en     km
en     km

យុវជនស្នើសុំរាជរដ្ឋាភិបាលនិងអង្គការពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមលើការលុបបំបាត់បារីអេឡិចត្រូនិក

Share

ភ្នំពេញ៖ ក្រុមយុវជនមកពីសាកលវិទ្យាល័យមួយចំនួនបង់ឱ្យអ្នកពាក់ព័ន្ធបន្តកិច្ចអន្តរាគមន៍ឱ្យមានប្រសិទ្ធភាព សំដៅទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រនិច និង ផលិតផល អេចឈិ៍ ធី ភី ដែលផលិតផលទាំងនេះបានបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ពិសេសយុវវ័យ។ ការស្នើនេះកើតឡើង ក្នុងកម្មវិធីប្រកួតវោហារស័ព្ទមួយដែលពិភាក្សាលើប្រធានបទស្តីពី ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និង ផលិតផល អេចឈិ៍ ធី ភី នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹមនៅថ្ងៃនេះ។

(កញ្ញា គុជ ស៊ីកុល ជូនសេចក្តីរាយការណ៍)

នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការចលនាសុខភាពកម្ពុជា (CMH) រៀបចំកម្មវិធីវគ្គផ្តាច់ព្រ័តនៃការប្រកួតវោហារស័ព្ទមួយដែលពិភាក្សាលើប្រធានបទស្តីពី ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និង ផលិតផល អេចឈិ៍ ធី ភី។ កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការសិក្សា ក៏ដូចជាបញ្រ្ជាបការយល់ដឹងបន្ថែមដល់យុវជនទាក់ទងនឹងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក។

ក្នុងកម្មវិធីនេះ អ្នករៀបចំបានបែងចែកបេក្ខាជនមកពីសាកលវិទ្យាល័យផ្សេងៗគ្នាជាបួនក្រុម ឡើងប្រកួតប្រជែងនិយាយជាសាធារណៈលើប្រធានបទ ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និង ផលិតផល អេចឈិ៍ ធី ភី ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះ ។ ក្រុមនីមួយៗបានលើកបង្ហាញពីការស្រាវជ្រាវរបស់ពួកគេពីប៉ះពាល់ផ្នែកសុខភាព និងប្រាជ្ញាស្មារតី នៅពេលយុវជន កុមារ បានប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី។ មិនត្រឹមតែប៉ះពាល់ដល់អ្នកប្រើប្រាស់ផ្ទាល់នោះទេ ការប្រើប្រាស់បារីអេឡិចត្រូនិកនេះ ក៏បង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះអនាគតខ្លួនឯង គ្រួសារ និងសង្គមជាំតិផងដែរ។ នេះបើតាមការដេញដោលរបស់ក្រុមយុវជនក្នុងកម្មវិធីខាងលើ។
កម្មវិធីនេះបានរកឃើញម្ចាស់ជ័យលាភីលេខមួយគឺក្រុមយុវជនមកពីសាកលវិទ្យាល័យស្វាយរៀង។

កញ្ញា ផូ ម៉ារី តំណាងក្រុមនិស្សិតមកពីសាកលវិទ្យាល័យស្វាយរៀងដែលមានពិការភាពផ្នែកជើងទាំងសងខាងនិយាយថា ការចូលរួមកម្មវិធីប្រកួតប្រជែងនេះមានសារៈសំខាន់ខ្លាំងណាស់ ដែលជាផ្នែកមួយនៃការជួយផ្សព្វផ្សាយពីផលអវិជ្ជមាននៃការសេពបារីអេឡិចត្រនិចចំពោះស្រទាប់យុវវ័យ ពិសេសសិស្សានុសិស្សក្នុងវ័យសិក្សា។ បេក្ខជនទទួលជ័យលាភីលេខមួយរូបនេះ មើលឃើញពីបញ្ហាប្រឈមមួយចំនួនដែលមិនធ្វើឱ្យកម្ពុជាពុំទាន់អាចលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិកបានទាំងស្រុងក្នុង គឺការគ្រប់គ្រងការលក់ និងផ្សព្វផ្សាយនៅមានកម្រិត។ ជាងនេះ យន្តការនៃការទប់ស្កាត់ការហូរចូលនូវផលិតផលខុសច្បាប់ទាំងនោះ ក៏ដូចជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅមានកម្រិតនៅឡើយ។ តាមរយៈកម្មវិធីនេះ កញ្ញាស្នើដល់អ្នកពាក់ព័ន្ធពង្រឹងយន្តការច្បាប់ឱ្យមានប្រសិទ្ធភាព ពិសេសបន្តអនុវត្តការងារចុះបង្ក្រាបការប្រើប្រាស់និងចែកចាយ និងបិទមិនឱ្យមានបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ចូលក្នុងប្រទេស។

