ប្រធានអង្គការមាតាធម្មជាតិ និងប្រធានក្រុមយុវជនខ្មែរមហានគរ ដែលទើបចុះចូលជាមួយនឹងគណបក្សកាន់អំណាចបាន ចេញវីដេអូប្រតិកម្មនឹងវិទ្យុអាស៊ីសេរី, The Cambodia Daily និងលោក អេឡិច។ ពួកគេចាត់ទុកការផ្សាយពីការចុះចូលរបស់ពួកគេរបស់ស្ថាប័នព័ត៌មានបរទេសទាំងនោះថាជា ការលាបពណ៌លើ និងចង់បំបាក់ស្មារតីដល់យុវជនផ្សេងទៀត។ លោក គីម ចាន់ចាវ រាយការណ៍
លោក ហេង សំណាង ជាប្រធានក្រុមយុវជនខ្មែរមហានគរ និងលោក ម៉េង ហេង ជាអតីតសហស្ថាបនិកចលនាមាតាធម្មជាតិ ជាមួយអេឡិច (ជនជាតិអេស្បាញ) ដែលបច្ចុប្បន្នបានបង្កើតអង្គការមាតាធម្មជាតិនោះ បានចេញវីដេអូប្រតិកម្មទៅនឹងវិទ្យុអាស៊ីសេរី និង The Cambodia Daily រួមទាំងលោក អេឡិច ដែលពួកគេចាត់ទុកការផ្សាយពីការចុះចូលរបស់ពួកគេ ថាជាការចុះផ្សាយវាយប្រហារ និងលាបពណ៌លើក្រុមរបស់ពួកគេ ដើម្បីបំបាក់ស្មារតីយុវជនអង្គការសង្គមស៉ីវិលផ្សេងទៀត ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល។
លោក ហេង សំណាង បានប្រតិកម្មនឹងការផ្សាយទាំងនោះ ដោយបកស្រាយថា ក្រុមរបស់លោក ដែលចូលជាមួយបក្សកាន់អំណាចពេលនេះ គឺជារឿងដ៏ត្រឹមត្រូវ ស្របពេលដែលរដ្ឋាភិបាលបានផ្ដល់ឱកាសសម្រាប់ពួកគេ។
«ជាអកុសលអ្វីដែលពួកយើងធ្វើហ្នឹង គឺជារឿងមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះវាជាឱកាសថ្មី ចរន្តថ្មី ឈាមថ្មី ដើម្បីឱ្យយើងមានឱកាសរួមចំណែក កសាងសមិទ្ធិផលសម្រាប់សង្គមជាតិ ក៏ដូចជាវិស័យបរិស្ថាន វិស័យសិទ្ធិមនុស្សដើម្បីឱ្យរីកចម្រើន ពីព្រោះរាជរដ្ឋាភិបាលលោក គឺគាត់បានផ្ដល់ឱកាសឱ្យច្រើនណាស់ សម្រាប់ពួកយើងគឺយុវជនសង្គមស៊ីវិល»។
ចំណែកលោក ម៉េង ហេង ជាអតីតសហស្ថាបនិកចលនាមាតាធម្មជាតិ ដែលបច្ចុប្បន្នបានបង្កើតអង្គការមាតាធម្មជាតិគាំទ្ររដ្ឋាភិបាលនោះ បានប្រតិកម្មនឹងការផ្សាយព័ត៌មាន និងការរិះគន់របស់លោក អេឡិច ដែលជាអតីតមេដឹកនាំរបស់ខ្លួនថា ការរិះគន់ទាំងនោះ ដែលថាការចុះចូលជាមួយរដ្ឋាភិបាលជាករណីទិញដូរ ឬការញុះញង់ គឺជាការបំបាក់ស្មារតីយុវជន ដែលមានបំណងចង់ចូលរួមជាមួយរដ្ឋាភិបាល។
«វាជារឿងប្រឌិត ឬជារឿងបំបាក់ស្មារតីដល់យុវជនផ្សែងៗទៀត ដែលកំពុងតែមានគោលបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាល….»
លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយនៅកម្ពុជា បានសាទរចំពោះយុវជនដែលចុះចូលទាំងនោះ ប្រសិនបើពួកគេមានទស្សនៈវិជ្ជមានក្នុងការកសាងសង្គម ប៉ុន្តែបើក្រុមយុវជននោះចុះចូលដើម្បីគ្រាន់តែបម្រើឥទ្ធិពលនិន្នាការនយោបាយទេ នឹងមិនអាចជួយសង្គមបានឡើយ តែផ្ទុយទៅវិញគឺបង្កការបែកបាក់សង្គម។ យ៉ាងណា អ្នកជំនាញនយោបាយរូបនេះ ចង់ឃើញយុវជនកម្ពុជាដែលលោកចាត់ទុកជាតួអង្គសំខាន់ក្នុងសង្គម គួរធ្វើការឈរលើគោលការច្បាប់ និងផលប្រយោជន៍ជាតិជារួម ជាជាងផលប្រយោជន៍ផ្ទាល់ខ្លួន។
«កុំឱ្យតែខ្លួនឯងបានផលប្រយោជន៍ពីអ្នកនយោបាយហើយហែកហួរគ្នាក្នុងសង្គមដែលខ្លួនឯងធ្លាប់រស់នៅ ឬបក្ខពួកដែលខ្លួនឯងធ្លាប់រាប់អាន ធ្វើការជាមួយហ្នឹង។ ខ្ញុំឃើញរូបភាពបែបហ្នឹង វាសង្គមខ្មែរកែអត់ឡើងតាំងអតីតកាលមកហ៌ ទស្សវត្ស៦០-៧០ កើតឡើងវាច្រើនទៅហើយ វានៅដុះពន្លកកាន់តែធំចឹងទេ ហើយក្នុងសង្គមប្រជាធិបតេយ្យមិនគួរដុះពន្លកចឹងទេ ខ្ញុំបារម្ភសង្គមយើងហ្នឹងអាច នៅក្នុងសង្គមប្រជាធិបតេយ្យវាមិនគួរវិវត្តន៍ទៅបែបហ្នឹងទៀតទេ»។
ក្រុមយុវជនដែលបានប្ដូរទស្សនៈរបស់ខ្លួន ទៅគាំទ្ររដ្ឋាភិបាលទាំងនោះមានយ៉ាងហោចណាស់៦ក្រុម រួមមាន ក្រុមយុវជន១០០រាត្រី ក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ក្រុមអ្នកស្រាវជ្រាវវ័យក្មេង ក្រុមអ្នកស្រឡាញ់បរិស្ថាននិងសង្គម ក្រុមយុវជនខ្មែរមហានគរ និងក្រុមយុវជនសន្ដិភាពនិងការអភិវឌ្ឍ។ ក្រោយពេលដែលសម្តេចហ៊ុន សែន អាចទាក់ទាញយុវជនឱ្យចូលរួមជីវភាពជាមួយរដ្ឋាភិបាល អ្នកឃ្លាំមើល និងអ្នកនយោបាយមួយចំនួន បានចាត់ទុកថា ជាការទាក់ទាញប្រមូលទិញយុវជនទាំងនោះ នៅមុនរដូវកាលបោះឆ្នោត ដើម្បីបំបាត់សំឡេងរិះគន់រដ្ឋាភិបាល។ ក៏ប៉ុន្តែម្ដងជាពីរដង សម្តេចហ៊ុន ក៏បានប្រតិកម្មតប និងទាមទារឱ្យអ្នករិះគន់ទាំងនោះ គោរពដល់សកម្មភាពប្រជាធិបតេយ្យ ដល់ក្រុមយុវជន