en     km
en     km

ស្រ្តី៣៩នាក់ចាញ់បោកមេខ្យល់ករណីទៅធ្វើការនៅសាធារណរដ្ឋកូរ៉េមិនស្របច្បាប់

Share

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយគណៈបញ្ជាឯកភាពខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ពាក់ព័ន្ធករណីនាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្នងការដ្ឋាននករបាលរាជធានីភ្នំពេញ ឲ្យដឹងថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនោះដែរ សមត្ថកិច្ចបានរកឃើញមានជនរងគ្រោះចំនួន១២៤នាក់ ក្នុងនោះមានស្ត្រី៣៩នាក់។ បន្ទាប់ពីមានការត្រួតពិនិត្យរួចសមត្ថកិច្ច សម្រេចនាំខ្លួនជនសង្ស័យឈ្មោះ តាំ ច័ន្ទទី ហៅ សីហា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងនាំជនរងគ្រោះទៅកាន់ការិយាល័យជំនាញដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវបន្ថែម។

តាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា ពួកគេបានខាតបង់ប្រាក់ដែលបានឲ្យទៅជនសង្ស័យខាងលើក្នុងម្នាក់ៗចន្លោះពី ៦០០ដុល្លារ ទៅ ៨០០ដុល្លារ។ នេះបើយោងតាមស្នងការដ្ឋាននករបាលរាជធានីភ្នំពេញដដែល។
យ៉ាងណាមិញសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះសរុបទាំង១២៤នាក់ បានវិលត្រលប់ទៅលំនៅដ្ឋានវិញហើយ៕

Share

Image
Image
Image