ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រតិបត្តិការ ការពារទីក្រុង Bakhmut ភាគខាងកើតកំពុងតែប្រយុទ្ធបន្ត។ក្រុមអ្នកវិភាគលោកខាងលិចបាននិយាយកាលពីចុងសប្តាហ៍ថា អ៊ុយក្រែនប្រហែលកំពុងដកទ័ពមួយចំនួនចេញពីទីក្រុង Bakhmut ខណៈដែលកងទ័ពរុស្ស៊ីបានជំរុលចូលកាន់តែជិតទីក្រុង។
ទីក្រុងមូស្គូព្យាយាមដណ្តើមយក Bakhmut អស់ជាច្រើនខែ ខណៈដែលភាគីទាំងសងខាងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។មន្ត្រីក្នុងតំបន់និយាយថា មានការប្រយុទ្ធគ្នាតាមដងផ្លូវក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ប៉ុន្តែអភិបាលរងក្រុង Oleksandr Marchenko បាននិយាយកាលពីចុងសប្តាហ៍ថា រុស្ស៊ីមិនទាន់បានគ្រប់គ្រងទីក្រុងនៅឡើយទេ។ទន្ទឹមនឹងនេះដែរ លោក Yevgeny Prigozhin មេបញ្ជាការកងទ័ពឯកជន Wagner ដែលចូលរួមច្បាំងឱ្យរុស្ស៊ី បានត្អូញត្អែរពីកង្វះគ្រាប់រំសេវ ចំពេលមានការមិនទុកចិត្តគ្នារវាងយុទ្ធជនស៊ីឈ្នួល និងកងកម្លាំងរុស្ស៊ី។លោក Yevgeny Prigozhin ក៏និយាយដែរថា តំណាងរបស់លោកត្រូវបានរារាំងមិនឲ្យចូលទីស្នាក់ការយោធារុស្ស៊ី។
អ្នកវិភាគនិយាយថាទីក្រុង Bakhmut មានតម្លៃជាទីតាំងយុទ្ធសាស្ត្រតិចតួច ប៉ុន្តែបានក្លាយជាចំណុចស្នូលសម្រាប់មេបញ្ជាការរុស្ស៊ី ដែលបានតស៊ូច្បាំងដើម្បីបង្ហាញស្នាដៃរបស់ពួកគេ។ការដណ្តើមយកទីក្រុងនេះនឹងនាំរុស្ស៊ីខិតទៅជិតគោលដៅរបស់ខ្លួនក្នុងការគ្រប់គ្រងតំបន់ Donetsk ទាំងមូល ដែលជាតំបន់មួយក្នុងចំណោមតំបន់ចំនួនបួននៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។
លោក Zelensky បាននិយាយក្នុងសុន្ទរកថាពេលល្ងាចរបស់លោកថា លោកបានពិភាក្សាជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់អំពីសមរភូមិ Bakhmut។លោកបានលើកឡើងថា “ពួកគេបានឆ្លើយតបថាមិនដកទ័ពចេញទេ ប៉ុន្តែពង្រឹងការការពារបន្ថែមទៀត”។”មេបញ្ជាការរបស់យើងបានសម្រេចជាឯកច្ឆ័ន្ទក្នុងការការពារទីតាំងBakhmut នេះ ។ មិនមានទីតាំងឈរជើងផ្សេងទៀតទេ។ ខ្ញុំបានប្រាប់មេបញ្ជាការឱ្យស្វែងរកកងទ័ពបន្ថែម ដើម្បីជួយកងកម្លាំងរបស់យើងនៅទីក្រុងBakhmut”។
តាមកាសែតអាល្លឺម៉ង់ Bild ដែលដកស្រង់ប្រភពរដ្ឋាភិបាលអ៊ុយក្រែន លោក Valery Zaluzhny មេបញ្ជាការកងទ័ពអ៊ុយក្រែនបាននិយាយថា លោកZelensky មិនបានផ្ដល់អនុសាសន៍ឱ្យដកថយពីទីក្រុងBakhmutនោះទេ។កាសែតអាឡឺម៉ង់បានបន្ថែមថា កងទ័ពភាគច្រើនបានផ្ដល់យោបល់ឱ្យលោកឧត្ដមសេនីយ៍ Zaluzhny ។
វិទ្យាស្ថានស្រាវជ្រាវសង្រ្គាម (ISW) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា កងទ័ពអ៊ុយក្រែនប្រហែលជាកំពុង”ដកថយការប្រយុទ្ធខ្លះ”ខណៈដែល ” អ្នកស្លាប់និងរបួសបន្តកើនឡើងខ្ពស់”។
មេបញ្ជាការកងទ័ពជើងគោក លោក Olexandr Syrsky ដែលបានដកស្រង់សម្តីក្នុងដំណើរទស្សនកិច្ចទៅកាន់សមរភូមិជួរមុខកាលពីថ្ងៃអាទិត្យទី៥ មីនា ដោយកាសែត Ukrainska Pravda បាននិយាយថា ការប្រយុទ្ធគ្នានៅ Bakhmut បានឈានដល់ “កម្រិតភាពតានតឹងខ្ពស់បំផុត” ។លោកបានបន្ថែមថា “សត្រូវបាននឹងកំពុងបញ្ជូនកងកម្លាំង Wagner បន្ថែមចូលទៅក្នុងសមរភូមិ” ។ “កងទ័ពរបស់យើងបាននិងកំពុងការពារទីតាំងរបស់យើងយ៉ាងក្លាហាននៅភាគខាងជើងទីក្រុង Bakhmut ដោយព្យាយាមការពារទប់ស្កាត់ការឡោមព័ទ្ធទីក្រុងពីសំណាក់សត្រូវ”។
ប្រភព៖ BBC ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