en     km
en     km

ក្រសួងការបរទេស៖ កម្ពុជាមន្ដ្រីការទូតជាស្ដ្រីជាង៣៨ភាគរយ

Share

រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ លោក ប្រាក់​ សុខុន បានឱ្យដឹងថា កម្ពុជាមានស្ដ្រីជាមន្ដ្រីការទូតចំនួន ៣៨.៦៥% នៃមន្ដ្រីសរុប។ លោករដ្ឋមន្ដ្រីថា នេះជាការខិតខំរបស់ក្រសួងក្នុងការលើកម្ពស់សមភាពយែនឌ័រ។

ការលើកឡើងរបស់លោក ប្រាក់ សុខុន ខណៈចូលរួមពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា នៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួង។ លោកបន្ដថា ស្ដ្រីជាមន្ដ្រីការទូតមានបន្ទុកធ្ងន់ជាងបុរសជាមន្ដ្រី ដោយដៃម្ខាងត្រូវមើលថែទាំកូន និងកិច្ចការផ្ទះ ចំណែកដៃម្ខាងទៀតត្រូវបំពេញការងារក្រសួងឱ្យមានប្រសិទ្ធភាព។

ផ្អែកតាមលោកប្រមុខការទូត ប្រាក់ សុខុន ឃើញថា ចំនួនស្ដ្រីនៅក្នុងនាមជាមន្ដ្រីការទូតមានមិនដល់៥០ភារយឡើយ។ រាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន ធ្លាប់បានលើកឡើងថា ចំនួនស្ដ្រីដែលត្រូវស្នើសុំឱ្យក្លាយជាមន្ដ្រីនៅថ្នាក់ជាតិ មិនសូវមាននោះទេ ដោយសម្ដេចចាត់ទុកថា មានការនិយាយពីសមភាពយែនឌ័រ តែគ្មានការអនុវត្តលើបញ្ហាយែនឌ័រ។ សម្ដេច ស្នើឱ្យយកចិត្តទុកដាក់លើស្ដ្រី ដើម្បីក្លាយជាមន្ដ្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ស្របជាមួយគ្នានេះដែរ អង្គការយែនឌ័រដើម្បីការអភិវឌ្ឍន៍នៅកម្ពុជាGADC ក៏លើកឡើងដែរថា បញ្ហាយែនឌ័រនៅមានតិចតួចក្នុងជួររាជរដ្ឋាភិបាល ដោយស្ថាប័ន ឬក្រសួងខ្លះសឹងតែមិនមានផង។ តែយ៉ាងណាចំនួនស្ដ្រីក្នុងជួររដ្ឋាភិបាលក៏មានការកើនឡើងដែរបើធៀបកាលពី៥ទៅ៦ឆ្នាំមុន។ នេះបើតាមការលើកឡើងរបស់អ្នកនាង អេង ចាន់ឌី នាយិកាGADC។

ក្រសួងកិច្ចការនារីនៅឆ្នាំ២០២៣នេះបានដាក់ប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» សម្រាប់អបអរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា។ ក្រសួងចាត់ទុកថា ប្រធានបទនេះដែរ គឺឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងបរិបទបច្ចុប្បន្ន ដោយគូសបញ្ជាក់ អំពីសារៈសំខាន់របស់ស្ត្រី ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕

Share

ព័ត៌មានទាក់ទង

Image