en     km
en     km

យល់ដឹងពីសុខភាពមាត់ធ្មេញចំពោះស្ត្រីមានផ្ទៃពោះ ភាគ១

Share

សុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ ហើយជាផ្នែកមួយដែលជួយអោយសុខភាពរាងកាយទូទៅមានភាពល្អប្រសើរផងដែរ។ ដូច្នេះស្ត្រីដែលមានការថែរក្សាសុខភាពមាត់ធ្មេញបានល្អអំឡុងពេលមានផ្ទៃពោះ គឺជាប្រការសំខាន់សម្រាប់ម្តាយនិងទារក ដែលកំពុងកកើតនិងរីកធំលូតលាស់ក្នុងផ្ទៃម្តាយ ព្រោះអាចជៀសវាងការបង្ករោគផ្សេងៗនៅក្នុង មាត់បាន។

តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានបង្ហាញថា ពេលដែលស្ត្រីមានផ្ទៃពោះ ក្នុងមាត់របស់ស្រ្តីមានការប្រែប្រួលដូចជា៖ ស្រ្តីងាយក្នុងការរលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញជាដើម។ ជាងនេះស្រ្តីងាយហើមនិងដុះលូតវែងនៅអញ្ចាញធ្មេញ និងកើតឡើងនូវពងបែកក្នុងមាត់ជាញឹកញាប់។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

តើស្ត្រីមានផ្ទៃពោះអាចធ្វើធ្មេញបានដែរ រឺទេ?
មន្ទីរពេទ្យកាល់ម៉ែត្របានពន្យល់ថា ជាទូទៅពាក្យថាធ្វើធ្មេញ មានន័យទូលំទូលាយណាស់។ ការងារជាទូទៅដូចជា ការសំអាតធ្មេញ រឺប៉ះធ្មេញ មិនមានការប៉ះពាល់ និងការព្រួយបារម្មណ៍ឡើយចំពោះស្រ្តីមានផ្ទៃពោះ។ ហើយការងារដូចជា ការដកធ្មេញ ការព្យាបាលធ្មេញ រឺការវះកាត់ក្នុងមាត់ ត្រូវមានការប្រឹក្សាជាមួយទន្តបណ្ឌិត និងទាមទារនូវការពិនិត្យតាមដាន និងការយកចិត្តទុកដាក់ខ្ពស់។
មន្ទីរពេទ្យកាល់ម៉ែត្របានបន្ថែមថា ការពត់តំរង់ធ្មេញដែលជាការងារមួយចំនួនដែលធ្វើអោយ  សោភ័ណភាពប្រសើរនេះ ស្ត្រីមានផ្ទៃពោះគួររង់ចាំក្រោយសម្រាលជាមុនសិន។

បន្ថែមពីនេះ ខែដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នកជំងឺដែលមានផ្ទៃពោះ ជាទូទៅគឺត្រីមាសទី២ ពោលគឺក្នុងខែទី៤ ទី៥ និងទី៦ ចំពោះការព្យាបាលធ្មេញ។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

ចុះបើស្ត្រីមានផ្ទៃពោះឈឺធ្មេញនៅក្នុងត្រីមាសទី១ រឺត្រីមាសទី៣ គួរធ្វើដូចម្តេច?
ចំពោះស្ត្រីមានផ្ទៃពោះ ករណីបើសិនជាឈឺធ្មេញនៅក្នុងត្រីមាសទី១ រឺត្រីមាសទី៣ មន្ទីរពេទ្យកាល់ម៉ែត្របានណែនាំ ដល់អ្នកជំងឺគួរទៅប្រឹក្សាជាមួយទន្តបណ្ឌិតជំនាញ ដើម្បីរកវិធីសាស្ត្រជួយក្នុងការបំបាត់ការឈឺចាប់។

សូមបញ្ជាក់ថា ការប្រើប្រាស់ថ្នាំដោយខ្លួនឯងមិនមានវេជ្ជបញ្ជា អាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងកូនក្នុងផ្ទៃ។
ម្យ៉ាងវិញទៀត ក្នុងករណីមានការរលាកស្រួចស្រាវដែលត្រូវធ្វើការព្យាបាលបន្ទាន់ដូចជា ការករខ្ទុះពីធ្មេញនាំអោយហើមមុខមាត់ ស្រ្តីត្រូវមានការប្រឹក្សាពីគ្រូពេទ្យផ្នែកសម្ភព និងសហការជាមួយទន្តបណ្ឌិតយ៉ាងជិតស្និទ្ធក្នុងការជួយរកដំណោះស្រាយ សុវត្ថិភាពជូនអ្នកជំងឺ។

ចុះតើការថតកាំរស្មី X-ray សម្រាប់ការព្យាបាលធ្មេញប៉ះពាល់ដល់កូនក្នុងផ្ទៃដែរដែររឺទេ?

ប្រសិនបើអាច ស្ត្រីមានផ្ទៃពោះគួរជៀសវាងការថតនៅក្នុងត្រីមាសទី១ ។ ហើយបើសិនជាត្រូវថត ខាងគ្រូពេទ្យនឹងមានអាវសំណការពារ ដែលផ្តល់សុវត្ថិភាពដល់ទារកក្នុងផ្ទៃ។

ក្នុងនោះដែរ មន្ទីរពេទ្យកាល់ម៉ែត្របន្ថែមថា នៅពេលស្ត្រីមានផ្ទៃពោះការប្រើប្រាស់ថ្នាំសះប្រភេទ Tetracycline គឺធ្វើអោយកូនកើតមកមានពណ៌ធ្មេញក្រម៉ៅខ្លាំង។ ហើយស្រ្តីមានផ្ទៃពោះ សូមជៀសវាងការប្រើថ្នាំសះប្រភេទនេះ។
ជាចុងបញ្ចប់នៃអត្ថបទនេះ មន្ទីរពេទ្យកាល់ម៉ែត្របានផ្តល់អនុសាសន៍ ដល់សាធារណជនទូទៅ មិនថាតែស្រ្តីមានផ្ទៃពោះនោះទេ ៖ សូមធ្វើអនាម័យមាត់ធ្មេញជាប្រចាំ និងណាត់ជួបជាមួយទន្តបណ្ឌិតរៀងរាល់៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញ៕

 

Share

ព័ត៌មានទាក់ទង

Image