នៅក្នុងឱកាសបើកពិធីបុណ្យទន្លេលើកទី៧ នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នាខេត្តកំពង់ធំ ដែលជាខេត្តមួយជាប់បឹងទន្លេសាប សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងរំលឹកជាថ្មីអាជ្ញាធរអំពីការបែងចែកដីបឹងទន្លេសាបជា ៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង។
សម្ដេចបញ្ជាក់ថា ដីតំបន់ ៣ ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ។ ចំណែកដីតំបន់២ ជាដីដែលអាចអាស្រ័យផល ប៉ុនែ្តមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានទេ និងដីតំបន់១ ជាដីដែលអាចអាស្រ័យផល និងអាចធ្វើជាម្ចាស់-កម្មសិទ្ធិបាន។
ឆ្លៀតក្នុងឱកាសនោះ សម្តេចបានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវបន្តជំរុញកិច្ចការវាស់វែង និងឆ្វៀលដីចេញពីតំបន់២ និងតំបន់៣ នៃផ្ទៃបឹងទន្លេសាប ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់១ និងការអាស្រ័យផលនៅតំបន់២ និងបន្តរស់នៅអាស្រ័យផលនៅតំបន់៣។
គួររម្លឹកថារាជរដ្ឋាភិបាលកាលពីខែឧសភា ឆ្នាំ២០២២ ធ្លាប់បានបញ្ជាឱ្យធ្វើការកែសម្រួលដោយកាត់ឆ្វៀលផ្ទៃបឹងទន្លេសាបខ្លះចេញពីតំបន់២ចូលជាតំបន់១ និងកាត់ផ្ទៃបឹងទន្លេសាបខ្លះចេញពីតំបន់៣ចូលជាតំបន់២ ដោយផ្អែកទៅតាមស្ថានភាពជាក់ស្ដែងនៃការស់នៅរបស់ប្រជាពលរដ្ឋ និងផ្អែកតាមការអភិរក្ស។
ផ្ទៃដីបឹងទន្លេសាបត្រូវបានរងការរំលោភបំពានពីសំណាក់មន្ដ្រីអាជ្ញាធរ ជ្រកក្រោមស្លាកជាប្រជាពលរដ្ឋ។ តែកាលពីដើមឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ការបង្ក្រាបបទល្មើសនានាជុំវិញបឹងទន្លេសាប។ បើតាមក្រសួងដែនដីថា មានផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាបប្រមាណជាង ៦ ម៉ឺនហិចតា បានរឹបអូសយកមកវិញ និងមានមន្ដ្រីមួយចំនួនបានចាប់ខ្លួនពាក់ព័ន្ធនិងការទន្ទ្រានដីកាន់កាប់ខុសច្បាប់ ស្របពេលមន្ដ្រីមួយចំនួនបានសម្រចប្រគល់ជូនរដ្ឋវិញ។
សូមជម្រាបថា បឹងទន្លេសាបមាននៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ៕