en     km
en     km

បណ្តាអង្គទូត សង្គមស៊ីវិល និងក្រុមរណបបក្សកាន់អំណាច ប្រតិកម្មផ្សេងៗគ្នា ចំពោះសាលក្រមផ្តន្ទាទោស លោក កឹម សុខា

Share

សាលាដំបូងក្រុងភ្នំពេញ បាន​ប្រកាស​សាលក្រមផ្ដន្ទាទោស​លោក កឹម សុខា ​ដាក់ពន្ធនាគារ​ចំនួន​ ២៧ឆ្នាំ ​ក្នុង​សំណុំរឿងឃុបឃិត​ជាមួយ​រដ្ឋបរទេសចង់​ផ្ដួល​រលំ​រដ្ឋាភិបាល តែត្រូវឃុំខ្លួន នៅក្នុងផ្ទះ របស់លោក ពី បទ ក្បត់ជាតិ តាម មាត្រា ៤៣៩ និង ៤៤៣ នៃ ក្រមព្រហ្មទណ្ឌ។ បណ្តាអង្គទូត និងសង្គមស៊ីវិល ប្រតិកម្មនឹងការសម្រេចក្តីលោក កឹម សុខា ថាជាឧបាយកលនយោបាយ។ ប៉ុន្តែទន្ទឹមគ្នានេះ ក្រសួងស្ថាប័នចំណុះឱ្យរដ្ឋាភិបាល ក៏បានចេញញត្តិគាំទ្រ​សាលក្រមផ្តន្ទាទោសនេះផងដែរ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

ត្រូវតតាំងអស់អស់រយៈពេល៥ឆ្នាំ ៦ខែ សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោសនៅថ្ងៃសុក្រនេះ។ អ្នកនយោបាយដែលធ្លាប់អះអាងខ្លួនថា​គំរាមមិនព្រឺសំឡុតមិនខ្លាចរូបនេះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានភ្នំពេញចេញសាលក្រមសម្រេចផ្ដន្ទាទោស ជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ តែត្រូវឃុំខ្លួន នៅក្នុងផ្ទះ របស់លោក។ ជាសាលក្រមដែលអ្នកគាំទ្រលោក កឹម សុខា ​មានអ្នកខ្លះអង្គុយ អ្នកខ្លះឈររងចាំ យ៉ាងអន្ទះសារ ហើយអ្នកនយោបាយ អង្គការសង្គមស៊ីវិល សារព័ត៌​មានជាតិ និងអន្តរជាតិ ចាំឃ្លាំមើល និងយកព័ត៌មាន នៅជុំវិញបរិវេណ និងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។

 

ចំណែកខាងអាជ្ញាធរវិញ មានកងកម្លាំងនគរបាល ប៉ូលីសចរាចរណ៍ និងសន្តិសុខខណ្ឌ ត្រូវបានដាក់ពង្រាយ ការពារសន្តិសុខ និងសណ្ដាប់​ធ្នាប់ដែរ ដើម្បីឃ្លាំមើលសកម្មភាពផ្សេងៗ ដែលអាចកើតមានជាយថាហេតុណាមួយក្នុងពេលប្រកាសសាលក្រមលោក កឹម សុខានេះ។

 

ក្រុមមន្ត្រីតំណាងអង្គការសង្គមស៊ីវិល និង តំណាងស្ថានទូត ប្រទេសប្រជាធិបតេយ្យមួយចំនួនរួមមាន ឯកអគ្គរដ្ឋទូត អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ដែលបានចូលស្តាប់ការប្រកាស សាលក្រមដោយផ្ទាល់  បានសម្ដែងការមិនពេញចិត្តចំពោះ សេចក្តីសម្រេចរបស់តុលាការ នេះ។ លោកឯកអគ្គរដ្ឋទូត អាមេរិក ខកចិត្តយ៉ាងខ្លាំងចំពោះការកាត់ទោស លោក កឹម សុខា ដោយ ចាត់ទុកថា នេះ គឺជាការ សមគំនិត ប្រឌិត រឿង នយោបាយសុទ្ធសាធ ដែលជាការជាន់ឈ្លីប្រព័ន្ធយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងក្តីប្រាថ្នារបស់ប្រជាពលរដ្ឋដែលចង់ឃើញសង្គមកម្ពុជាមានការគោរព សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ។

 

