ជំងឺលើសសម្ពាធឈាម ជាជំងឺមួយប្រភេទដែលបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់អ្នកជំងឺ ដោយអ្នកជំងឺខ្លះអាចមានផលវិបាកក្រោយការព្យាបាលគឺអាចពិការរាងកាយដែលគេនិយមហៅថា ស្លាប់មួយចំហៀងខ្លួន។ ករណីធ្ងន់ធ្ងរអាចបង្កឱ្យអ្នកជំងឺបាត់បង់ជីវិតតែម្តង។
យោងតាមទំព័រហ្វេសប៊ុកមន្ទីរកាល់ម៉ែត្របានឱ្យដឹងថា ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន ១០នាក់ មានម្នាក់មានជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះទៅហើយ។
តទៅនេះយើងនឹងនាំនាង កញ្ញា លោក លោកស្រី មកស្វែងយល់ពីជំងឺលើសសម្ពាធឈាម ឬគេនិយមហៅថាជំងឺលើសឈាម តែយើងសូមផ្តោតតែលើស្រ្តីមានផ្ទៃពោះតែប៉ុណ្ណោះ។
តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច?
តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត្របានពន្យល់ថា ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ចែកចេញជា ៤ ប្រភេទផ្សេងគ្នា៖
ប្រភេទទី ១ គឺ ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ (Pre-existing or chronic hypertension)៖ មានន័យថា ស្រ្តីជាអ្នកជំងឺបានលើសសម្ពាធឈាមមុន ២០ សប្ដាហ៍នៃការតាំងគភ៌ឬមានផ្ទៃពោះទៅហើយ ពោលគឺមុនពេលមានផ្ទៃពោះ ស្រ្ដីជាម្ដាយមានជំងឺលើសសម្ពាធឈាមនេះរួចទៅហើយ។
ចំណែកប្រភេទទី ២ គឺជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះ (Gestational hypertension)៖ ប្រភេទទី២នេះ គឺអ្នកជំងឺលើសសម្ពាធឈាមក្រោយ ២០សប្ដាហ៍នៃការពពោះ។
រីឯប្រភេទទី ៣ គឺ ជំងឺបម្រុងក្រឡាភ្លើង(Preeclampsia)៖ មានន័យថា អ្នកជំងឺមានលើសសម្ពាធឈាម រួមជាមួយនឹងជាតិប្រូតេអ៊ីននៅក្នុងទឹកនោម (proteinuria) លើសពី ៣០០មីលីក្រាមក្នុង២៤ម៉ោង។ ក្នុងករណីនេះ មន្ទីរពេទ្យកាល់ម៉ែត្របានបន្ថែមថា ការណែនាំថ្មីនៃការធ្វើរោគវិនិច្ឆ័យជំងឺបម្រុងក្រឡាភ្លើង គឺអាចរួមបញ្ចូលទៅនឹងរោគសញ្ញាដូចគ្លីនិកដទៃទៀតដូចជា៖ ស្រវាំងភ្នែក ការប៉ះពាល់ទៅលើមុខងារថ្លើមដែលសម្គាល់បានដោយឈឺនៅឆ្អឹងជំនីក្រោមខាងស្ដាំ ការឡើងខ្ពស់នៃអង់ស៊ីម Transaminase ការប៉ះពាល់ទៅលើតម្រងនោមដោយមានការកើនឡើងនៃ Creatinine និងអាចឃើញមានជំងឺហើមសួត (Pulmonary edema) ផងដែរ។
ចំណែកប្រភេទទី៤ នៃជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ គឺជំងឺបម្រុងក្រឡាភ្លើង បូកនឹងជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ៖ ប្រភេទនេះមានន័យថា អ្នកជំងឺបានលើសសម្ពាធឈាមមុនពេលពពោះ រួមជាមួយរោគសញ្ញា នៃជំងឺបម្រុងក្រឡាភ្លើង ក្រោយ ២០ សប្តាហ៍នៃការពពោះ។
យើងបានដឹងពីប្រភេទខ្លះៗនៃជំងឺលើសសម្ពាធឈាមលើស្រ្តីនេះ ដូចដែលបានរៀបរាប់ខាងលើ។
ឥឡូវយើងទៅស្វែងយល់ថាតើមានកត្តាណាខ្លះដែលជំរុញឲ្យកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះបែបនេះ?
