en     km
en     km

បក្សប្រឆាំងនៅក្រៅប្រទេសទស្សន៍ទាយថាលោក កឹម សុខា នឹងមិនត្រូវដោះលែងឱ្យមានសេរីភាពឡើយ

Share

ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមជុំវិញសំណុំរឿងក្បត់ជាតិ និងចង់ផ្តួលរំលំរដ្ឋាភិបាលរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៣ ខែមីនាស្អែកនេះ។ មួយថ្ងៃមុនការប្រកាសសាលក្រមនេះ អ្នកវិភាគ អ្នកនយោបាយ និងអ្នកតាមដានស្ថានការណ៍សង្គម សម្តែងមតិយល់ឃើញផ្សេងៗគ្នាដោយខ្លះថា លោក កឹម សុខា អាចជាប់ទោស និងខ្លះទៀតថា លោកអាចរួចខ្លួន។ ដោយឡែកបក្សប្រឆាំងនៅក្រៅប្រទេសទស្សន៍ទាយថា លោក កឹម សុខា នឹងមិនត្រូវដោះលែងឱ្យមានសេរីភាពឡើយ។

 លោក គីម ចាន់ចាវ រាយការណ៍

 

 

ដៃគូនយោបាយចាស់របស់លោក កឹម សុខា គឺលោក សម រង្ស៊ី ដែលហ៊ុមព័ទ្ធដោយទោសទណ្ឌ ពីការប្ដឹងរបស់បក្សកាន់អំណាចនិងកំពុងភៀសខ្លួននៅក្រៅប្រទេសបានទស្សន៍ទាយថា សវនាការខាងមុខនេះ នឹងមិននាំមកនូវអ្វីថ្មីមួយឡើយ ពីព្រោះការកាត់ទោសលោក កឹម សុខា នេះ ទៅមុខក៏មិនរួច ថយក្រោយក៏មិនរួច។

 

លោក សម រង្ស៊ី ដែលចាត់ទុកថាសម្តេច ហ៊ុន សែន មានឥទ្ធិពលលើប្រព័ន្ធតុលាការបានអះអាងថា សម្តេច ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា យ៉ាងងងើល និងកំពុងតែជាប់គាំងក្នុងករណីលោក កឹម សុខា នេះ។ លោកបញ្ជាក់ក្នុងសម្តីដើមថា៖« ករណីលោក កឹម សុខា នេះ ទន្ទឹមនឹងការបោះឆ្នោតមិនត្រឹមត្រូវ មិនសេរី និងមិនយុត្តិធម៌ ក្នុងខែកក្កដា ខាងមុខនេះ នឹងធ្វើឲ្យរបប ហ៊ុនសែន បាត់បង់ភាពស្របច្បាប់ទាំងស្រុង។ ក្នុងស្ថានការណ៍បែបនេះ លោក ហ៊ុន សែន ក៏មិនអាចផ្ទេរអំណាចឲ្យកូនគាត់បានឡើយ»។

 

 

ស្រដៀងគ្នានេះដែរ លោក ស៊ន តារា អ្នកអត្ថាធិប្បាយលើបណ្ដាសង្គម ដែលគាំទ្របក្សប្រឆាំងនៅក្រៅប្រទេស មិនរំពឹងថា  សាលក្រមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃ០៣ ខែមីនា ស្អែកនេះ អាចឱ្យលោក កឹម សុខា រួចខ្លួនឡើយ។

 

«ហ៊ុន សែន មិនដោះលែងកឹម សុខា នៅថ្ងៃស្អែកនេះទេ ហេតុផលតែមួយគត់គឺ ហ៊ុន សែនមិនត្រូវការមនុស្សខ្លាំង គឺផ្ទុយពីយុទ្ធនាការរបស់គាត់ ដែលកំចាត់អ្នកខ្លាំងដើម្បីពរកូនគាត់ឡើងកៅអី»

 

 

ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេដទាំងស្រុងលើការលើឡើងនេះ។

«និយាយនេះវាអត់ត្រឹមត្រូវ! វាអត់ត្រូវតាមសភាពការពិតទេ ឯកឧត្តមហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត តាមរយៈសន្និបាតគណៈកម្មាធិការកណ្ដាលរបស់សគណបក្សប្រជាជន។ តែដោយឡែកសម្រាប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជននៅចុងខែមករា ២០២៣ទៅនេះ គឺថា បានកំណត់បេក្ខភាពនាយករដ្ឋមន្ត្រីគឺសម្តេចតេជោ ហ៊ុន សែនហើយ ដូច្នេះការយកឈ្មោះឯកឧត្តមហ៊ុន ម៉ាណែតមកនិយាយនៅពេលនេះ គឺមិនស្របទៅតាមការពិតជាក់ស្ដែង និងសភាពការណ៍ឆ្ពោះទៅរកការបោះឆ្នោតនីតិកាលទី៧នៃរដ្ឋសភាទេបាទ»។

 

 

អ្នកគាំទ្របក្សប្រឆាំងដែលប្ដូរផ្ដាច់មិនព្រមចុះចូលជាមួយបក្សកាន់អំណាច តាមការអំពាវនាវរបស់ សម្តេច ហ៊ុន សែន គឺលោក ស៊ន តារា បានលើកឡើងនូវសេណារីយោមួយ ដែលអាចនឹងកើតឡើង គឺ លោក កឹម សុខា អាចត្រូវបានផ្ដល់សេរីភាពឡើងវិញ ដើម្បីអាចធ្វើនយោបាយប្រឆាំងនឹង គណបក្សភ្លើងទៀត ដែលជាគូប្រជែងចម្បងតែមួយគត់ជាមួយបក្សប្រជាជនកកម្ពុជា ដែលកំពុងកាន់អំណាច។

 

«អាសេណារីយោហ្នឹងវាអាចដែរ គឺដោះលែងកឹម សុខា ប្រគល់គណបក្សសង្គ្រោះជាតិ ប៉ុន្តែគណបក្សង្គ្រោះជាតិនោះ គ្មានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានតែកឹម សុខាមួយ​ដើម្បីយកកឹម សុខា ឱ្យប្រឆាំងជាមួយភ្លើងទៀន យកអ្នកប្រជាធិបតេយ្យឱ្យខាំអ្នកប្រជាធិបតេយ្យ»។

 

លោក កឹម សុខា រងការចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិ និងចង់ផ្តួលរំលំរដ្ឋាភិបាល ដែលឃុបឃិតជាមួយបរទេស។ លោកត្រូវបានចាប់ខ្លួនឃុំនៅពន្ធនាគារកាលពីឆ្នាំ២០១៧ និងក្រោយមកត្រូវបានដោះលែង ឱ្យនៅក្នុងផ្ទះជាមួយលក្ខខណ្ឌមួយចំនួន។

 

 

ថ្មីៗនេះ គឺមុនតុលាការប្រកាសសាលក្រម នៅថ្ងៃទី០៣ ខែមីនាខាងមុខនេះ លោក កឹម សុខា បានចាប់ផ្តើមជួបជាមួយបណ្តាទូតលោកសេរីមួយចំនួន ដើម្បីពិភាក្សាអំពីដំណើរការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ បើតាម លោក កឹម សុខា ការជួបជាមួយប្រមុខការទូតបរទេសនាពេលនេះ គឺដើម្បីតែផលប្រយោជន៍ជាតិខ្មែរ ដោយមិនមែនជាការឃុបឃិតគ្នាដោយសម្ងាត់ ដែលបង្កឱ្យមានអំពើប្រទូសរ៉ាយ ឬសកម្មភាពឈ្លានពានមកលើអធិបតេយ្យភាពរបស់កម្ពុជាឡើយ៕

Share

ព័ត៌មានទាក់ទង

Image