en     km
en     km

កត្តាប្រឈមនិងមូលហេតុដែលបណ្តាលឲ្យកើតមានមហារីកសុដន់លើស្ត្រី

Share

បច្ចុប្បន្ននៅលើពិភពលោកជំងឺមហារីកសុដន់ជាកង្វល់ទី ១ ក្នុងចំណោមជំងឺមហារីករបស់ស្ត្រីទាំងអស់។ ដោយឡែកនៅប្រទេសកម្ពុជាវិញ ជំងឺមហារីកសុដន់នេះ គឺស្ថិតក្នុងចំណាត់ថ្នាក់ទី ២ នៃជំងឺមហារីករបស់ស្ត្រី។

តាមការបង្ហាញពីជំងឺនេះលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា ជំងឺនេះគេសង្កេតឃើញកើតមានច្រើនលើស្ត្រីវ័យចំណាស់ ប៉ុន្តែស្ត្រីវ័យក្មេងក៏អាចជួបប្រទះផងដែរ។ ជាងនេះអត្រានៃអ្នកជំងឺមហារីកសុដន់មាន ១០% អាចកើតលើស្ត្រីវ័យក្រោម ៣៥ឆ្នាំ, ២០% អាចកើតលើស្ត្រីវ័យក្រោម ៥០ឆ្នាំ, ៥០% អាចកើតលើស្ត្រីវ័យចន្លោះ ៥០-៦៩ឆ្នាំ, និង  ២៨% អាចកើតលើស្ត្រីវ័យចន្លោះ ៦៩ឆ្នាំ ឡើងទៅ។

   

រូបនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត
រូបនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

បើតាមគេហទំព័ររបស់មន្ទីរពេទ្យអន្តរជាតិ ប៊ុនរ៉ុនរ៉ាត់ (Bumrungrad) ប្រទេសថៃ បានបង្ហាញថា មូលហេតុនៃការកើតមានជំងឺមហារីកសុដន់នេះលើស្រ្តីនេះ ដោយសារសុដន់ស្រ្តីស្ថិតនៅជិតក្រពេញទឹករងៃ និងសួត ដូច្នោះហើយ ឱកាសនៃការបង្កគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតមានអត្រាខ្ពស់ណាស់។ ក៏ប៉ុន្តែមិនមែនមានអ្នកជំងឺមហារីកសុដន់សុទ្ធតែត្រូវបាត់បង់ជីវិតទាំងអស់នោះទេ បើតាមមន្ទីរពេទ្យកាល់ម៉ែត្រគឺអត្រារស់រានមានជីវិត ឬមានភាពប្រសើរឡើងក៏មានច្រើនផងដែរ បើសិនអ្នកជំងឺអនុវត្តតាមរយៈកម្មវិធីការយល់ដឹងនានាដែលជំរុញលើកទឹកចិត្តស្ត្រីឲ្យធ្វើការពិនិត្យសុដន់ដោយខ្លួនឯង។

មន្ទីរពេទ្យអន្តរជាតិ ប៊ុនរ៉ុនរ៉ាត់ បញ្ជាក់ថាអត្រានៃការរស់រានមានជីវិតប្រសើរឡើង អាចត្រូវកើតឡើងចំពោះស្ត្រីជាច្រើនពិសេសស្រ្តីដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ  ហើយស្រ្តីអ្នកជំងឺនោះបានទៅពិនិត្យសុដន់ ឬថតអេកូយ៉ាងទៀងទាត់។ ទាក់ទងជំងឺនេះ បើតាមស្ថិតិពីសហរដ្ឋអាមេរិកបានបង្ហាញថា អត្រាមរណភាពដោយជំងឺមហារីកសុដន់បានធ្លាក់ចុះមួយភាគបីក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ពោលគឺធ្លាក់ចុះពី ២៩.៤ នាក់ក្នុងចំណោមស្ត្រី ១០ម៉ឺននាក់ក្នុងឆ្នាំ ១៩៩៦ ដល់ត្រឹម ២០នាក់នៅក្នុងឆ្នាំ  ២០១៦ ។

គេហទំព័រខាងលើបន្តថា បច្ចុប្បន្ននេះអត្រាស្រ្តីមានជំងឺមហារីកសុដន់ដែលអាចរស់រានមានជីវិតមានរហូតដល់ទៅ ៨៩.៩ ភាគរយឯណ្ណោះ បើធៀបនឹងស្ថិតិកាលពីឆ្នាំ ២០០៩ដល់២០១៥ ។

