en     km
en     km

មេបក្សប្រឆាំងបេឡារុសត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំពីបទក្បត់ជាតិ

Share

តុលាការបេឡារុសបានកាត់ទោសមេដឹកនាំបក្សប្រឆាំងម្នាក់ជាស្រ្តី ឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។ការកាត់ទោសនេះធ្វើឡើងកាលពីថ្ងៃច័ន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ ពីបទសមគំនិតដើម្បីផ្តួលរំលំរដ្ឋាភិបាល និងបង្កចលនាប្រឆាំងនឹងរដ្ឋាភិបាលបេឡារុស ដោយអ្នកស្រីបានឃោសនា និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។

(កញ្ញា កែវ សុជាតា រាយការណ៍)

យោងតាមសារព័ត៌មាន AP បានឱ្យដឹងថា អ្នកស្រី Sviatlana Tsikhanouskaya វ័យ៤០ឆ្នាំ​ ជាមេដឹកនាំស្រ្តីរបស់បក្សប្រឆាំងមួយក្នុងប្រទេសបេឡារុស ដែលធ្វើសកម្មភាពប្រឆាំងនឹងប្រធានាធិបតីបេឡារុសផ្តាច់ការ លោក Alexander Lukashenko ចាប់តាំងពីខែសីហា ឆ្នាំ២០២០ មកម្ល៉េះ។

តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta បានឱ្យដឹងនៅថ្ងៃច័ន្ទទី៦ មីនា ថា តុលាការបេឡារុសសម្រេចកាត់ទោសអ្នកស្រីឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំនិងបញ្ជាឱ្យបង់ប្រាក់ប្រហែល១១ម៉ឺនដុល្លារអាម៉េរិក។

ខណៈ​លោក Pavel Latushka ជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌របស់ប្រទេសបេឡារុស និងជាសមាជិកបក្សប្រឆាំងមួយរូប ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ រីឯសមាជិក៣នាក់ផ្សេងទៀតត្រូវកាត់ទោសឱ្យជាប់ទោសរយៈពេល១២ឆ្នាំ ពីបទផ្សំគំនិតធ្វើរដ្ឋប្រហារ។ អ្នកទាំង៥ មិនមានវត្តមាននៅក្នុងអង្គសវនាការនោះទេ ពោលគឺតុលាការសម្រេចវិនិច្ឆ័យទោសដោយកំបាំងមុខអ្នកទោសនយោបាយទាំង៥រូបនេះ។

យ៉ាងណា អ្នកស្រី Tsikhanouskaya បានប្រាប់សារព័ត៌មាន Associated Press នៅក្នុងបទសម្ភាសន៍មួយថា អ្នកស្រីមិនអាចទាក់ទងជាមួយមេធាវីរបស់អ្នកស្រីអំឡុងពេលបើកសវនាការនោះទេ ហើយតុលាការក៏មិនបានឆ្លើយតបទៅនឹងសំណើរបស់អ្នកស្រីឱ្យមេធាវីរូបនេះមកពិនិត្យសំណុំរឿងក្តីបន្ថែមដែរ។ អ្នកស្រីបានចោទប្រកាន់ប្រព័ន្ធយុត្តិធម៌នៅប្រទេសបេឡារុសថា ច្បាប់លែងដំណើរការហើយ ហើយរដ្ឋទាំងមូលបានប្រែទៅជាដាវនិងខែលរបស់បក្សកុម្មយនីស្ត។

អ្នកស្រីបានបន្តថា របបនេះសងសឹកអ្នកស្រី និងប្រជាជនបេឡារុសទាំងអស់ ដោយសារតែអ្នកស្រីមិនលាលែងពីតំណែង មិនចុះចាញ់ ប៉ុន្តែបន្តប្រយុទ្ធប្រឆាំងដោយមិនរុញរា។ អ្នកស្រីបានបន្ថែមថា ប្រសិនបើអាច លោកប្រធានាធិបតីបេឡារុសនឹងចាប់អ្នកទាំងអស់គ្នាដាក់គុក មិនលើកលែងសូម្បីតែម្នាក់។

អ្នកស្រីបានបង្ហោះសារក្នុងបណ្តាញសង្គម Twitter ផ្លូវការរបស់អ្នកស្រី ដោយសម្តែងការមិនពេញចិត្តថា នេះជាកាដូសម្រាប់ការខិតខំប្រឹងប្រែងដឹកនាំប្រទេសឱ្យងាកមកឱ្យតម្លៃរបបប្រជាធិបតេយ្យ ហើយអ្នកស្រីមិនដែលគិតពីប្រយោជន៍ផ្ទាល់ខ្លួននោះទេ ផ្ទុយទៅវិញ អ្នកស្រីខ្វល់ខ្វាយពីជនស្លូតត្រង់រាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគារដោយគ្មានកំហុសទៅវិញទេ។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីនឹងមិនបញ្ឈប់សកម្មភាពណាមួយឡើយ ដរាបណាពួកគេមិនទាន់ដោះលែង៕

ប្រភព៖ AP ចុះថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image