en     km
en     km

លោក Zelensky និយាយថាស្ថានភាពនៅទីក្រុង Bakhmut កាន់តែអាក្រក់ទៅៗ

Share

 

ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelensky បាននិយាយថាស្ថានភាពសមរភូមិជួរមុខនៅទីក្រុង Bakhmut ព្រំដែនភាគខាងកើត កាន់តែមានសភាពលំបាកខ្លាំង។កងកម្លាំងរុស្ស៊ីបានព្យាយាមដណ្តើម​យកទីក្រុងនេះអស់រយៈពេលជាងប្រាំមួយខែមកហើយ។លោក Zelensky បាននិយាយថា “ខ្មាំងកំពុងបំផ្លាញអ្វីៗគ្រប់យ៉ាងដើម្បីដណ្ដើមទីតាំងឈរជើងរបស់យើង” ។

មេដឹកនាំអ៊ុយក្រែនបានបានលើកឡើងនៅពេលដែលរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen ធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Kyiv កាលពីថ្ងៃចន្ទទី២៧ កុម្ភៈឆ្នាំ២០២៣។ក្នុងអំឡុងពេលដំណើរនោះលោកស្រីYellen បានព្រមានប្រទេសចិនពីការផ្គត់ផ្គង់អាវុធឱ្យប្រទេសរុស្ស៊ីផងដែរ។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅទីក្រុង Bakhmut ក្នុងតំបន់ Donetsk របស់អ៊ុយក្រែន ដែលជាផ្នែកមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី និងសម្ព័ន្ធមិត្តផ្តាច់ខ្លួន។ការប្រយុទ្ធនេះបានចាប់ផ្ដើមតាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុន។នាពេលថ្មីៗនេះកងកម្លាំងរុស្ស៊ីបានខិតខំប្រឹងប្រែងដណ្តើមយកទីក្រុងBakhmut ដែលជាក្រុងឧស្សាហកម្មមួយនេះកាន់តែខ្លាំងឡើង ដោយកងទ័ពរុស្ស៊ីបានវាយជំរុលទៅមុខកាន់តែជ្រៅ។

 

មេដឹកនាំផ្តាច់ខ្លួននៃសាធារណរដ្ឋប្រជាមានិត Donetsk គឺលោក Denis Pushilin បាននិយាយថា “ប្រតិបត្តិការសិកមាននៅគ្រប់ផ្លូវទាំងអស់” ច្រកចូលទៅក្នុងទីក្រុងគឺ “ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី” ។មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយថា ស្ថានភាពនៅជុំវិញទីក្រុង Bakhmut មានភាពតានតឹងខ្លាំង។លោកឧត្តមសេនីយ៍ Syrskyi បានបន្ថែមថា “ទោះបីជាមានការវាយបកយ៉ាងដំណំយ៉ាងណាក៏ដោយ ក៍សត្រូវបានបញ្ជូនទាហ៊ានស៊ីឈ្នួល Wagner និងព្យាយាមវាយទម្លុះខ្សែការពាររបស់កងទ័ពរបស់យើង ហើយកំពុងឡោមព័ទ្ធទីក្រុង” ។

ក្នុងសុន្ទរកថាពេលយប់របស់លោកប្រធានាធិបតី Zelensky បាននិយាយអំពីស្ថានការណ៍សិកនៅទីក្រុង Bakhmut ថាការគ្រប់គ្រងទីតាំងឈរជើងនៅទីនោះមានសភាពលំបាកខ្លាំង ដោយសារការវាយលុកជាថ្មីរបស់រុស្ស៊ី។លោកបានសម្ដែងការ “ដឹងគុណចំពោះវីរភាពរបស់មនុស្សគ្រប់រូបដែលនៅការពារតំបន់នោះ។

ប្រធានាធិបតី Zelensky ក៏បានអំពាវនាវជាថ្មីម្តងទៀត ស្នើឱ្យលោកខាងលិចបញ្ជូនយន្តហោះចម្បាំងទំនើប ដើម្បីអាចការពារ”ទឹកដីទាំងមូល”ពីអំពើ”ភេរវកម្មរុស្ស៊ី”។

នៅក្នុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកស្រីJanet Yellen ទៅកាន់ទីក្រុង Kyiv កាលពីថ្ងៃចន្ទ លោកស្រីបានប្រកាសពីការផ្ដល់ជំនួយចំនួន $1.25bn(១ពាន់២៥០លានដុល្លាអាមេរិក)ដែលជាជំនួយសេដ្ឋកិច្ច និងថវិកាទៅកាន់អ៊ុយក្រែន។លោកស្រី Yellen បានរំលឹកសារជាថ្មីនូវសាររបស់ប្រធានា​ធិបតីអាមេរិក Joe Biden ដែលធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចផ្ទាល់ខ្លួនទៅកាន់ទីក្រុង Kyiv កាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោននឹងឈរជាមួយអ៊ុយក្រែនដើម្បីឈ្នះសង្រ្គាម។ថ្លែងទៅកាន់ទូរទស្សន៍ CNN លោកស្រី Yellen បានបន្ថែមថា ខណៈពេលដែលសេដ្ឋកិច្ចរបស់រុស្ស៊ីមិនទាន់បានធ្លាក់ចុះដោយ​សារ​ការដាក់ទណ្ឌកម្មពីមហាអំណាចលោកខាងលិចក៍ដោយ ក៍លោកស្រីរំពឹងថាវានឹងកាន់តែចុះខ្សោយទៅតាមពេលវេលា។លោកស្រីបានថ្លែងថា “យើងបានបញ្ជាក់ច្បាស់ណាស់ថាយើងនឹងមិនអត់ឱនចំពោះការរំលោភបំពានជាប្រព័ន្ធដោយប្រទេសណាមួយនៃទណ្ឌកម្មដែលយើងបានដាក់ក្នុងគោលបំណងបង្អាក់ប្រទេសរុស្ស៊ីមិនឱ្យទទួលបានឧបករណ៍យោធាដើម្បីធ្វើសង្គ្រាមនេះ” ។«ហើយ​យើង​បានបញ្ជាក់​ច្បាស់ហើយ​ជាមួយ​រដ្ឋាភិបាល​ចិន ​ក្រុមហ៊ុនចិន និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ចិន​ថា ផលវិបាក​នៃ​ការ​រំលោភ​លើ​ទណ្ឌកម្ម​ទាំង​នោះ​មានកម្រឹត​ធ្ងន់ធ្ងរ​ណាស់»។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ប្រទេសចិនកំពុងពិចារណាផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី។ទីក្រុង​ប៉េកាំង​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​អះអាង​នេះ។ជំនួបរវាងអ្នកការទូតកំពូលចិន លោក Wang Yi និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន គឺជាការបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងចិនជាមួយរុស្ស៊ី៕

ប្រភព៖ BBC ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣

Share

Image
Image
Image