en     km
en     km

តើស្រ្តីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានដែរឬទេ?

Share

ដូចដែលប្រជាពលរដ្ឋបានជ្រាបហើយថា ជំងឺទឹកនោមផ្អែម មានបីប្រភេទ គឺប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣ (កើតលើស្រ្តីមានផ្ទៃពោះ) ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងខ្ញុំសូមធ្វើការបកស្រាយអំពីអ្នកជំងឺទឹកនោមផ្អែម ជាពិសេសស្រ្តីដែលកើតជំងឺទឹកនោមផ្អែម ហើយប្រាថ្នាចង់បានបុត្រ តើស្រ្តីអាចមានបុត្របានដែលឬទេ? ហើយស្រ្តីគួររៀបចំខ្លួនបែបណាខ្លះ?

រូបនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

ជាការពិតណាស់ បើស្រ្តីមានជំងឺទឹកនោមផ្អែកតែមិនទាន់មានផ្ទៃពោះ ហើយប្រាថ្នាចង់បានបុត្រ នោះគឺនៅតែអាចមានបុត្របាន ប៉ុន្តែស្រ្តីត្រូវតែរៀបចំខ្លួនឱ្យបានត្រឹមត្រូវដើម្បីជៀសវាងផលវិបាកនានា។

តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត្រពន្យល់ថា ប្រសិនបើណាជាស្រ្តីមិនបានរៀបចំខ្លួនឱ្យបានត្រឹមត្រូវទេ នោះអាចប្រឈមមុខនូវផលវិបាកទៅលើម្តាយ និងទៅលើកូនផងដែរ(ទាំងសងខាង)៖

ផលវិបាកនោះរួមមាន៖
-ម្តាយអាចប្រឈមមុខជាមួយ ជំងឺលើសឈាម និងជំងឺក្រឡាភ្លើង
-ចំណែកទារកវិញ អាចប្រឈមជាមួយបញ្ហាឡើងគីឡូខ្លាំង ដែលជាហេតុធ្វើឲ្យពិបាកសម្រាល ហើយទារកអាចមានបញ្ហាផ្លូវដង្ហើម និងអាចរលូត រឺក៏ទារកអាចស្លាប់ក្នុងផ្ទៃក៏មាន។

ដូចនេះហើយ តទៅនេះយើងលើកយកអត្ថបទនេះមកបកស្រាយដើម្បីពន្យល់ប្រជាពលរដ្ឋ ជាពិសេសស្រ្

តី និងក្រុមគ្រួសារដើម្បីរៀបចំខ្លួនជៀសវាង នូវផលវិបាកដូចបានរៀបរាប់ខាងលើ។

រូបនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

ចំពោះស្រ្តីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ រឺក៏ប្រភេទទី២ នៅពេលដែលប្រាថ្នាចង់បានបុត្រគួរគប្បីរៀបចំខ្លួនដូចខាងក្រោម៖
– ស្ត្រីត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យ តាមដានជាតិស្ករឱ្យមានលំនឹងមុននឹងប្រាថ្នាយកបុត្រ គឺA1C< ៧%
– ស្រ្តីក៏គួរត្រូវប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម ដើម្បីដឹងថា តើពេលណាគប្បីយកបុត្រ។
ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ គឺមិនមានការរៀបចំអ្វីច្រើនទេ ពីព្រោះអ្នកជំងឺប្រភេទទី១នេះ គឺបានទទួល ការព្យាបាល ដោយការចាក់ អាំងស៊ុយលីន រួចមកហើយ។

ដោយឡែកអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែលប្រើថ្នាំគ្រាប់លេបព្យាបាល ហើយប្រាថ្នាយកបុត្រ គឺត្រូវប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ព្រោះបើពុំដូច្នោះទេ ជាយថាហេតុអាចប៉ះពាល់ទៅលើទារកក្នុងករណីចាំបាច់ត្រូវធ្វើការផ្លាស់មកប្រើថ្នាំចាក់ គឺអាំងស៊ុយលីនវិញ។

រូបនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

ថ្នាំចាក់ អាំងស៊ុយលីន នេះមិនមានផ្តល់ជាផលគ្រោះថ្នាក់អ្វីទាំងអស់ទៅលើទារកនោះទេ ហើយត្រូវបានអ្នកវិទ្យាសាស្រ្តធំៗនានានៅពិភពលោក ចាត់ទុកថាជាថ្នាំជម្រើសដំបូង សម្រាប់ស្រ្តីដែលមានជំងឺទឹកនោមផ្អែម ហើយចង់បានបុត្រ។

