្ថានសិក្សាឡើយ។ ចំណែកលោកបណ្ឌិត ឈត ប៊ុនថង មើលឃើញថា ការអប់រំនៅថ្នាក់ក្រោមដែលមានសិស្សចំនួនតិចនៅឡើយ ទទួលបានការអប់រំគុណភាពល្អបានផ្ដល់ទស្សនៈថា ក្រសួងអប់រំ គួររៀបចំកម្មវិធីឱ្យល្អចងក្រងជាសៀវភៅគោលសម្រាប់គ្រូបង្រៀន។

 

ផ្សេងពីនេះទៀត លោក រ៉ុង ឈុន បានលើកឡើងនូវចំណុចមួយចំនួន ដើម្បីលើកកម្ពស់ការអប់រំ ដោយផ្ដោតលើជីវភាពគ្រូបង្រៀន សម្ភាៈសិក្សា និងវិន័យគ្រូបង្រៀន។

 

មាត្រា ៦៨ នៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងថា រដ្ឋាភិបាលត្រូវផ្តល់ការអប់រំកម្រិតបឋម និងមធ្យមសិក្សាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទាំងអស់ហើយម្នាក់ៗត្រូវបន្តការសិក្សាជាមូលដ្ឋានយ៉ាងហោចណាស់ឲ្យបានរយៈពេល ៩ ឆ្នាំ។ ការអប់រំគឺជាក្បាលម៉ាស៊ីនគ្រឹះនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសម្រាប់ប្រទេសមួយ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។  ចំណេះដឹងអាចធ្វើជាផ្លូវដែលអាចឱ្យមនុស្សធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ពួកគេ ហើយវាមានសារៈសំខាន់ណាស់សម្រាប់វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច៕

Share

ព័ត៌មានទាក់ទង

Image