en     km
en     km

ទិវាជាតិអំណានឆ្នាំនេះ កាន់តែមានលក្ខណៈធំទូលាយ មានកម្មវិធីសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា

Share

ក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារនិងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណានឆ្នាំ២០២៣ ក្រោមប្រធានបទ«អំណានជាមាគ៌ាឆ្ពោះទៅបវិវត្តកម្មវិស័យអប់រំ» នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨:០០ព្រឹកដល់ម៉ោង ១៧:០០ នាទីល្ងាច ព្រមទាំងមានការតាំងពិព័រណ៍សៀវភៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោក គីម ចាន់ចាវ រាយការណ៍ 

 

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ទិវាជាតិអំណាន ១១ មីនា ត្រូវបានរៀបចំប្រារព្ធតាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋអំណាច អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធដទៃទៀត។ ក្រសួង បានរៀបចំប្រារព្ធទិវាជាតិអំណាន ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦ មិនថាមានឧបសគ្គអ្វីឡើយ ដោយមានការរៀបចំកម្មវិធីសំខាន់ៗជាច្រើន។

 

“ទោះបីជាក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ការប្រារព្ធទិវាជាតិអំណាន ដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព តាមមធ្យោបាយអនឡាញ និងកូនកាត់ គឺពាក់កណ្ដាល អនឡាញ ដែលពីមួយឆ្នាំទៅមួយឆ្នាំ ការប្រារព្ធទិវាជាតិអំណាន កាន់តែមានលក្ខណៈធំទូលាយឡើងៗ ហើយកាន់តែមានលក្ខណៈផុសផុល ជាទីចាប់អារម្មណ៍ និងមានការចូលរួមគ្រប់មជ្ឈដ្ឋាន”។

 

ក្នុងឱកាសទិវាជាតិអំណានឆ្នាំ២០២៣ ក្រសួងនឹងប្រកាសលទ្ធផលជ័យលាភីផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ“ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន- និងលទ្ធផលជ័យលាភីផ្នែកបកស្រាយអក្សរសិល្ប៍ រួមនឹងការធ្វើបាឋកថាស្រាវជ្រាវ ស្តីពី «រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ក្នុងបរិបទនៃការអប់រំក្នុងសតវត្សទី២១»ដោយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សា ស្តីពី «សារៈសំខាន់របស់អំណានក្នុងការសិក្សា» ដោយព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងលោកសាស្ត្រាចារ្យបណ្ឌិត អាំង ជូលាន នរវិទូពានរង្វាន់ឆ្នើម ហ្វ៊ីតូអូកា នៃប្រទេសជប៉ុន។ លោករដ្ឋមន្ត្រីអប់រំ បុគ្គលិកអប់រំ សិស្ស និស្សិត និងសាធារណជន ចូលរួមគាំទ្រទិវាជាតិអំណាន លើកទី៨ (១១ មីនា ២០២៣) នេះឱ្យបានអធិកអធម ទាំងតាមរយៈការចូលរួមដោយផ្ទាល់ និងតាមការផ្សាយលើបណ្ដាញសង្គមក្រសួងអប់រំ។

 

«បាទ អាស្រ័យហេតុនេះ​ ខ្ញុំសូមឱ្យ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសិស្សានុសិស្សទាំងអស់ ចូលរួមដោយផ្ទាល់ក្ដី ក៏ដូច​ជាតាម មើលតាមហ្វេសប៊ុកក្ដី ឱ្យគាត់តាមដាននូវព្រឹត្តិការណ៍ផ្សេងៗ ពាក់ព័ន្ធនឹងការប្រារព្ធទិវាជាតិអំណាននេះ ទាំងនៅលើគេហទំព័រផ្លូវការ ក៏ដូចជាចូលរួមដោយផ្ទាល់ នូវជាពិសេសនៅក្នុងសិក្ខាសាលាក្ដី នៅស្ដង់ ពិពរណ៍សៀវភៅក្ដីហ្នឹង នៅថ្ងៃទី១០ ដល់ទី១២ហ្នឹងបាទ គឺនៅបរិវេនវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)»។

 

 

លោក ហង់ជន ណារ៉ុន បានបង្ហាញការកត់សម្គាល់ថា ទិវាជាតិអំណាន កាន់តែមានលក្ខណៈធំទូលាយ ដោយមានកម្មវិធីសំខាន់ៗជាច្រើន ដើម្បីជំរុញ និងលើកកម្ពស់អំណាននៅកម្ពុជាដូចជា៖ ការឃោសនា បិតផ្សាយបដាពាក្យស្លោក ខិតបណ្ណ តាមប្រព័ន្ធផ្សព្វផ្សាយនានា, ការធ្វើសន្និសីទសារព័ត៌មាន, ការប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងការតែងនិពន្ធសម្រាប់សិស្សានុសិស្ស តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ, ការប្រកួតប្រជែងបកស្រាយប្រធានបទសំខាន់ៗ របស់មន្ត្រីអប់រំ និងសាធារណជន, ការតាំងពិព័រណ៍សៀវភៅ, ការធ្វើបាឋកថាប្រធានបទសំខាន់ៗ, ការធ្វើបទបង្ហាញ និងកិច្ចភិភាក្សាដោយវាគ្មិនសំខាន់ៗ៕

 

 

Share

ព័ត៌មានទាក់ទង

Image