មន្ទីរពេទ្យកាល់ម៉ែត្របានផ្តល់ឱវាទដល់អ្នកជំងឺទឹកនោមផ្អែមជាស្រ្តីដែលប្រាថ្នាចង់បានបុត្រថា គួរគប្បីទៅពិនិត្យភ្នែក ដើម្បីរុករកមើល ផលប៉ះពាល់ទៅលើភ្នែក មុននឹងសម្រេចចិត្តយកបុត្រ។ ការផ្តល់ដំបូន្មានបែបនេះ ត្បិតគេសង្កេតឃើញថា អ្នកជំងឺទឹកនោមផ្អែមនៅពេលដែលមានបុត្រ គឺពេលនោះអាចមានផលប៉ះពាល់ទៅលើបាតភ្នែក។ ហេតុដូចនេះមុននឹងសម្រេចចិត្តយកបុត្រ គួរគប្បីទៅពិនិត្យភ្នែក ដើម្បីសុវត្ថិភាព។

មួយទៀតដែរ អ្នកជំងឺទឹកនោមផ្អែមគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ ឬក៏អ្នកឯកទេសខាងជំនាញម្ហូបអាហារ ដើម្បីស្វែងយល់អំពីរបបអាហារទទួលទាន ព្រោះថាស្រ្តីដែលមានផ្ទៃពោះ គឺលំនឹងនៃរបបអាហារជាកត្តាសំខាន់បំផុត។ សំខាន់ បើសិនជាស្រ្តីតមអាហារខ្លាំងពេក នោះអាចមានផលប៉ះពាល់ដល់កង្វះអាហារូបត្ថម្ភទៅលើទារកនៅក្នុងផ្ទៃ។តែ បើសិនជាអ្នកជំងឺទទួលទានច្រើនពេកនោះជាតិស្ករនឹងឡើង កត្តានេះក៏បង្កផលប៉ះពាល់ដល់ទារក និងខ្លួនស្រ្តីដូចគ្នា។

ការរៀបរាប់ខាងលើគឺបានពន្យល់និងផ្តល់ឱវាទដល់ស្រ្តីមានជំងឺទឹកនោមផ្អែមមុនត្រៀមខ្លួនយកបុត្រ។ ឥឡូវយើងបានស្តាប់ការមកស្រាយទាក់ទងករណីអ្នកជំងឺទឹកនោមផ្អែមអំឡុងពេលមានគភ៌តែម្តង តើវិធីសាស្រ្តសម្រាលបែបណាល្អសម្រាប់ពួកគាត់?

រូបនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

 

ស្រ្តីដែលមានជំងឺទឹកនោមផ្អែមហើយកំពុងមានគភ៌ ត្រូវបានចាត់ទុកស្ថិតក្នុងហានិភ័យប្រឈមមុខគ្រោះថ្នាក់ខ្ពស់ ក្នុងការសម្រាល។ ដូចច្នេះអ្នកជំងឺ និងក្រុមគ្រួសារ គួរគប្បីយល់ដឹងថា អ្នកជំងឺ គួរតាមដាននឹងពិនិត្យ ឯកទេសទឹកនោមផ្អែម និងឯកទេសខាងសម្ភព។

នៅចុងបញ្ចប់នៃអត្ថបទដែលមានចំណងជើង«តើស្រ្តីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានដែរឬទេ?» របស់មន្ទីរពេទ្យកាល់ម៉ែត្របានណែនាំបន្តថា ស្រ្តីត្រូវថែរក្សាកម្រិតជាតិស្ករឱ្យបានល្អ និងតឹងរឹងបំផុត ដើម្បីជៀសវាងនៅផលលំបាកនានាដូចបានរៀបរាប់ខាងលើ។ ការថែរក្សាកម្រិតជាតិស្ករឱ្យបានល្អ គឺមុនពេលបាយជាតិស្ករក្រោម ១០០ml/dl និងក្រោយពេលបាយពីរម៉ោងតិចជាង ១២០ml/dl ។ ប្រសិនណាបើស្រ្តីអាចរក្សាជាតិស្ករក្នុងកម្រិតដូចបានជម្រាបជូនខាងដើម នោះវិធីសាស្រ្តក្នុងការសម្រាលតាមការវះកាត់ក្តី ឬ តាមធម្មជាតិក្តី លែងជាបញ្ហាសម្រាប់ស្រ្តីដែលប្រាថ្នាចង់បានបុត្រទាំងខ្លួនមានជំងឺទឹកនោមផ្អែមទៀតហើយ៕

Share

ព័ត៌មានទាក់ទង

Image