«ការដែលដកសិទ្ធិលោកកឹម សុខា ក៏ដូចជាអ្នកនយោបាយផ្សេងៗទៀត ក្នុងការបញ្ចេញសិទ្ធិសេរីភាព មតិ និងការជួបជុំ វាបង្ហាញពីការដើរថយក្រោយនៃការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជាការបង្ហាញនូវការខិតខំប្រឹងប្រែងនូវការគោរពតាមលក្ខខណ្ឌអន្តរជាតិ ក៏ដូចជានូវការដើរថយក្រោយ នៅក្នុងសង្គមដែលត្រូវប្រកាន់យក ពហុបក្ស»

   

 

ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានបង្ហាញសារខកចិត្តចំពោះសាលក្រមនេះ តាមបណ្ដាញសង្គមធ្វីធធឺរ(Twitter)។ ចំណែកស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបង្ហាញការខកចិត្តជា ចំពោះការប្រកាសសាលក្រម កាត់ទោស លោក កឹម សុខា នៅថ្ងៃនេះ តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយ បន្តអំពាវនាវឲ្យមានដំណោះស្រាយដោយយុត្តិធម៌ និងតម្លាភាពក្នុងករណីនេះ។

ស្ថានទូតអូស្ត្រាលីបន្តថា «មន្ត្រីអូស្ត្រាលីបានសង្កេតមើលសវនាការនៅថ្ងៃនេះ រួមជាមួយសហការីមកពីបេសកកម្មការទូតផ្សេងៗទៀត។ អូស្ត្រាលីនឹងបន្តកិច្ចពិភាក្សារបស់យើងជាមួយកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យមានលំហនយោបាយសម្រាប់ការបោះឆ្នោតដែលមានការប្រកួតប្រជែងពិតប្រាកដ ព្រមទាំងគាំទ្រសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។

 

ចំណែកឯ ក្រសួងស្ថាប័នចំណុះឱ្យរដ្ឋាភិបាល​ និងមន្ត្រីគ្រាក់ៗ រួមនឹងអ្នកដែលមាននិន្នាការគាំទ្របក្សកាន់អំណាច រាប់ទាំងតំណាងរាស្ត្រ រដ្ឋមន្ត្រី​ចៅហ្វាយក្រុង និងមន្ត្រីរដ្ឋាភិបាល បានចេញញត្តិគាំទ្រ​សាលក្រមផ្តន្ទាទោស ហាមឃាត់សិទ្ធិធ្វើនយោបាយ លើលោក កឹម សុខានេះ។ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងជាអ្នកគៀងគរអ្នកគាំទ្របក្សប្រជាជននៅក្រៅប្រទេស ដែលបានចេញញត្តិគាំទ្រចាត់ទុក ការជំនុំជម្រះក្តីករណីលើលោក កឹម សុខា គឺតុលាការមានភស្តុតាងច្បាស់លាស់និងរាំងមាំ ហើយការវិនិច្ឆ័យទោសគឺស្របទៅតាមទម្ងន់ទោសដែលមាន។ លោកយល់ថា «ការជម្រះក្តីមួយនេះគឺជាការបញ្ជាក់នូវនីតិរដ្ឋរបស់កម្ពុជាដោយគ្មានជនណាមួយ អាងលើអ្វីមួយ អាចធ្វើសកម្មភាពខុសច្បាប់កម្ពុជា ជាពិសេសការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយកម្លាំង និងរូមភាពខុសច្បាប់ផ្សេងៗ»។

 

លោក ហ៊ុន ម៉ានិត កូនប្រុសម្នាក់របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកំពុងកាន់តំណែងជា អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ បានបញ្ជាក់ក្នុងញត្តិគាំទ្ររបស់ខ្លួនថា ការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និង ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយ ជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។

 

លោក យី សុខ សាន្ត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក ប្រាប់វិទ្យុស្ត្រីនៅមុខតុលាការថា អ្នកនយោបាយមានភាពឈ្លាសវៃណាស់ដែលចេះធ្វើនយោបាយដើម្បីបក្សរបស់ខ្លួន។ ក្នុងសំណុំរឿងលោក កឹម សុខានេះ មិនមែនជាការសម្របសម្រួលផ្សះផ្សារទេ តែជាការពន្យាពេលដើម្បីកុំឱ្យគូប្រកួតអាចចូលរួមក្នុងការបោះឆ្នោតបាន។

 

