en     km
en     km

រថភ្លើងបុកគ្នានៅប្រទេសក្រិកសម្លាប់មនុស្សយ៉ាងតិច៣៦នាក់ និងរបួស៨៥នាក់

Share

 

តាមការចុះផ្សាយរបស់APនៅថ្ងៃពុធទី០១ខែមីនា ឆ្នាំ២០២៣ថាមានមនុស្សយ៉ាងតិច៣៦នាក់បានស្លាប់ និងរបួសយ៉ាងហោចណាស់៨៥នាក់ដោយសាររថភ្លើងបុកគ្នានៅភាគខាងជើងប្រទេសក្រិក។សេចក្ដីរាយការណ៍បានឱ្យដឹងថារថភ្លើងដឹកអ្នកដំណើរ រួមទាំងនិស្សិតសកលវិទ្យាល័យជាច្រើននាក់ត្រឡប់ពីថ្ងៃឈប់សម្រាក បានបុកគ្នាយ៉ាងពេញទំហឹងជាមួយរថភ្លើងដឹកទំនិញបណ្ដាលឱ្យទូរថភ្លើងក្រឡាប់ និងឆេះសន្ធោសន្ធៅ។

ទូរថភ្លើងជាច្រើនបានក្រឡាប់ និងយ៉ាងហោចណាស់មាន៣ទូបានឆេះបន្ទាប់ពីរថភ្លើងបានបុកគ្នានៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារទី២៨ ខែ កុម្ភៈនៅជិតទីប្រជុំជន Tempe ខណៈដែលរថភ្លើងដឹកអ្នកដំណើរកំពុងឆ្លងកាត់ក្រោមផ្លូវហាយវេមួយ។

ក្រុមអ្នកជួយសង្គ្រោះបានធ្វើការយ៉ាងមម៉ាញឹកនៅកន្លែងកើតហេតុ នៅព្រលឹមថ្ងៃពុធទី១ ខែមីនា។ ពួកគេបានស្វែងរកជនរងគ្រោះដែលនៅរស់រានមានជីវិតយ៉ាងអន្ទះអន្ទែងនៅក្នុងកម្ទេចកម្ទីនៃទូរថភ្លើង។នៅពេល​ថ្ងៃរះពួកគេបានយកគ្រឿងចក្រធុនធ្ងន់ដើម្បីគាសកាយបំណែកធំៗនៃរថភ្លើង។

ក្រុមមន្ត្រីបាននិយាយថា មានអ្នកដំណើរជាច្រើននៅលើរថភ្លើងចេញពីក្រុង Athens ទៅ Thessaloniki ភាគច្រើនជានិស្សិតសាកលវិទ្យាល័យដែលត្រឡប់មកពីផ្ទះ បន្ទាប់ពីប្រារព្ធពិធីបុណ្យ Carnival នៅចុង

សប្តាហ៍។អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Mina Gaga បាននិយាយថា “នេះគឺជាសោកនាដកម្មដ៏អាក្រក់ដែលពិបាកនឹងយល់” ។ “ខ្ញុំអាណិតឪពុកម្តាយរបស់កុមារទាំងនេះណាស់” ។អ្នកនៅរស់រានមានជីវិតបាននិយាយថា អ្នកដំណើរជាច្រើននាក់បោកទង្គិចជាបង្អួចទូរថភ្លើង។អ្នកខ្លះទៀតព្យាយាមរំដោះខ្លួនចេញពីទូរថភ្លើងដែលក្រឡាប់នៅក្បែរជ្រលងភ្នំមួយចម្ងាយប្រហែល 380 គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងអាថែន។

លោក Vassilis Polyzos ជាមនុស្សដំបូងដែលនៅកន្លែងកើតហេតុបាននិយាយថា “មានដុំដែកធំៗជាច្រើន”។ “រថភ្លើងត្រូវបានបំផ្លាញទាំងស្រុង ទាំងរថភ្លើងដឹកអ្នកដំណើរ និងដឹកទំនិញ”។លោក​បាន​បន្ថែម​ថាមានមនុស្សបាន​រត់​ចេញ​ពី​ទូ​រថភ្លើង​ពេល​លោក​មក​ដល់។

 

