ក្រុមជំនួយការរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ និងដកសិទ្ធិធ្វើនយោបាយបានឱ្យដឹងថា ចាប់តាំងពីថ្ងៃដែលលោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោសនៅថ្ងៃទី០៣ ខែមីនាមក ពួកគេដែលជាជំនួយការបានដាក់ខ្លួននៅឆ្ងាយពីលោក កឹម សុខា ដោយរក្សាភាពស្ងៀមស្ងាត់រង់ចាំមើលស្ថានការណ៍បន្ត។ ស្ថានភាពលោក កឹម សុខា យ៉ាងណា រហូតមកដល់ពេលនេះ ក្រុមជំនួយការនៅមិនទាន់ដឹងនៅឡើយទេ។
លោក គីម ចាន់ចាវ រាយការណ៍
លោក មុត ចន្ថា ជំនួយការស្និទ្ធនឹងលោក កឹម សុខា បានឱ្យដឹងថា លោកមិនមានដំណឹងពាក់ព័ន្ធនឹងបច្ចុប្បន្នភាពរបស់លោក កឹម សុខា នោះឡើយ ព្រោះលោកក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងៗទៀតដែរ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចហាមឃាត់មិនឱ្យជួបលោក កឹម សុខា តាមអំណាចនៃសាលក្រម។
ចំណែកជំនួយការម្នាក់ទៀតរបស់លោក កឹម សុខា ដែលបានតាមដានយ៉ាងស្និទជុំវិញសំណុំរឿងលោក កឹម សុខា ទាំងនៅតុលាការនឹងនៅផ្ទះគឺលោក យឹម ស៊ីណន បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០៩ ខែមីនានេះថា លោកនៅតែបន្តតាមដានស្ថានភាពលោក កឹម សុខា ដដែល។ ប៉ុន្តែយ៉ាងណាគិតចាប់ពីថ្ងៃដែលតុលាការផ្ដន្ទាទោសជាផ្លូវការ នឹងដាក់បម្រាមមិនឱ្យលោក កឹម សុខា ជួបអ្នកផ្សេងក្រៅពីសមាជិកគ្រួសារ លោក យឹម ស៊ីណន ហាក់ដាច់ឆ្ងាយពីព័ត៌មានអំពីស្ថានភាពលោក កឹម សុខា។ ជំនួយការរូបនេះ បញ្ជាក់ថា ក្រុមរបស់លោកនៅរក្សាភាពស្ងៀមស្ងាត់រង់ចាំមើលស្ថានភាពបន្ត។
«អូ! មកដល់ថ្ងៃហ្នឹងអត់មានបានដឹងអីបន្តិចនៀក។ ខ្ញុំតាមដាន ប៉ុន្តែអត់ទាន់មានអី ស្ងាត់ដូចគ្នា។ ….។ ហ្នឹងហើយអត់ទាន់ដឹងពួកយើងរក្សាភាពស្ងៀមស្ងាត់រង់ចាំមើលស្ងានភាពបន្តិចសិន..»។
វិទ្យុស្ត្រីបានព្យាយាមទាក់ទងមេធាវីការពារក្ដីលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី នៅថ្ងៃទី០៩ ខែមីនានេះ ដើម្បីសួរនាំពីស្ថានភាពលោក កឹម សុខា អំឡុងពេលជាប់ឃុំនៅក្នុងផ្ទះ និងចំណាត់ការបន្តរបស់ក្រុមមេធាវី ប៉ុន្តែអ្នកស្រីមេធាវីបដិសេដផ្ដល់បទសម្ភាស ដោយមានបញ្ហាសុខភាព។ ចំណែកលោកមេធាវី អាង ឧត្តម ដែលបានចេញមុខបកស្រាយពន្យល់អ្នកសារព័ត៌មានពីសាលក្រមលោក កឹម សុខា ទូរសព្ទរបស់លោកមិនអាចទាក់ទង់បានឡើយ។ ប៉ុន្តែនៅថ្ងៃប្រកាសសាលក្រម លោកមេធាវីអះអាងថា ការកាត់ក្ដីឱ្យលោក កឹម សុខាជាប់ឃុំ២៧ឆ្នាំ និងហាមប្រាមសិទ្ធិនយោបាយនេះ ជារឿងអយុត្តិធម៌ដែលមិនអាចទទួលយកបាន ដែលក្រុមមេធាវី ចង់ប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ តែត្រូវរង់ចាំការសម្រេចពីលោក កឹម សុខា ជាកូនក្តីសិន។
«អត់ត្រឹមត្រូវ អត់យុត្តិធម៌ អត់យោងទៅតាមនីតិវិធី អត់យោងទៅតាមច្បាប់គោលការណ៍អីត្រឹមត្រូវទេ គឺអានសង្ខេបៗ សាលក្រមមានជាង១០០ទំព័រ តែអានសង្ខេបៗទេ។ កិច្ចការសំខាន់បំផុតគឺមិនបញ្ចេញឈ្មោះបរទេស រដ្ឋបរទេសជាដាច់ខាត»។
ត្រូវតតាំងអស់រយៈពេល៥ឆ្នាំ ៦ខែ សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោសនៅថ្ងៃសុក្រសប្តាហ៍មុន។ អ្នកនយោបាយដែលធ្លាប់អះអាងខ្លួនថា គំរាមមិនព្រឺ សំឡុតមិនខ្លាចរូបនេះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានភ្នំពេញចេញសាលក្រមសម្រេចផ្ដន្ទាទោស ជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ តែត្រូវឃុំខ្លួននៅក្នុងផ្ទះរបស់លោក ហើយសិទ្ធិនយោបាយក៏ត្រូវដកជាស្ថាពរដែរ។ មានន័យថា លោក កឹម សុខា មិនអាចធ្វើនយោបាយអស់មួយជីវិត។ ក្នុងពេលអនុវត្តទោសដោយឃុំខ្លួននៅផ្ទះ លោកត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវ តុលាការ ដោយហាមទំនាក់ទំនងជាមួយបុគ្គលផ្សេងៗទាំងជនជាតិខ្មែរនិងបរទេស លើកលែងតែក្រុមគ្រួសាររបស់លោក។ លើសពីនេះ តុលាការព្រមានថា ប្រសិនបើប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បំពានលក្ខខណ្ឌ ទាំងនេះ សមត្ថកិច្ចនឹងចាប់ខ្លួនលោក ទៅឃុំនៅពន្ធនាគារ ភ្លាមៗ៕