សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសផែនការផ្តល់សំណងដល់ជនរងគ្រោះដោយការបង្ខំឱ្យធ្វើពលកម្មហួសកម្លាំងក្នុងសម័យសង្គ្រាម។ការប្រកាសផែនការកាលពីថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២២៣ នាំឱ្យមានសង្ឃឹមថានឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងមិនល្អផ្នែកពាណិជ្ជកម្ម ផ្នែកនយោបាយ និងយោធាជាមួយប្រទេសជប៉ុន។ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានស្វាគមន៍ភ្លាមៗចំពោះសេចក្តីប្រកាសនេះ ប៉ុន្តែជនរងគ្រោះបានរិះគន់ចំពោះផែនការនេះ ព្រោះពួកគេចង់ឱ្យមានការសុំទោសពេញលេញពីទីក្រុងតូក្យូ និងសំណងដោយផ្ទាល់ពីក្រុមហ៊ុនជប៉ុនដែលពាក់ព័ន្ធ។
ទោះជាយ៉ាងណាគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូងបានចោទប្រកាន់រដ្ឋាភិបាលថាបានបន្ទន់ឥរិយាបថចំពោះប្រទេសជប៉ុន។ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូបានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីកូរ៉េខាងជើង ប៉ុន្តែទំនាក់ទំនងទ្វេភាគីមានភាពតានតឹងជាយូរមកហើយជុំវិញការគ្រប់គ្រងអាណានិគមដ៏ឃោរឃៅរបស់ទីក្រុងតូក្យូពីឆ្នាំ ១៩១០-១៩៤៥ នៅឧបទ្វីបកូរ៉េ។
យោងតាមទិន្នន័យពីទីក្រុងសេអ៊ូល បានឱ្យដឹងថា ជនជាតិកូរ៉េប្រហែល ៧៨ម៉ឺននាក់ត្រូវបានបង្ខំឱ្យធ្វើ ពលកម្មធ្ងន់ធ្ងរដោយប្រទេសជប៉ុនក្នុងអំឡុងពេលកាន់អំណាចរយៈពេល 35 ឆ្នាំ ដោយមិនរាប់បញ្ចូលស្ត្រីដែលត្រូវបានបង្ខំឱ្យធ្វើជាទាសករផ្លូវភេទដោយទាហានជប៉ុន។
រដ្ឋមន្ត្រីការបរទេសលោក Park Jin បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា ផែនការនេះ ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់សំណងដល់អតីតពលករដែលរងគ្រោះបង្ខំឱ្យធ្វើការងារតាមរយៈមូលនិធិសាធារណៈដែលផ្តល់មូលនិធិដោយក្រុមហ៊ុនឯកជនដែលមានកិច្ចព្រមព្រៀងសំណងឆ្នាំ១៩៦៥ជាមួយទីក្រុងតូក្យូ។
លោកPark បាននិយាយថា “ទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុនដ៏ជូរចត់ មិនគួរត្រូវបានធ្វេសប្រហែសទៀតទេ ហើយយើងត្រូវបញ្ចប់ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន”។ លោកបានបន្ថែមថា លោកសង្ឃឹមថាប្រទេសជប៉ុននឹងឆ្លើយតបដោយស្មោះ រួមទាំង “អនុវត្តសេចក្តីថ្លែងការណ៍ជាសាធារណៈពីមុនរបស់ខ្លួនដែលបង្ហាញពីវិប្បដិសារី និងការសុំទោស”។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានប្រាប់អ្នកយកព័ត៌មានថា លោកសង្ឃឹមថានឹងមានការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។លោកបានថ្លែងថា៖ «យើងស្វាគមន៍!នេះជាជំហានមួយដែលធ្វើឲ្យទំនាក់ទំនងជប៉ុននិងកូរ៉េខាងត្បូងមានភាពល្អប្រសើរ»។ ទីក្រុងតូក្យូថាសន្ធិសញ្ញាឆ្នាំ ១៩៦៥ ស្ដីពីការស្តារប្រទេសទាំងពីរឡើងវិញនូវចំណងការទូតជាមួយនឹងកញ្ចប់សំណងប្រហែល ៨០០ លានដុល្លារអាមេរិកជាជំនួយឥតសំណង និងជាកម្ចីមានការប្រាក់ទាប បានទូទាត់ការទាមទារទាំងអស់រវាងប្រទេសទាំងពីរទាក់ទងនឹងសម័យអាណានិគម។ ទំនាក់ទំនងមិនល្អរវាងប្រទេសទាំងពីរ គឺជាក្តីបារម្ភសម្រាប់សហរដ្ឋអាមេរិក ដែលកំពុងស្វែងរកការចងសម្ព័ន្ធមិត្តប្រឆាំងនឹងការកើនឡើងនៃអំណាចរបស់ចិន និងការគំរាមកំហែងពីកូរ៉េខាងជើង។ប្រភពរដ្ឋាភិបាលជប៉ុនដែលស្និទ្ធនឹងនាយករដ្ឋមន្ត្រី Fumio Kishida បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកបាននិងកំពុងជំរុញប្រទេសទាំងពីរឱ្យផ្សះផ្សាគ្នា។ អ្នកជំនាញខ្លះយល់ឃើញថាកត្តាសំខាន់ដែលជំរុញឱ្យប្រធានាធិបតី Yoon Suk-yeol ចង់ផ្សះផ្សាជាមួយជប៉ុនឡើងវិញគឺការគំរាមកំហែងផ្នែកភូមិសាស្ត្រនយោបាយជាមួយកូរ៉េខាងជើង។
ប្រភព៖ C N A ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៣