en     km
en     km

ប្រធានាធិបតី​ហុងឌូរ៉ាសបានលុបចោលនូវច្បាប់ហាមប្រាមស្រ្តីប្រើថ្នាំពន្យារកំណើតបន្ទាន់

Share

កាលពីថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ប្រធានាធិបតីហុងឌូរ៉ាស អ្នកស្រី Xiomara Castro បានលុបចោលច្បាប់ហាមឃាត់មិនឱ្យប្រើប្រាស់ ឬដាក់លក់ថ្នាំពន្យារកំណើតបន្ទាន់នៅលើទីផ្សារក្នុងប្រទេសភ្លាមៗ។

(កញ្ញា កែវ សុជាតា រាយការណ៍)

យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រ ទី១០ ខែមីនានេះ បានរាយការណ៍ថា អ្នកស្រី Xiomara Castro ជាប្រធានាធិបតី​ស្ត្រី​ដំបូង​គេបង្អស់​របស់​ប្រទេសហុងឌូរ៉ាសបានចុះហត្ថលេខានៅក្នុងថ្ងៃទិវានារីអន្តរជាតិ ៨មីនា ដើម្បីអនុម័តលុបចោលនូវច្បាប់ដែលប្រឆាំងមិនឱ្យស្រ្តីប្រើប្រាស់ថ្នាំពន្យារកំណើតបន្ទាន់។

ប្រធានាធិបតីរូ​បនេះបាននិយាយនៅលើបណ្តាញសង្គមថា ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ ឬភាសាអង់គ្លេសហៅ «morning-after pill» ជាផ្នែកមួយនៃសិទ្ធិបន្តពូជរបស់ស្ត្រី ខណៈដែលវាមិនមែនជាមធ្យោបាយដើម្បីរំលូតកូននោះទេ។ អ្នកស្រីបានបន្តថា ថ្ងៃនេះជាថ្ងៃទី៨ ខែមីនា ពោលគឺជាថ្ងៃរំលឹកដល់ការតស៊ូរបស់ស្ត្រីគ្រប់រូបនៅលើសកលលោក ជាពិសេសអ្នកស្រីកំពុងចុះហត្ថលេខាលើបទបញ្ជាបើកឱ្យប្រើប្រាស់ជាសកល នូវថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់។

គួរបញ្ជាក់ផងដែរថា អ្នកស្រី Castro ទើបបានចូលកាន់តំណែងជាប្រធានាធិបតីហុងឌូរ៉ាស នៅក្នុងឆ្នាំ២០២២កន្លងទៅនោះទេ។ តែយ៉ាងណា អ្នកស្រីបានសន្យាទៅកាន់អ្នកគាំទ្រខ្លួនថា អ្នកស្រីនឹងបន្ធូរបន្ថយច្បាប់ស្តីពីសិទ្ធិបន្តពូជរបស់ស្រ្តី ដែលកន្លងមកប្រទេសហុងឌូរ៉ាសតែងតែដាក់សម្ពាធ និងរឹតត្បិតឥតឈប់ឈរ។

ប្រទេសហុងឌូរ៉ាសជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀត ដែលប្រតិបត្តិសាសនាកាតូលិកអាមេរិកកណ្តាលយ៉ាងខ្ជាប់ខ្ជួន។ កត្តានេះហើយ បណ្តាលឱ្យមានការហាមឃាត់មិន​មានការប្រើប្រាស់ ឬលក់ដូរថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ជាដាច់ខាតចាប់ពីឆ្នាំ២០០៩មកម្ល៉េះ ដោយពួកគេយល់ថា នេះជាមធ្យោបាយរំលូតកូន។

យ៉ាងណាមិញ កាលពីខែធ្នូឆ្នាំមុននេះ ក្រសួងសុខាភិបាលហុងឌូរ៉ាសបានអនុម័តឱ្យជនរងគ្រោះដោយការរំលោភសេពសន្ថវៈប្រើប្រាស់ថ្នាំគ្រាប់នេះ។ ផ្ទុយទៅវិញ អំឡុងពេលបទសម្ភាសន៍ក្នុងឆ្នាំ២០២២ សម្រាប់ភាពយន្តឯកសាររបស់ BBC ស្តីពីថ្នាំរំលូតកូនក្នុងទីផ្សារងងឹត រដ្ឋមន្ត្រីសុខាភិបាលហុងឌូរ៉ានបាននិយាយថា ប្រទេសនេះនឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនលើបញ្ហានេះឡើយ។ លោកបាននិយាយនៅពេលនោះថា ពួកលោកនឹងមិនផ្សព្វផ្សាយថ្នាំពន្យារកំណើតបន្ទាន់នេះទេ ដោយសារនេះជាការប្រមាថផ្លូវភេទដ៏ធ្ងន់ធ្ងរមួយ។

ដោយឡែក សកម្មជនសិទ្ធិបន្តពូជ អ្នកស្រី Sandy Artega បានស្វាគមន៍ការសម្រេចចិត្តរបស់ប្រធានាធិបតី Castro ប៉ុន្តែបាននិយាយថា មានការងារជាច្រើនទៀតដែលត្រូវធ្វើ។អ្នកស្រីបានប្រាប់ BBC ថា ពេលនេះទ្វារបើកចំហសម្រាប់សិទ្ធិផ្លូវភេទ និងបន្តពូជរបស់ស្រ្តីនៅប្រទេស​ហុងឌូរ៉ាស។

សូមជម្រាបថា ការរំលូតកូនក្នុងប្រទេសហុងឌូរ៉ាស គឺជារឿងខុសច្បាប់មួយក្នុងគ្រប់ករណីទាំងអស់ ដែលអាចផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ប្រាំមួយឆ្នាំ សូម្បីតែក្នុងករណីរំលោភ ឬរួមរក្សក៏ដោយ។ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៩បានឱ្យដឹងថា ការរំលូតកូនដែលមិនមានសុវត្ថិភាពចន្លោះពី ៥១ ម៉ឺនករណី (៥១,000) ទៅ ៨២ម៉ឺនករណី (៨២,000) កើតមានឡើងនៅក្នុងប្រទេសហុងឌូរ៉ាសជារៀងរាល់ឆ្នាំ៕

ប្រភព៖ BBC ចុះថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image