កញ្ញា ផូ ម៉ារី ៖ «ក្រុមខ្ញុំចង់សំណូមពទៅកាន់គ្រឹះស្ថានសិក្សាទូទាំងប្រទេសឱ្យពួកគាត់ចាប់ដៃគូសហការជាមួយអជ្ញាធរមានសម្ថកិច្ច ហើយសូមឱ្យលោកគ្រូ អ្នកគ្រូគាត់តាមដានរាល់សកម្មភាពសិស្ស ដើម្បីឱ្យពួកគាត់(លោកគ្រូ អ្នកគញរូ)ចូលរួមសង្កេតមើលសកម្មភាពសិស្ស។ប្រសិនបើឃើញមានករណីណាមួយមានការចរាចរ មានការប្រប្រាស់នៅក្នុងគ្រឹះស្ថានសិក្សារបស់ពួកគាត់ហ្នឹងសូមឱ្យពួកគាត់ផ្តល់ដំណឹងទៅអជ្ញាធរ និងសំណូមពរទៅកាន់រាជរដ្ឋាពិបាលគឺបង្កើតមជ្ឈមណ្ឌលនេះឡើង(មជ្ឈមណ្ឌលផ្តាច់បារី) ដើម្បីឱ្យពួកគាត់ចូលរួមផ្តាច់បារីនៅកន្លែងហ្នឹង។ ចំណុចទី២ចង់សូមសំណូមពរទៅកាន់ក្រសួងអប់រំ យុវជន និង កីឡា សូមសំណូមពរឱ្យគាត់ដាក់បញ្ចូលមេរៀនអំពីផលប៉ះពាល់បារីអេឡិចត្រូនិច និងផលិតផល អេចឈ៍ ធី ភី អីហ្នឹងចាប់ពីបឋមសិក្សាឡើងទៅ»។

កញ្ញា ផូ ម៉ារី និស្សិតសាកលវិទ្យាល័យស្វាយរៀង

 

ឆ្លើយតបនឹងបញ្ហានេះ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថាក្រសួងអប់រំ យុវជន និងកីឡាបានអនុវត្តនូវគោលការណ៍មួយចំនួនរួចមកហើយ។

លោកស្រី សឿ សុជាតា៖ «ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលប្រធានបទដែលពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់នៃការប្រើប្រាស់បារីផ្សេងៗ និងបារីអេឡិចត្រូនិច តាំងអស់នេះនៅក្នុងកម្មវិធីសិក្សា និងសុខភាពសិក្សារួចទៅហើយ ហើយជាបន្តបន្ទាប់នៅក្នុងគោលនយោបាយស្តីពីសុខភាពសិក្សានេះមិនមែនគោលនយោបាយធម្មតាទេ គឺនយោបាយជាតិស្តីអំពីសុខភាពសិក្សានេះក៏យើងបានធ្វើការអប់រំផ្សព្វផ្សាយ បានចុះទៅភ្ជាប់ជាមួយនឹងការងារដែលមានការគាំទ្ររបស់អង្គការសុខភាពពិភពលោក អង្គការចលនាដើម្បីសុខភាពកម្ពុជា យើងចុះទៅធ្វើសិក្ខាសាលា ប៉ុន្តែសិក្ខាសាលារបស់យយើងនៅមានកម្រិតនៅឡើយ ដោយសារតែយើងពាក់ព័ន្ធទៅនឹងពេលវេលា ពាក់ព័ន្ធទៅនឹងថវិកា»។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបទីតាំងចែកចាយបារីអេឡិចត្រូនិកមួយកន្លែងស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដកហូតបានម៉ាស៊ីនបារីអេឡិចត្រូនិកចំនួន ៩០កេស និងទឹកបារីអេឡិចត្រូនិកចំនួន ១៣៨ កេស។
ក្រសួងសុខាភិបាល និងក្រសួងអប់រំ កាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅ បានចេញសេចក្តីណែនាំព្រមគ្នា ដោយអំពាវនាវដល់យុវជន និងពលរដ្ឋ ឱ្យបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-cigarette) ជាបន្ទាន់។ នេះក៏មិនមែនជាលើកទី ១ ដែរ ដោយក្រសួងសុខភិបាលធ្លាប់បានប្រកាសហាមឃាត់ការប្រើប្រាស់ និងការធ្វើអាជីវកម្ម ចែកចាយឧបករណ៍នេះកាលពីឆ្នាំ២០១៤ និងបានចេញសេចក្តីប្រកាសណែនាំបន្ថែមកាលពីឆ្នាំ២០២១ ជុំវិញគ្រោះថ្នាក់នៃឧបករណ៍ប្រភេទអេឡិចត្រូនិកនេះ។

ដោយឡែកការសិក្សាប្រមូលទិន្នន័យដោយ CDC នៃសហរដ្ឋអាមេរិកបង្ហាញថា ចាប់ពីខែ សីហា ឆ្នាំ ២០១៩ ដល់ខែ កុម្ភៈ ឆ្នាំ ២០២០ បានបង្ហាញថាមានប្រជាជនអាមេរិកចំនួន២៨០៧នាក់ ឈឺ និង៦៨នាក់ បានស្លាប់ដោយសារតែជំងឺសួត ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក៕

 

Share

ព័ត៌មានទាក់ទង

Image