(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពជំនួយឥតសំណងជាថវិកាជាង ៣០ម៉ឺនដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួន៣ សម្រាប់អនុវត្តគម្រោងអប់រំនៅជនបទ អនាម័យ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា។ គម្រោងដែលចុះហត្ថលេខាដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣ ប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ ជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ឬហៅកាត់ជាភាសាជប៉ុនថា ជំនួយឥតសំណងគូសាណូណ៌។នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលក្រុមការងារស្ថានទូតជប៉ុនប្រចាំកម្ពុជាផ្ញើជូនវិទ្យុស្រ្តីតាមសារអ៊ីម៉ែល។
គម្រោងទាំង៣នេះរួមមាន៖
ទី១៖ មានថវិកាចំនួនជាង១២ម៉ឺនដុល្លារអាមេរិក(១២០,៧៦៨ដុល្លារ) ត្រូវផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាចំនួន១ខ្នង មាន៥បន្ទប់។ ក្នុងនោះបំពាក់ដោយគ្រឿងសង្ហារឹមនៅសាលាបឋមសិក្សារំដួល ក្នុងស្រុកបន្ទាយអំពិល ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ២២០នាក់ និងគ្រូបង្រៀនចំនួន ៩នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។
ទី២៖ ថវិកាជាង៩ម៉ឺនដុល្លារអាមេរិក(៩១,០១០ដុល្លារ) ផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាភ្នំរអិលក្នុងស្រុកព្រែកប្រសព្វ ចំនួន១ខ្នង មាន៥បន្ទប់ និងបង្គន់អនាម័យចំនួន១ខ្នង មាន៣បន្ទប់ និងការដំឡើងគ្រឿងសង្ហារឹមសាលារៀន ដូចជាតុ កៅអី និងក្តារខៀន ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ២៦៦នាក់ និងគ្រូបង្រៀនចំនួន៧នាក់ ។
និងទី៣៖ ថវិកាជិត៩ម៉ឺនដុល្លារអាមេរិក(៨៩,០០១ដុល្លារ) សម្រាប់គម្រោងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិតនិងឧបករណ៍ព្យាបាលដោយចលនា១១ប្រភេទ នៅមជ្ឈមណ្ឌលជាតិស្ដារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ក្នុងរាជធានីភ្នំពេញ។ គម្រោង នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនដែលត្រូវការឧបករណ៍សិប្បនិម្មិត រណប ឬសវាស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលនេះចំនួន៩០០នាក់ ក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណរបស់ជប៉ុន បានចាប់ផ្តើមមានវត្តមាននៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយនេះ មានគោលបំណងការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ព្រមទាំងជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។
សូមបញ្ជាក់បន្ថែមថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៦៦លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិចំនួន ៧០២ គម្រោងនៅទូទាំងប្រទេសកម្ពុជា៕