en     km
en     km

រដ្ឋសភាវៀតណាមបានបោះឆ្នោតឱ្យលោក Vo Van Thuong ជាប្រធានរដ្ឋថ្មី

Share

 

ហាណូយ៖ យោងតាមរ៉យទ័រ រដ្ឋសភាវៀតណាមនៅថ្ងៃព្រហស្បតិ៍ទី២ ខែមីនា ឆ្នាំ២០២៣ បានបោះឆ្នោតជ្រើសរើសលោក Vo Van Thuong ជាប្រធានាធិបតីថ្មី ដើម្បីផ្លាសប្ដូរមេដឹកនាំកំពូលរបស់ប្រទេស ស្របពេលយុទ្ធនាការប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសនេះ។

នៅក្នុងសម័យប្រជុំវិសាមញ្ញ សមាជិករដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក Thuong អាយុ ៥២ ឆ្នាំ បន្ទាប់ពីបក្សកុម្មុយនិស្តបានតែងតាំងលោកកាលពីថ្ងៃពុធជាប្រធានាធិបតី ដែលជាតួនាទីដ៏សំខាន់ក្នុងចំណោមមុខតំណែងនយោបាយកំពូលទាំងបួននៅក្នុងប្រទេសវៀតណាម។

ការឡើងកាន់ដំណែងរបស់លោក Thuong បន្ទាប់ពីលោក Nguyen Xuan Phuc បានលាលែងពីដំណែង​ភ្លាមៗនៅខែមករា។អតីតប្រធានាធិបតី Nguyen Xuan Phuc ត្រូវបានគណបក្សស្តីបន្ទោសចំពោះ “ការបំពានច្បាប់ និងការធ្វើខុស” របស់មន្ត្រីក្រោមបង្គាប់របស់លោក។

នៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់រដ្ឋសភាក្នុងនាមជាប្រធានាធិបតីថ្មី លោក Thuong បានថ្លែងថា លោកនឹង “តាំងចិត្ត” បន្តការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។លោក Thuong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋវៀតណាមថា “ខ្ញុំនឹងស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ប្រជាជន និងរដ្ឋធម្មនុញ្ញ ដោយខិតខំបំពេញភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនបានប្រគល់ជូន”។

លោក Thuong គឺជាសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនិស្តវៀតណាមក្មេងជាងគេ ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូលរបស់ប្រទេស ប៉ុន្តែត្រូវបានគេចាត់ទុកលោកជាបុគ្គលមានបទពិសោធន៍ការងារគណបក្សច្រើន ដោយលោកបានចាប់ផ្តើមអាជីពនយោបាយតាំងពីនៅសាកលវិទ្យាល័យក្នុងអង្គការយុវជនកុម្មុយនិស្តមកម្លេះ។

លោក Thuong ត្រូវបានគេមើលឃើញថាមានភាពស្និទ្ធស្នាលជាមួយអគ្គលេខាធិកាបក្ស Nguyen Phu Trong ដែលជាឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម និងជាបុគ្គលសំខាន់ក្នុងការប្រឆាំងអំពើពុករលួយ។​បើ​តាមការផ្សាយអនឡាញ​របស់​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថាលោក Thuong ត្រូវ​បាន​ជាប់​ឆ្នោត​ដោយ​សំឡេង​ឆ្នោត ៩៨,៣៨%។

លោក Vo Van Thuong កើតនៅថ្ងៃទី១៣ ធ្នូ ឆ្នាំ១៩៧០ ក្នុងខេត្តហាយឌឿង(Hai Duong)នៅភាគខាងជើងប្រទេសវៀតណាម។លោករៀននៅសកលវិទ្យាល័យក្រុងហូជីមិញ មហាវិទ្យាល័យទស្សនវិជ្ជា។បន្ទាប់ពីទទួលបានបរិញ្ញាបត្រទស្សនវិជ្ជាឯកទេសលទ្ធិមាក្សឡេនីននិយម លោកបានសិក្សាបន្ត និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទស្សនវិជ្ជានៅសកលវិទ្យាល័យមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយនៅទីក្រុងហូជីមិញ។លោកបានចូលជាសមាជិកគណបក្សកុម្មុយនីស្តវៀតណាមនៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ១៩៩៣។

 

ប្រភព៖ Reuters ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image