លោក Costas Agorastos អភិបាលតំបន់ Thessaly បានប្រាប់ទូរទស្សន៍ Skai របស់ប្រទេសក្រិចថា រថភ្លើងទាំងពីរបានបុកគ្នាក្នុងល្បឿនលឿន។ក្រុមអ្នកជួយសង្គ្រោះដែលមានពាក់ចង្កៀងគោមលើក្បាល បានធ្វើការក្នុងផ្សែងហុយខ្លាំង ដោយទាញបំណែកដែកទូរថភ្លើងបែកបាក់ដើម្បីស្វែងរកជនរងគ្រោះ។ អ្នក​សង្គ្រោះផ្សេង​ទៀត​ប្រើ​ភ្លើង​ពិល​ពិនិត្យ​មើល​បំណែកបាក់បែក។ គេជឿថាមានមនុស្សស្លាប់ច្រើននាក់នៅក្នុងទូរថភ្លើងជាភោជនីយដ្ឋាននៅក្នុងរថភ្លើងដឹកអ្នកដំណើរ។មន្ត្រីមន្ទីរពេទ្យនៅទីក្រុង Larissa ក្បែរនោះបាននិយាយថា យ៉ាងហោចណាស់មនុស្ស 25 នាក់បានរងរបួសធ្ងន់ធ្ងរ។

លោក Vassilis Varthakoyiannis អ្នកនាំពាក្យការិយាល័យពន្លត់អគ្គីភ័យរបស់ប្រទេសក្រិកបាននិយាយថា “ដំណើរការជម្លៀសអ្នកដំណើរកំពុងបន្ត ហើយកំពុងសង្គ្រោះក្នុងលក្ខខណ្ឌដ៏លំបាកបំផុត ដោយសារតែភាពធ្ងន់ធ្ងរនៃការប៉ះទង្គិចគ្នារវាងរថភ្លើងទាំងពីរ” ។មូលហេតុនៃការបុកគ្នានេះគេមិនទាន់ដឹងច្បាស់នៅឡើយទេ។ មន្ត្រី​ផ្លូវដែក​ពីរ​នាក់​ត្រូវ​បាន​ប៉ូលិសហៅទៅ​សាកសួរ ប៉ុន្តែ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ទេ។ អ្នកដំណើរដែលរងរបួសស្រាល ឬមិនមានរបួសត្រូវបានដឹកតាមឡានក្រុងទៅកាន់ទីក្រុង Thessaloniki ដែលមានចម្ងាយ 130 គីឡូម៉ែត្រភាគខាងជើង។ ប៉ូលិសកំពុងស្រង់​ឈ្មោះអ្នកដំណើរដើម្បីផ្ទៀងផ្ទាត់​រកអ្នក​បាត់​ខ្លួន។យុវជនម្នាក់ដែលនៅរស់រានមានជីវិត ដែលមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានថា នៅមុនពេលកើតហេតុ គាត់មានអារម្មណ៍ថា រថភ្លើងចាប់ហ្វ្រាំងខ្លាំង ហើយឃើញមានផ្កាភ្លើង បន្ទាប់មករថភ្លើងឈប់មួយរំពេច។លោក​បាន​និយាយ​ថា​៖ «​ទូរថភ្លើង​របស់​យើង​មិន​បាន​ក្រឡាប់​ទេ ប៉ុន្តែទូរថភ្លើង​នៅ​ខាង​មុខ​បានក្រឡាប់​ខ្ទេចខ្ទី​»។លោក​បន្ត​ថាទូ​ទី​១​បាន​ឆាបឆេះ ហើយ​អ្នកដំណើរ​បាន​ប្រើ​សាក់កាដូរបស់គាត់​វាយ​បំបែក​កញ្ចក់បង្អួចទូរថភ្លើងហើយគេចចេញមកក្រៅ ។ ប្រតិបត្តិករផ្លូវដែក Hellenic Train បាននិយាយថា រថភ្លើងដឹកអ្នកដំណើរនៅភាគខាងជើងទៅកាន់ទីក្រុង Thessaloniki ដែលជាទីក្រុងធំទីពីររបស់ប្រទេសក្រិក មានអ្នកដំណើរប្រហែល 350 នាក់។

ប្រភព៖ AP ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image