ជនពិការចំនួន ១១ រូប បានចូលរួមប្រកួតប្រជែងសមត្ថភាព ស្តីអំពី “ការនិយាយជាសាធារណៈ និងការជជែកពិភាក្សា” ដែលរៀបចំឡើងដោយអង្គការមូលនិធិកុមារពិការ នៅសកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះ។
បេក្ខភាពដែលសុទ្ធតែជាជនពិការទាំងនោះ ភាគច្រើនលើកយកពីខ្សែជីវិត ទុក្ខលំបាកប្រចាំថ្ងៃរបស់ខ្លួនមកប្រកួតប្រជែងនៅក្នុងកម្មវិធីនេះ។
ប្រធានបទដែលបេក្ខជនទាំង១១រូប បានលើកឡើងនៅក្នុងកម្មវិធីប្រកួតប្រជែងនាពេលនេះ រួមមាន៖ ប្រធានបទដែលនិយាយពី បរិស្ថានគ្មានពិការភាព ឱកាសការងារសម្រាប់យុវជនពិការ ការស្នើសុំជំរាល និងធ្នាក់ដៃក្នុងការបំលាស់ទីដោយងាយស្រួលរបស់ជនពិការ ការរើសអើងជនពិការតាមសហគមន៍ ការទាមទារសិទ្ធិនិងលក្ខខណ្ឌស្មើភាពគ្នារបស់ជនពិការ ការផ្ដល់សិទ្ធិក្នុងការបញ្ចេញមតិរបស់ជនពិការ ជនពិការនិងការងារ ការប្រើអំពើហិង្សាក្នុងគ្រួសារ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាននិងចិនជាដើម។
ថ្លែងនៅក្នុងកម្មវិធីប្រកួប្រជែងនៅថ្ងៃនេះ កញ្ញា ជឿន គឹម ហេង ដែលធ្វើបទបង្ហាញដល់គណៈកម្មការ លើប្រធានបទ “បរិស្ថានគ្មានពិការភាព” លើកឡើងថា ដើមហេតុដែលនាំឱ្យកញ្ញាជ្រើសរើសប្រធាបទនេះ ដោយសារតែនៅតាមទីកន្លែងសាធារណៈ មិនទាន់មានភាពងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ជនពិការនៅឡើយ។
«សម្រាប់នាងខ្ញុំផ្ទាល់ សព្វថ្ងៃនេះខ្ញុំគិតថា បរិស្ថាន ឬក៏ប្រទេសយើងនៅមានពិការភាព នៅឡើយ ពីព្រោះពេលខ្ញុំត្រូវទៅណាមកណា គឺតែងតែត្រូវការមិត្តភក្ដិជួយចឹង ឬក៏ក្រុមគ្រួសារ យកខ្ញុំទៅកន្លែងដែលខ្ញុំចង់ទៅ។ ខ្ញុំឃើញមានពិការភាព ដូចជា សេវាសាធារណៈ ទីលានសាធារណៈ មជ្ឈមណ្ឌលកម្សាន្ដ រមណីយដ្ឋាន ហើយជាពិសេសហ្នឹងគឺបង្គន់អនាម័យសម្រាប់ជនពិការរទេះរុញដូចនាងខ្ញុំនេះ»។
ដូចគ្នានេះដែរ បេក្ខជនពិការមួយរូបទៀត លោក នួន សារ៉ុន ដែលរើសយកប្រធានបទ “រើសអើងជនពិការនៅតាមសហគមន៍” បាននិយាយថា ជនពិការនៅមានការ រើសអើងខ្លាំងនៅឡើយ។ «ឃើញខ្ញុំដើរតាមផ្លូវអញ្ចឹងបង គេអត់មានថា មិត្តភក្ដិអី មិត្តភក្ដិខ្ញុំក៏ដោយ គេថា ដើរជាមួយខ្ញុំ អាប់ឱនកិត្តិយសរបស់គេ ……»។
គណៈកម្មការមួយរូបក្នុងចំណោមគណៈកម្មការទាំង៧រូប ដែលមានវត្តមានចាំដាក់ពិន្ទុនៅក្នុងកម្មវិធីប្រកួតប្រជែង សមត្ថភាពនិយាយជាសាធារណៈរបស់យុវជនពិការនៅថ្ងៃនេះ លោកស្រី លឹម លីដា មានប្រសាសន៍លើកឡើងថា បេក្ខជនទាំងអស់សុទ្ធសឹងតែមានសមត្ថភាព និងភាពក្លាហានគ្រប់ៗគ្នា ដែលធ្វើឱ្យគណៈកម្មការពេញចិត្តនូវសមត្ថភាពរបស់បេក្ខជនទាំងនោះ។
«តាមការសង្កេតរបស់ខ្ញុំ តាមរយៈការបង្ហាញសមត្ថភាពមួយព្រឹកនេះ ខ្ញុំយល់ថាពួកគាត់មាន សមត្ថភាពមែនទែន ហើយអ្នកខ្លះនិយាយឡើងព្រឺសម្បុរតែម្ដង។ ខ្ញុំពិតជាពេញចិត្តនូវ សមត្ថភាពរបស់ពួកគាត់ ក្នុងការបង្ហាញ ……»។
លោកស្រី លឹម លីដា មានប្រសាសន៍បន្ថែមថា ជនពិការ គួរតែត្រូវបាន ស្ថាប័នពាក់ព័ន្ធ ជួយលើកទឹកចិត្ត និងផ្ដល់ឱកាសដល់ជនពិការ ច្រើនជាងមនុស្សធម្មតា។ «ខ្ញុំយល់ថា តាមស្ថាប័ននីមួយៗ គួរតែក្រឡេកមើលចំណុចនេះបានច្រើន ថាតើយើងគួរតែ ត្រូវលើកទឹកចិត្តដល់ពួកគាត់យ៉ាងដូចម្ដេច មិនមែនពួកគាត់ខ្វះសមត្ថភាពទេ តែសួរថា យើងត្រូវឱ្យគាត់បង្ហាញសមត្ថភាពយ៉ាងដូចម្ដេច? ពិតប្រាកដណាស់គាត់ត្រូវការ លើកទឹកចិត្ត ច្រើន ពីព្រោះគាត់មិនសូវជាមានការទទួលបាន ទទួលបាននូវឱកាសដូចជាមនុស្សធម្មតាទេ ដូច្នេះគាត់ត្រូវការលើកទឹកចិត្ត វាជារឿងចាំបាច់ណាស់»។
សូមជម្រាបថា កម្មវិធីប្រកួតប្រជែងប្រកួតប្រជែងសម្រាប់យុវជនពិការ ស្ដីពីការ “និយាយ ជាសាធារណៈ និងការជជែកពិភាក្សា” នៅថ្ងៃនេះមានបេក្ខជនចូលរួមប្រកួតចំនួន ១១ រូប ក្នុងចំណោមអ្នកទាំង ១១ រួបនេះ មានបេក្ខជនតែ ៦ រូប ប៉ុណ្ណោះ ដែលបានឈានទៅដល់វគ្គផ្ដាច់ និងត្រូវប្រកួតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខ៕