មន្ទីរពេទ្យកាល់ម៉ែត្រពន្យល់ថា កត្តាដែលស្ត្រីមានផ្ទែពោះងាយប្រឈមមុខនឹងជំងឺលើសសម្ពាធឈាមបែបនេះដ៏ដោយសារតែ៖ ស្រ្ដីដែលមានផ្ទៃពោះអាចមានអាយុលើសពី ៤០ឆ្នាំ ឬតិចជាង ១៨ឆ្នាំ។ ស្រ្ដីដែលធាត់ខ្លាំង ស្រ្ដីធ្លាប់មានជំងឺបម្រុងក្រឡាភ្លើងពីមុនមក ស្រ្ដីពពោះកូនភ្លោះ ស្រ្តីមានជំងឺលើសឈាម ស្រ្ដីមានវិបត្តិតម្រងនោម និងស្រ្ដីមានជំងឺពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រឆាំងរាងកាយ (autoimmune disease) ឬក៏ស្រ្ដីមានជំងឺទឹកនោមផ្អែម។
តទៅនេះ យើងលើកយកផលប៉ះពាល់នៃជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះទៅលើម្តាយនិងទារក៖
អ្វីដែលជាក្ដីព្រួយបារម្ភទៅលើស្ត្រីដែលកើតមានជំងឺលើសឈាមកំឡុងពេលមានផ្ទៃពោះនោះ គឺផលវិបាកនានា ពិសេសចំពោះអ្នកដែលស្ថិតក្នុងក្រុមបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើង ដែលបញ្ហានេះអាចប៉ះពាល់ទៅលើអាយុជីវិតទម្ដាយ និងកូន។
– ការប៉ះពាល់ផ្នែកខាងម្ដាយ៖ ស្រ្ដីជាម្ដាយអាចប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាល ឬកើតមានជំងឺហើមសួត (Pulmonary Edema) ព្រោះដោយសារស្រ្ដីនោះមានរោគសញ្ញាហត់ខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
មិនតែប៉ុណ្ណោះ ក្នុងពេលតែមួយស្រ្តីក៏អាចប្រកាច់ បែកគ្រាប់ឈាម ថយចុះនៃចំនួនប្លាកែត ព្រមទាំងមានវិបត្តិថ្លើម និងតម្រង់នោមធ្ងន់ធ្ងរទៀតផង។ ជាងនេះប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវនោះទេ អ្នកជំងឺនឹងអាចឈានទៅរកសេចក្ដីស្លាប់រហូតទៅដល់ ១០ ទៅ ១៥%ផងដែរ។
– ចំណែកផលប៉ះពាល់ដល់កូនកូនវិញ៖ គឺទារកអាចប្រឈមទៅនឹងការកើតមិនគ្រប់ខែ មានការលូតលាស់យឺតយ៉ាវជាងក្មេងធម្មតា ឬមានជំងឺវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ឬមួយមានគ្រោះថា្នក់ដល់ជីវិតតែម្ដង។
ចំពោះការព្យាបាលនៃជំងឺនេះ មន្ទីរពេទ្យកាល់ម៉ែត្រណែនាំថា អ្នកជំងឺអាចព្យាបាលលើជំងឺនេះបាន ប៉ុន្តែ មិនអាចប្រាកដថាមិនមានគ្រោះថ្នាក់ដល់ជីវិត១០០%នោះទេ។ ការនិយាយបែបនេះ ព្រោះដោយសារអ្នកជំងឺអាចមានអត្រា១០% ទៅ ១៥% ជាករណីដែលមិនអាចគ្រប់គ្រងបានអំឡុងពេលព្យាបាល។
ក៏ប៉ុន្តែជាទូទៅ ប្រសិនបើអ្នកជំងឺស្ថិតក្នុងក្រុមដែលលើសសម្ពាធឈាមពេលមានផ្ទៃពោះ ឬភាសាបច្ចេកទេសហៅថា “Gestational Hypertension” គឺជាការលើសសម្ពាធឈាមនឹងត្រឡប់ទៅរកសភាពធម្មតាវិញបន្ទាប់ពីសម្រាលកូនរួចចន្លោះពី ៣ ទៅ ៤ សប្តាហ៍ ឬ ៣ខែក្រោយ ដែលវាអាស្រ័យទៅលើស្ថានភាពសុខភាពមនុស្សម្នាក់ៗ។
ចំណែកឯអ្នកជំងឺដែលស្ថិតក្នុងក្រុមលើសសម្ពាធឈាមរ៉ាំរ៉ៃវិញ ការលើសសម្ពាធឈាមនឹងមិនបាត់ទៅវិញឡើយ ដែលតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមយូរអង្វែង។
ឥឡូវយើងឈានមកដល់វិធីសាស្ត្របង្ការជំងឹនេះវិញ។ មន្ទីរពេទ្យកាល់ម៉ែត្របានបង្ហាញថា ប្រសិនបើស្រ្តីដែលធ្លាប់កើតមានជំងឺនេះម្ដងរួចហើយ ដូច្នេះស្រ្តីត្រូវតែតាមដានសុខភាពជាមួយគ្រូពេទ្យជំនាញឲ្យបានជាប់លាប់ បើសិនជាចង់បានកូនលើកក្រោយទៀត។ ការតាមដានសុខភាពជាមួយគ្រូពេទ្យទៀតទាត់ អាចបញ្ចៀសគ្រោះថ្នាក់ផ្សេងៗក្នុងពេលកើតជំងឺលើសសម្ពាធឈាមអំឡុងពេលស្រ្តីមានផ្ទៃពោះម្ដងទៀត។
ជាចុងបញ្ចប់នៃអត្ថបទនេះ មន្ទីរពេទ្យកាល់ម៉ែត្រសំណូមពរដល់ស្រ្តីផ្ទៃពោះ ប្រសិនបើសង្ស័យថា ខ្លួនមានរោគសញ្ញាដូចជា ឈឺក្បាល ស្រវាំងភ្នែក ឬចុកចុងដង្ហើម សូមប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាការស្លាប់របស់ម្ដាយនិងទារកអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល៕