en     km
en     km

ទូរទស្សន៍អាហ្វហ្គានីស្ថានចាក់ផ្សាយវីដេអូទាក់ទងនឹងស្ត្រី ក្នុងបំណងទាមទារសិទ្ធិក្នុងទិវានារីអន្តរជាតិ

Share

ដើម្បីប្រារព្ធទិវានារីអន្តរជាតិ ទូរទស្សន៍ក្នុងស្រុករបស់ប្រទេសអាហ្វហ្គានីស្ថានមួយបានចាក់ផ្សាយកម្មវិធីដែលប្រជុំទៅដោយក្រុមស្រ្តីនានា នេះជាការចាក់ផ្សាយដ៏កម្រមួយ បន្ទាប់ពីពួកតាលីបង់លុកលុយកាន់កាប់ប្រទេសនេះ។

(កញ្ញា កែវ សុជាតា រាយការណ៍)

យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា កាលពីថ្ងៃពុធ​ ទី៨ ខែមីនា ឆ្នាំ២០២៣ ទូរទស្សន៍ក្នុងស្រុករបស់ប្រទេសអាហ្វហ្គានីស្ថានហៅ Tolo News  បានចាក់ផ្សាយកម្មវិធីដែលស្រ្តីជាច្រើនមានវត្តមាននៅលើ កញ្ចក់ទូរទស្សន៍ អមដោយការចូលរួមពីសំណាក់ទស្សនិកជនជាស្ត្រីជាច្រើន ដើម្បីប្រារព្ធទិវានារីអន្តរជាតិ ៨មីនា។

គណៈកម្មាការស្ត្រីចំនួន ៣ រូប និងអ្នកសម្របសម្រួលស្ត្រីម្នាក់ បានពាក់ម៉ាសដើម្បីការពារកុំឱ្យគេស្គាល់អត្តសញ្ញាណរបស់ខ្លួន អំឡុងពេលចាក់ផ្សាយកម្មវិធីនៅក្នុងកញ្ចក់ទូរទស្សន៍។ កម្មវិធីចាក់ផ្សាយនេះ ប្រារព្ធឡើង ដើម្បីពិភាក្សាលើប្រធានបទ តួនាទីស្ត្រីក្នុងសាសនាអ៊ីស្លាម។

អ្នកកាសែត Asma Khogyani បាននិយាយក្នុងកិច្ចពិភាក្សានេះថា ស្ត្រីមានសិទ្ធិតាមរយៈទស្សនៈរបស់សាសនាឥស្លាមក៏ពិតមែន ក៏ប៉ុន្តែ​​ពួកគេមានសិទ្ធិរសរីភាពបស់ខ្លួនផ្ទាល់ ពោលគឺអាចធ្វើការ និងទទួលបានការអប់រំដូចមនុស្សគោរពប្រតិបត្តិលទ្ធិឬសាសនាផ្សេងៗដែរ។ អ្នកស្រីបានបន្តថា បើទោះបីជាគេចង់បាន ឬមិនចង់បានអ្នកបំពេញការងារជាស្រ្តីក្តី ក៏ប៉ុន្តែស្ត្រីមានចំនួនច្រើននៅក្នុងសង្គម។ អ្នកស្រីបានបញ្ជាក់ថា ប្រសិនបើស្រ្តីមិនទទួលបានការអប់រំនៅសាលារៀននោះទេ ស្រ្តីទាំងនេះនឹងរៀននៅផ្ទះដោយខ្លួនឯង។

ដោយឡែក កាលពីឆ្នាំមុន តាមការស្ទង់មតិរបស់អង្គការអ្នកកាសែតគ្មានព្រំដែនបានរកឃើញថា អ្នកកាសែតភេទស្រីជាង ៧៥ ភាគរយ បានបាត់បង់ការងារចាប់តាំងពីក្រុមតាលីបង់បានចូលកាន់តំណែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលកងកម្លាំងបរទេសបានដកខ្លួនក្នុងខែសីហាឆ្នាំ២០២១។

សូមបញ្ជាក់ថា ពួកតាលីបង់កាលពីឆ្នាំមុន បានរឹតបន្តឹងក្មេងស្រីមិនឱ្យចូលរៀននៅវិទ្យាល័យ សាកលវិទ្យាល័យ និងបញ្ឈប់បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលជាស្ត្រីមួយចំនួនធំ។

ដោយសារតែការរឹតបន្តឹងកាន់តែខ្លាំងឡើង ក៏ដូចជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងររបស់ប្រទេស អង្គការពលកម្មអន្តរជាតិបាននិយាយថា ការងារស្ត្រីបានធ្លាក់ចុះ ២៥ ភាគរយ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២១ មកម្ល៉េះ។ អង្គការបានបន្ថែមថា ស្ត្រីជាច្រើនបានងាកមករកអាជីពធ្វើការឱ្យខ្លួនឯង ដូចជាកាត់ដេរនៅផ្ទះជាដើម។

បេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន (UNAMA) កាលពីថ្ងៃពុធទី៨ ខែមីនានេះ បានអំពាវនាវឱ្យពួកតាលីបង់ លុបចោលការរឹតបន្តឹងលើសិទ្ធិកុមារី និងស្ត្រី ដោយពួកគេកំពុងបារម្ភនូវ។

ពួកតាលីបង់បាននិយាយថា ពួកយើងគោរពសិទ្ធិស្ត្រី ព្រមទាំងការបកស្រាយច្បាប់របស់អ៊ីស្លាម និងវប្បធម៌អាហ្វហ្គានីស្ថាន ពិសេសអាជ្ញាធរបានបង្កើតគណៈកម្មាធិការមួយដើម្បីត្រួតពិនិត្យបញ្ហា ដែលគេយល់ឃើញថា​ នឹងឆ្ពោះទៅរកការបើកសាលាសម្រាប់កុមារីឡើងវិញ៕

ប្រភព៖​ CNA ចុះថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image