«ខ្ញុំគិតថា រាជរដ្ឋាភិបាលក៏ដូចជាបក្សនយោបាយគួរតែមានភាពចាស់ទុំ ដើម្បីធ្វើយ៉ាងណាស្ដាប្រជាធិបតេយ្យឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យមានទីផ្សារ លំហូរទីផ្សារ ចូលមកស្រុកខ្មែរ ឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើ ក៏ដូចជាគេហៅថា បច្ចុប្បន្នវិបត្តិនៃកម្មករកំពុងតែអត់ការងារធ្វើ ហើយគ្មានអ្នកបញ្ជាទិញប្រសិនបើ រាជរដ្ឋាភិបាលក៏ដូចជាតុលាការលោកទំលាក់ចោលការចោទប្រកាន់ ហើយផ្សះផ្សាជាតិដើម្បីឱ្យមានប្រជាធិបតេយ្យឡើងវិញ ខ្ញុំគិតថា វាការស្ដាមុខមាត់ កម្ពុជាលែងមានការថ្កោលទោស លែងមានការដាក់ទោសទណ្ឌ»។

 

 

លោក អាង ឧត្តម មេធាវីម្នាក់របស់លោក កឹម សុខា ដែលបានបកស្រាយពីសាលក្រមប្រាប់អ្នកសារព័ត៌មាន អះអាងថា ការកាត់ក្ដីឱ្យលោក កឹម សុខាជាប់ឃុំ២៧ឆ្នាំ និងហាមប្រាមសិទ្ធិនយោបាយនេះ ជារឿងអយុត្តិធម៌ដែលមិនអាចទទួលយកបាន។ យ៉ាងណាលោកមេធាវីដដែល បន្តថា ក្រុមមេធាវី ចង់ប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ តែត្រូវរង់ចាំការសម្រេចពីលោក កឹម សុខា ជាកូនក្តីសិន។

«អត់ត្រឹមត្រូវ អត់យុត្តិធម៌ អត់យោងទៅតាមនីតិវិធី អត់យោងទៅតាមច្បាប់គោលការណ៍អីត្រឹមត្រូវទេ គឺអានសង្ខេបៗ សាលក្រមមានជាង១០០ទំព័រ តែអានសង្ខេបៗទេ។ កិច្ចការសំខាន់បំផុតគឺមិនបញ្ចេញឈ្មោះបរទេស រដ្ឋបរទេសជាដាច់ខាត»។

 

 

តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមដាក់ទោសលោក កឹម សុខា ឱ្យរស់នៅក្នុងផ្ទះរយៈពេល២៧ឆ្នាំ ហើយត្រូវដកសិទ្ធិនយោបាយជាស្ថាពរ ដែលមានន័យថា មិនអាចធ្វើនយោបាយអស់មួយជីវិត។ ក្នុងពេលអនុវត្តទោសដោយឃុំខ្លួននៅផ្ទះ លោកត្រូវបានដាក់ ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវ តុលាការ ដោយហាមទំនាក់ទំនងជាមួយបុគ្គលផ្សេងៗ ទាំងជនជាតិ ខ្មែរ និង ជនបរទេស លើកលែងតែក្រុមគ្រួសាររបស់លោក។ លើសពីនេះ តុលាការព្រមានថា ប្រសិនបើប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បំពានលក្ខខណ្ឌ ទាំងនេះ សមត្ថកិច្ចនឹងចាប់ខ្លួនលោក ទៅឃុំនៅពន្ធនាគារ ភ្លាមៗ។

 

 

ថ្មីៗនេះ គឺមុនតុលាការប្រកាសសាលក្រម នៅថ្ងៃទី០៣ ខែមីនានេះ លោក កឹម សុខា បានជួបជាមួយបណ្តាទូតលោកសេរីមួយចំនួន ដើម្បីពិភាក្សាអំពីដំណើរការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ បើតាម លោក កឹម សុខា ការជួបជាមួយប្រមុខការទូតបរទេសនានោះ គឺដើម្បីតែផលប្រយោជន៍ជាតិខ្មែរ ដោយមិនមែនជាការឃុបឃិតគ្នាដោយសម្ងាត់ ដែលបង្កឱ្យមានអំពើប្រទូសរ៉ាយ ឬសកម្មភាពឈ្លានពានមកលើអធិបតេយ្យភាពរបស់កម្ពុជាឡើយ៕

 

Share

ព័ត៌មានទាក់ទង

Image