ការវះកាត់មហារីក ឬហៅថា Lumpectomy គឺការកាត់យកសុដន់ផ្នែកខ្លះចេញជំនួសការវះកាត់យកសុដន់ចេញទាំងស្រុង ហើយវិធីនេះនៅតែជាវិធីសាស្រ្តព្យាបាលដ៏ចម្បង។ ប្រសិនបើសុដន់ទាំងមូលត្រូវតែកាត់យកចេញ អ្នកជំងឺក៏មានជម្រើសក្នុងការបង្កើតសុដន់សិប្បនិមិត្តឬបង្កើតជាលិកាឡើងវិញបានផងដែរ។ ចំណែកការព្យាបាលជំងឺមហារីកសុដន់ដោយប្រើកាំរស្មីវិទ្យុសកម្មនិងការព្យាបាលដោយប្រើគីមីវិញ ក៏មានតួនាទីសំខាន់ផងដែរ ក្នុងការព្យាបាលជំងឺមហារីកសុដន់ ព្រោះដោយសារតែភាពជឿនលឿនផ្នែកវេជ្ជសាស្រ្តបានកាត់បន្ថយយ៉ាងខ្លាំងនូវផលប៉ះពាល់ផ្សេងៗ។

ហេតុផលមួយទៀតនៃការកើនឡើងនៃអត្រាការរស់រានមានជីវិតរបស់អ្នកជំងឺមហារីកសុដន់ គឺការរកឃើញថា កោសិកាមហារីកសុដន់មានប្រតិកម្មទៅនឹងអរម៉ូននិងប្រូតេអ៊ីនជាក់លាក់។ ក្នុងនោះថ្នាំដែលរារាំងការលូតលាស់កោសិកាមហារីកសុដន់ នេះត្រូវបានបង្កើតឡើង។ ប៉ុន្តែលក្ខណៈជាក់លាក់ និងការប្រតិកម្មនៃកោសិកាមហារីកខុសគ្នាពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់ទៀត និងពឹងផ្អែកលើកត្តាជាច្រើនផ្សេងៗទៀត។ ដូច្នេះហើយ ទើបចាំបាច់ក្នុងការតាមដានពិនិត្យជាប់លាប់ដើម្បីកំណត់ថា តើត្រូវប្រើថ្នាំប្រភេទណាមួយ។ នេះផ្អែកតាមគេហទំព័ររបស់មន្ទីរពេទ្យអន្តរជាតិ ប៊ុនរ៉ុនរ៉ាត់ ប្រទេសថៃ។

ជាឱវាទរបស់មន្ទីរពេទ្យប៊ុនរ៉ុនរ៉ាត់ គឺស្ត្រីនៅតែត្រូវធ្វើការពិនិត្យសុដន់ដោយខ្លួនឯងជាប្រចាំ។  ពេលវេលាល្អបំផុតក្នុងការពិនិត្យនោះគឺ ៧ ថ្ងៃបន្ទាប់ពីការមករដូវ។ ប្រសិនបើរកឃើញដុំពកមិនធម្មតានៅក្នុងសុដន់ ប្រឡោះជាលិកា ឬស្បែកសុដន់ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

 

រូបនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

ស្រ្តីមិនចាំបាច់រង់ចាំតតែដល់អ្នកមានអាយុ ៤០ ឆ្នាំនោះទេ គឺស្ត្រីត្រូវតែត្រួតពិនិត្យដោយខ្លួនឯងជាប្រចាំនៅគ្រប់អាយុ។ ប៉ុន្តែស្រ្តីដល់ដល់អាយុ៤០ ឆ្នាំ គឺមានឱកាសខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់នេះណាស់។ ដូច្នេះហើយ ទើបគ្រូពេទ្យណែនាំឲ្យពិនិត្យសុដន់ទាំងដែលមានឬគ្មានប្រវត្តិគ្រួសារកើតជំងឺមហារីកនេះ។

ងាកមកចាប់អារម្មណ៍លើការពន្យល់បន្ថែមពីជំងឺមហារីកសុដន់នេះពីមន្ទីរពេទ្យកាល់ម៉ែត្រវិញ មន្ទីរពេទ្យកាល់ម៉ែត្រឱ្យដឹងថា  ជំងឺមហារីកសុដន់នេះ កើតឡើងពីការវិវត្តន៍នៃកោសិកាក្រពេញដោះ ហើយកត្តាដែលអាចបង្កឲ្យមានជំងឺនេះរួមមាន៖

