en     km
en     km

UNថាក្រុមតាលីបង់រើសអើងស្ត្រីនិងកុមារីជា”ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”

Share

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ថា ទង្វើរបស់ពួកតាលីបង់ចំពោះស្ត្រី និងកុមារី នៅប្រទេសអាហ្វហ្គានីស្ថាន អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានបង្ហាញនៅថ្ងៃចន្ទទី៦ ខែមីនា ឆ្នាំ ២០២២៣​​​នៅក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងទីក្រុងហ្សឺណែវ។

ក្រុមតាលីបង់បានដណ្តើមអំណាចនៅខែសីហា ឆ្នាំ ២០២១ ដោយបានកាត់បន្ថយសេរីភាព និងសិទ្ធិស្ត្រី រួមទាំងការហាមប្រាមមិនឱ្យចូលរៀននៅវិទ្យាល័យ និងសាកលវិទ្យាល័យផងដែរ។នៅក្នុងរបាយការណ៍ពីខែកក្កដាដល់ខែធ្នូឆ្នាំ ២០២២ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅប្រទេសអាហ្វហ្គានីស្ថាន លោក Richard Bennett បានរកឃើញថា ការប្រព្រឹត្តរបស់ពួកតាលីបង់ចំពោះស្ត្រី និងកុមារី “អាចជាការបៀតបៀនយេនឌ័រ ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។​លោក Bennett បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា “ចេតនា​​នៃគោលនយោបាយរបស់ពួកតាលីបង់ គឺមិនទទួលស្គាល់សិទ្ធិស្ត្រី និងកុមារី និងលុបបំបាត់ពួកគេពីជីវភាពជាសាធារណៈ” ។ “វាអាចស្មើនឹងឧក្រិដ្ឋកម្មអន្តរជាតិនៃការបៀតបៀនយេនឌ័រ ដែលអាជ្ញាធរអាចនឹងទទួលខុសត្រូវ”។

អ្នកនាំពាក្យក្រសួងព័ត៌មានរបស់តាលីបង់មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ កន្លងមកពួកតាលីបង់បាននិយាយថា ពួកគេគោរពសិទ្ធិស្ត្រី ស្របតាមការបកស្រាយរបស់ពួកគេផ្អែកតាមសាសនាឥស្លាម និងវប្បធម៌អាហ្វហ្គានីស្ថាន ហើយពួកគេមានគម្រោងបើកសាលារៀននាពេលអនាគត នៅពេលដែលពួកគេបង្កើតលក្ខខណ្ឌជាក់លាក់សម្រាប់ក្មេងស្រី។

លោក Bennett បាននិយាយថា ក្រុមប្រឹក្សាសិទ្ធិមនុស្សគួរតែផ្ញើសារដ៏រឹងមាំមួយទៅកាន់ពួកតាលីបង់ថា “ការធ្វើបាបស្ត្រី និងកុមារីគឺមិនអាចអត់ឱនបានទេ និងមិនសមហេតុផលទោះជាឈរលើមូលដ្ឋានណាក៍ដោយ រួមទាំងសាសនាផងដែរ”។

លោកបានមានប្រសាសន៍ថា ” ការរឹតបន្តឹងលើស្ត្រី និងកុមារីកាន់តែខ្លាំង នឹងមានផលប៉ះពាល់រយៈពេលវែងដល់ប្រជាជនទាំងមូល ហើយវាមានន័យស្មើនឹងការរើសអើងយេនឌ័រ”។កាលពីខែធ្នូ ក្រុមតាលីបង់បានហាមឃាត់បុគ្គលិកដែលភាគច្រើនជាស្ត្រីធ្វើការក្នុងអង្គការជំនួយមនុស្សធម៌ដោយបានជំរុញឱ្យភ្នាក់ងារជំនួយជាច្រើនត្រូវផ្អាកប្រតិបត្តិការមួយផ្នែក ចំពេលវិបត្តិមនុស្សធម៌កំពុងកើតឡើងក្នុងអំឡុងរដូវរងាត្រជាក់ខ្លាំង។

ប្រភព៖ Reuters ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣

Share

Image
Image
Image