en     km
en     km

៨មីនា២០២៣៖ ក្រសួងនិងសង្គមស៊ីវិលមើលឃើញអំពើហិង្សាលើស្ដ្រីនៅតែជាបញ្ហាប្រឈម

Share

លោកស្រី ចក់ សុភាព នាយិកាអង្គការសិទ្ធិមនុស្សកម្ពុជា(CCHR) បានលើកឡើងថា បញ្ហារបស់ស្ដ្រីប្រឈមខ្លាំងជាងគេ គឺអំពើហិង្សា។ លោកស្ដ្រីបញ្ជាក់ឱ្យដឹងថា អំពើហិង្សាតែងតែកើតមានពីសំណាក់អាជ្ញាធរ ក្រុមគ្រួសារ និងចំណោមសាធារណជននានា។ ការលើកឡើងរបស់លោកស្រី ខណៈចូលរួមយុទ្ធនាការ ៨ មីនា គាំពារស្រ្តី និងក្មេងស្រីដើម្បីយុត្តិធម៌ទាំងអស់គ្នា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ។


ឆ្លៀងក្នុងឱកាសនោះ លោកស្រីនាយិកាCCHRរូបនេះបានជំរុញឱ្យសាធារណជនចូលរួមការពារ និងគាំពារស្ដ្រី នៅពេលឃើញស្ដ្រីណាម្នាក់រងអំពើហិង្សា។
ស្របគ្នានឹងការលើកឡើងនេះ ក្រសួងកិច្ចការនារីដែលមានលោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី ជារដ្ឋមន្រ្តីកាលពីថ្ងៃទី៧ ខែមីនា ក្នុងឱកាសអបអរទិវាអន្ដរជាតិនារី ក៏បានលើកឡើងដូចគ្នាថា ស្ដ្រីមួយចំនួននៅតែប្រឈមនិងអំពើហិង្សា។ តែលោកស្រីអះអាងថា ការលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី នៅតែជាកិច្ចការអាទិភាពចម្បង ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងភាពសុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ។


រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនារីលើកទី ១១២ ឆ្នាំ២០២៣នេះដែរ បានស្នើឱ្យបញ្ឈប់អំពើហិង្សាលើស្ដ្រី និងអំពាវនាវឱ្យចូលរួមលុបបំបាត់អំពើហិង្សាលើស្ដ្រីគ្រប់ទម្រង់ទាំងអស់។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលគឺពង្រឹងអំណាចរបស់ស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចក្នុងគ្រួសារ។


គោលនយោបាយរបស់រាជរដ្ឋាភិបាលបានចាត់ទុកស្ដ្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ តែយ៉ាងណាសង្គមស៊ីវិលដូចជាGAD/C ជាដើមធ្លាប់លើកឡើងថា ស្ដ្រីក្នុងវិស័យសំខាន់ៗ មាននយោបាយ សេដ្ឋកិច្ច និងវិស័យផ្សេងៗហាក់នៅមានចំនួនតិចតួចនៅឡើង ទោះបីប៉ុន្មានឆ្នាំមកនេះមានការកើនឡើងក៏ដោយ៕

Share

ព័ត៌មានទាក់ទង

Image