ភ្នំពេញ៖ សម្តេច ហ៊ុន សែន អះអាងថា មិនចុះហត្ថលេខាស្នើសុំលើកលែងទោសដល់ក្រុមប្រឆាំងឱ្យចូលរួមធ្វើនយោបាយឡើងវិញបានឡើយ ក្រោមហេតុផលបានវាយប្រហារប្អូនថ្លៃរបស់សម្តេចដែលទើបនឹងទទួលមរណភាព។ តែយ៉ាងណាអ្នកជំនាញ ចាត់ទុកការប្រកាសនេះជាសារមួយពញ្ញាក់ស្មារតីទៅដល់ស្ថានទូតបរទេស ឬអ្នកនយោបាយផ្សេងៗកុំឱ្យលើកបញ្ហានយោបាយបុគ្គលមកជជែកគ្នា ឬមកសម្របសម្រួលឱ្យក្រុមប្រឆាំងអាចវិលចូលស្រុកបាន។
លោក គីម ចាន់ចាវ រាយការណ៍
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលកន្លងមកធ្លាប់ប្រកាសរួចហើយថា ដាច់ខាតមិនចុះហត្ថលេខាស្នើសុំលើកលែងទោសឱ្យអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស។ ចំណែកនៅព្រឹកថ្ងៃទី០៧ ខែមីនានេះ សម្តេចបានប្រើប្រាស់ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព ចោទសួរទៅឯកអគ្គរាជទូត និងរដ្ឋទូតបរទេសដែលចូលរួមកម្មវិធីនេះថា បានដឹងទេថា ក្រុមប្រឆាំងបានវាយប្រហារលើភរិយាសម្តេច និងប្អូនថ្លៃស្រីទាំងគាត់ទទួលមរណភាពទៅហើយ។ សម្តេច ហ៊ុន សែន បានចោទសួរថា បើពួកគាត់ជាសម្តេច និងជាភរិយាសម្តេច តើមានអារម្មណ៍បែបណា? អាចទទួលយកបានទេ?
ក្រោមហេតុផលនៃការប្រមាថនេះ ហើយដែលសម្តេច ហ៊ុន សែន ប្រកាសសារជាថ្មីថា នឹងគ្មានថ្ងៃប្រើប៊ិចដើម្បីចុះហត្ថលេខា ស្នើសុំការលើកលែងទោសដល់ជនអាក្រក់ដែលប្រមាថដល់ក្រុមគ្រួសាររបស់ខ្លួនដាច់ខាត។
«ដូច្នេះខ្ញុំមិនអាចធ្វើទេ! សូមកុំរង់ចាំប្រម៉ៃថា ហ៊ុន សែន នឹងប្រើប៊ិចរបស់ខ្លួនដើម្បីចុះហត្ថលេខាសុំលើកលែងទោស ឱ្យជននេះ ជននោះ។ កុំស្រម៉ៃ ព្រោះវាអាក្រក់ជួសជាតិហួសពីសត្វធាតុទៅទៀត។ ខ្ញុំមិនអាចរងនូវការវ៉ៃប្រហារ អ្នកទាំងអស់គ្នាបើសិនជាខ្លួន ខ្ញុំ (ឬ)ភរិយាខ្ញុំ តើអ្នកទាំំងអស់គ្នាគិតយ៉ាងម៉េច? ចឹងទេវាមានផ្នែកខ្លះ គេថាយើងអត់យល់គេ តែគេយល់អ្នកណា មកដើម្បីជួយទ្រទ្រង់ការលំបាករបស់ខ្ញុំ? ហេតុអីបានគេទាមទារឱ្យយើងយល់គេ តែគេមិនយល់ពីយើង? បើដូច្នេះពាក្យថាកាន់អំណាចតែមិនប្រើអំណាច ស្មើនឹងអត់កាន់អំណាច គ្មានអំណាច»។
ស្របពេលដែលមជ្ឈដ្ឋានជាច្រើនកំពុងផ្ញើរសាររំលែកទុក្ខ និងចូលរួមបុណ្យសព្វ លោកស្រី ប៊ុន សុថា ដែលជាប្អូនថ្លៃសម្តេចហ៊ុន ហ៊ុន សែន, លោក សម រង្ស៊ី ដែលនៅក្រៅប្រទេសបានគាស់កកាយពីប្រវត្តិរបស់លោកស្រី ប៊ុន សុថា មកនិយាយឡើងវិញ ដោយភ្ជាប់នឹងករណីដែលអតីតមេអង្គរក្សារបស់លោកឈ្មោះ ស្រ៊ុន វង្សវណ្ណៈ ធ្លាប់ត្រូវបានអាជ្ញាធរកម្ពុជាចាប់កាត់ទោសដោយចោទថា ជាអ្នកសម្លាប់ប្តីដើមរបស់លោកស្រី ប៊ុន សុថា គឺលោក កូវ សាមុត។ តែក្រោយមកត្រូវបានលើកលែងទោសវិញ។ សម្រាប់សម្តេច ហ៊ុន សែន ដែលចូលទៅឆ្លើយតបនឹងរឿងនេះ ចាត់ទុកថានេះជាការប្រមាថ និងបានព្រមានចាត់វិធានលើអ្នករិះគន់ទាំងនេះ ដោយទាមទារឲ្យក្រុមហ៊ុនហ្វេសប៊ុកធ្វើជាសាក្សីផងដែរ។
លោក ឯម សុវណ្ណរ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ដែលចាត់ទុកការព្រលយសារដាក់គ្នារវាង មេបក្សប្រឆំាងនៅក្រៅប្រទេស លោក សម រង្ស៊ី ជាមួយសម្តេចហ៊ុន សែន ជាការឆ្លើយឆ្លងគ្នាលក្ខណៈផ្ទាល់ខ្លួន គឺជាការប្រឈម ដែលពិបាកនឹងការសម្របសម្រួលនយោបាយនៅពេលអនាគត។ លោកថា ការប្រកាសជាថ្មីរបស់សម្តេចហ៊ុន សែន នៅពេលនេះ គឺជាការបិទផ្លូវសម្រាប់អ្នកនយោបាយនៅក្រៅប្រទេស។
«ជាសារមួយពញ្ញាក់ស្មារតីទៅដល់ស្ថានទូតបរទេស ឬអ្នកនយោបាយផ្សេងៗកុំឱ្យលើកបញ្ហា នយោបាយបុគ្គលមកជជែកគ្នាឬមកសម្របសម្រួល លក្ខណៈជម្រុញឱ្យអាចឱ្យមានលក្ខខណ្ឌរបស់អ្នកនយោបាយនៅក្រៅប្រទេសហ្នឹង បក្សប្រឆាំងហ្នឹង អាចវិលចូលស្រុកបាន។ អានេះជាគោលបំណងមួយ ដែលអាចបិទផ្លូវបក្សប្រឆំាងនៅក្រៅប្រទេស»។
ទោះយ៉ាងណា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ ហាក់មិនទាន់មើលឃើញនូវដំណោះស្រាយណាមួយឡើយ ចំពោះបញ្ហាខាងលើ ត្បិតមិនមានតម្លៃនៃការចរចារ ដោយសារបក្សប្រឆំាងនៅមានតម្លៃនយោបាយទាបជាងគណបក្សកាន់អំណាចនៅឡើយ៕