– កត្តាអ័រម៉ូនស្ត្រី: គឺស្ត្រីខ្លះឆាប់ពេញវ័យពេក ពោលគឺពេញវ័យមុនអាយុ១២ឆ្នាំ ហើយស្ត្រីខ្លះទៀតអស់រដូវយូរពេក ពោលគឺក្រោយអាយុ ៥៥ឆ្នាំ។ មន្ទីរពេទ្យកាល់ម៉ែត្រក៏រកឃើញថា ស្ត្រីដែលមានបុត្រទី១ ក្រោយអាយុ ៣០ឆ្នាំក៏ប្រឈមខ្លាំងកើតជំងឺនេះ។ ចំណែកស្ត្រីដែលប្រើថ្នាំពន្យារការមានរដូវ ស្ត្រីដែលមិនសូវទទួលទានបន្លែ  អ្នកមិនបានហាត់កីឡា អ្នកធាត់ខ្លាំង អ្នកចូលចិត្តទទួលទានស្រារហូតដល់ ៥០០ml ក្នុងមួយថ្ងៃ និងចូលចិត្តជក់បារី គឺប្រឈមការកើតឡើងនៃជំងឺមហារីកសុដន់នេះផងដែរ។ មួយទៀតដែរ ជំងឺនេះអាចកើតមានដោយសារបញ្ហាតំណពូជ ហើយអ្នកមានប្រវត្តិក្រុមគ្រួសារមានជំងឺមហារីកសុដន់ ឬមហារីកដៃស្បូន អាចមានអត្រាកើតជំងឺមហារីកសុដន់នេះមានពី ២០%-៣០%។

        រូបនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

ន្ទីរពេទ្យកាល់ម៉ែត្របង្ហាញពីរោគសញ្ញានៃជំងឺមហារីកសុដន់ ដោយជំងឺនេះបង្កឱ្យអ្នកជំងឺមានដុំមួយ ឬច្រើននៅក្នុងសុដន់ ដែលមានទំហំតូចៗឬធំគែមជុំវិញ ហើយដុំនោះមិនច្បាស់លាស់ រឆេងរឆូញមិនអាចរំកិលបាន ជាប់ស្អិតជាមួយសាច់ដុំតែម្តង។ រោគសញ្ញាមួយទៀត គឺស្បែកសុដន់រាងដូចសំបកក្រូច ក្បាលដោះផតចូលក្នុង ទ្រង់ទ្រាយសុដន់ប្រែប្រួលទំហំខុសធម្មតាខ្លាំង ចេញទឹកដោះលាយឈាម មានកូនកណ្តុរនៅក្រោមឃ្លៀក និងរោគសញ្ញាផ្សេងៗមួយចំនួនទៀត។

ជួនកាលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលយឺត ក៏នាំឲ្យដុំនោះអាចលូតលាស់រាលដាលទៅកន្លែងផ្សេង និងបណ្តាលឲ្យមានអការៈក្អួតចង្អោរ ស្រកទម្ងន់ ស្បែកឡើងពណ៌លឿង ឈឺសន្លាក់ឆ្អឹង ឈឺក្បាល និងក្អក។

មន្ទីរពេទ្យកាល់ម៉ែត្រនៅកម្ពុជានិងមន្ទីរពេទ្យអន្តរជាតិ ប៊ុនរ៉ុនរ៉ាត់ នៅប្រទេសថៃ បានផ្តល់អនុសាសន៍ដល់សាធារណជន ត្រូវថែរក្សាសុខភាពជាប្រចាំ ដែលការធ្វើបែបនេះជាមធ្យោបាយដ៏ល្អប្រសើរដើម្បីកាត់បន្ថយកត្តាផ្សេងៗដែលបង្កឲ្យកើតមានជំងឺមហារីក។

ការថែទាំសុខភាពដើម្បីបញ្ជៀសបញ្ហានេះ មានដូចជាការធ្វើលំហាត់ប្រាណទៀងទាត់ រក្សាទម្ងន់រាងកាយឲ្យបានសមស្រប ពោលគឺធ្វើឱ្យរាងកាយសកម្ម ឬជៀសវាងការពិសារគ្រឿងស្រវឹង។ ប៉ុន្តែប្រសិនបើមានករណីសង្ស័យ ឬមានអាការៈដូចបានរៀបរាប់ខាងលើ សូមប្រញាប់ជួបពិគ្រោះវេជ្ជបណ្ឌិតជំនាញរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលបានត្រឹមត្រូវ។

សុខភាពផ្លូវកាយជារឿងមួយសំខាន់ តែសុខភាពផ្លូវចិត្តក៏ជារឿងត្រូវយកចិត្តទុកដាក់ផងដែរ។ បើតាមមន្ទីរខាងលើ អាកប្បកិរិយារបស់អ្នកជំងឺនិងការគាំទ្រខាងផ្លូវចិត្តពីអ្នកដែលនៅក្បែរខ្លួននិងអ្នកជាទីស្រឡាញ់ គឺដើរតួយ៉ាងសំខាន់ក្នុងការកម្ចាត់ជំងឺមហារីកនេះ។ រក្សាភាពវិជ្ជមាននិងស្មារតីរឹងមាំ គឺជាគន្លឹះក្នុងការរស់នៅជាមួយមនុស្សជាទីស្រឡាញ់របស់អ្នកបានយូរអង្វែរ៕

Share

ព័ត៌មានទាក់ទង

Image